ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​1​មេ​ធំ! ​ផ្ទះ​ប្រជាពលរដ្ឋលិច​ស្ទើរ​គ្រប់​ផ្ទះ​ជម្រៅ​កន្លះ​ម៉ែត្រ​ទៅ​1​ម៉ែត្រ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​១​មេ​ធំ​មាន​រយៈពេល​ជាង​១​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ភូមិ​៣ ក្នុង​សង្កាត់​ព្រះ​ពន្លា ត្រង់​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ។…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​១​មេ​ធំ​មាន​រយៈពេល​ជាង​១​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ភូមិ​៣ ក្នុង​សង្កាត់​ព្រះ​ពន្លា ត្រង់​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ។ បាន​ជន់​លិច​នេះ​ត្រូវ​បាន​អះអាង​ថា ដោយសារ​តែ​មានការ​ស្ទះលូ ដែល​កន្លែង​ខ្លះ​ជន់​លិច​កន្លះ​ម៉ែត្រ ខ្លះ​ទៀត​លិច​១​ម៉ែត្រ ។ ចំណែក​ទ្រព្យសម្បត្តិ​យក​មិន​ទាន់ ត្រូវ​ខូ​ត​ខាត​អស់ទាំង​ស្រុង ។

ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ឲ្យ​លិច​នៅ​ចំណុច​សំខាន់​ៗ​នៅ​ជុំវិញ​ទីរួមខេត្ត​គ្រប់​ច្រកល្ហក ពិសេស​ចំណុច​ម្តុំ​ផ្សារ​សិរី​សោភ័ណ ចំណុច​បេន​រថយន្ត​ចាស់ ចំណុច​បេន​រថយន្ត​ថ្មី ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ។ ពលរដ្ឋ​ម្នាក់​លក់​អីវ៉ាន់​ជិត​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​បាន​ប្រាប់​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ចំណុច​ម្តុំ​បេន​រថយន្ត​ចាស់ និង​ផ្សារ​សិរី​សោភ័ណ ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ឲ្យ​តែ​មាន​ភ្លៀង​ខ្លាំង​គឺ​លិច​មាន​ជម្រៅ​ជិត​១​ម៉ែត្រ ដោយសារ​តែ​ទឹក​ហូរ​មិន​ទាន់ និង​ស្ទះលូ ។

ដោយសារ​តែ​ស៊ូទ្រាំ​រស់នៅ​ផ្ទះទឹក​លិច​មិន​បាន​តទៅ​ទៀត គាត់​ក៏​បាន​ចាក់​ដី​ចង់​១​ម៉ែត្រ​ដើម្បី​កុំ​ឲ្យ​ទឹកភ្លៀង​លិច​បន្ត ស្រាប់តែ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ មាន​ភ្លៀង​ខ្លាំង​ធ្លាក់​មក​មួយ​មេ ស្រាប់តែ​ផ្ទះ​របស់​គាត់​នៅ​តែ​លិច​ទៀត គាត់​ហួសចិត្ត​អីវ៉ាន់​ក៏​ត្រូវ​ខូចខាត​មួយ​ចំនួន ព្រោះ​គាត់​ប្រមូល​យក​មិន​ទាន់ ។

ទាក់ទិន​នឹង​ករណី​ទឹក​លិច​ចូល​ផ្ទះ​នេះ មាន​មតិ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​បាន​រិះគន់ មូលហេតុ​មក​ពី​ប្រជាពលរដ្ឋ​ខ្លះ​ដណ្តើម​គ្នា​ចាក់​ដី​សាងសង់​ផ្ទះ អាច​បណ្តាល​ឲ្យ​បិទ​ប្រព័ន្ធ​លូ​ទឹក និង​កន្លែង​ខ្លះ​គឺ​គ្មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹកតែ​ម្តង និង​កន្លែង​ខ្លះ​ទៀត​លូ​តូច​ទឹក​ហូរ​មិន​ទាន់ ។

ប្រពល​រដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​មុន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​ពួតដៃគ្នា​ដាក់​លូ​១​ខ្សែ ពី​ចំណុច​ផ្លូវ​ប្រប​បែន​រថយន្ត​ថ្មី​ចាក់​ទៅ​មាត់​ស្ទឹង មុខកាត់​១​ម៉ែត្រ​២​តឹក ក្រោយ​គេ​ចាប់​ធ្វើ​សួន​គេ​ដាក់​លូ​មុខកាត់​តូច​ទៅ​វិញ បណ្តាល​ឲ្យ​ទឹកភ្លៀង​ហូរ​មិន​ទាន់ ហើយ​ថ្ងៃនេះ​ភ្លៀង​ខ្លាំង​ជាង​១​ម៉ោង​ទៀត ធ្វើ​ឲ្យ​ទឹក​លិចលង់​តែ​ម្តង ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ បើ​តាម​ការ​អះអាង​របស់​ជំនាញ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ទឹកជំនន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នេះ ដោយសារ​តែ​ស្ទះលូ​ហូរ​មិន​ទាន់ បច្ចុប្បន្ន​នេះ​កំពុង​រក​វិធី​ដោះស្រាយ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​លំបាក ដោយសារ​ជំនន់​ទឹកភ្លៀង​បែប​នេះ​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ