ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​បញ្ជាក់​ថា បើ​ហ៊ាន​ដំឡើង​តម្លៃ​ខ្ពស់​ហួសហេតុ​ខុស​ពី​តារាង​តម្លៃនឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លុប​បំបាត់​ចោល​នូវ​បាតុភាព​មិន​ប្រក្រតី​នៃ​ការ​តម្លៃ​ថ្លៃ​តម្លៃ​ម្ហូបអាហារ តម្លៃ​ស្នាក់​ហួសហេតុ​នា​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦-១៨ កញ្ញា​ដ៏​ខ្លី​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​ធ្វើការ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លុប​បំបាត់​ចោល​នូវ​បាតុភាព​មិន​ប្រក្រតី​នៃ​ការ​តម្លៃ​ថ្លៃ​តម្លៃ​ម្ហូបអាហារ តម្លៃ​ស្នាក់​ហួសហេតុ​នា​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦-១៨ កញ្ញា​ដ៏​ខ្លី​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​ធ្វើការ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ ។

យោង​តាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​ចុះ​ថ្ងៃ​ទី ២ កញ្ញា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ថោ​ង ខុន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​រាល់​តម្លៃ​ស្នាក់​នៅ ម្ហូបអាហារ និង​​សេវា​ផ្សេង​ៗ ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​តារាង​ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឲ្យ​បានដឹង​មុន ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ ។ ករណី​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​» ។

បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ណែនាំ​មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​-​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើការ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា «​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលរួម​ថែរក្សាបរិស្ថាន​-​អនាម័យ ដោយ​លុប​បំបាត់​ការ​បោះ​សំរាម និង​កាក​សំណល់​ផ្តេសផ្តាស់ ជា​ពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ក្រោម​តុ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បំរើ​ការ​ត្រូវ​មាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​» ។

កម្ពុជា​នឹង​ឈប់​សម្រាក​រយៈពេល ៣ ថ្ងៃ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦ រហូត​ដល់​ថ្ងៃ​ទី ១៨ ខែកញ្ញា ដូច្នេះ​ក្រសួង​រំពឹង​ថា​អ្នកទេសចរ​ក្នុងស្រុក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​កម្សាន្ត​នានា​ច្រើន​កុះករ​និង​ជួយ​ស្តារ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ដំណើរការ​បាន​ល្អ​ឡើង​វិញ ក្រោយ​ពី​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ជំងឺឆ្លង​កូ​វី​ដ ១៩ ដែល​បាន​ធ្វើ​ឲ្យ​ទេសចរ​បរទេស​មក​កំសាន្ត​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ ។

ជាក់ស្តែង​លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ថា​ក្នុង​ឱកាស​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេសច​ប្រមាណ​១.៤​លាន​នាក់ បាន​ដើរ​កម្សាន្ដ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​បាន​ចាយ​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ការ​ចាយ​ថវិកា​របស់​ភ្ញៀវ​ទេសចរ​នេះ គឺជា​ការ​ជំរុញ​ចរន្ដ​សេដ្ឋកិច្ច​ផ្ទៃក្នុង​មួយ​ដ៏​ល្អ គ្រា​ដែល​ទេសចរណ៍​បរទេស​ត្រូវ​បាន​ធ្លាក់​ចុះ​ស្ទើរ​ទាំងស្រុង​។

​លោក ទិ​ត ច​ន្ថា បាន​ថ្លែង​នា​ពេល​នោះ​ថា «​ក្នុង​ឱកាស​ឈប់​សម្រាក​កន្លង​ទៅ​នេះ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន​រុញ​ទៅ​គ្រប់​ទិស​ទី​ទាំងអស់ មាន​រហូត​ទៅ​ដល់​ប្រមាណ​១.៥​លាន​នាក់ ក្នុង​នោះ​មាន​១០​ភាគរយ ជា​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញ​សេដ្ឋកិច្ច​ផ្ទៃក្នុង​ដែល​យើង​ប៉ាន់​ប្រមាណ ជំហាន​ដំបូង​ថា ប្រមាណ​១០០​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ថ្ងៃ​កន្លង​មកនេះ​»​។

លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិកា​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ចាត់​មន្ត្រី​និង​ក្រុមការងារ​ចុះ​តាម​គោលដៅ ទូ​ទាំង​ប្រទេស ដើម្បី​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ត្រូវ​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​តាម​បទ​ពិសោធន៍​នៅ​ថ្ងៃ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ​ខ្មែរ​កាលពី​ចុងខែ​មុន​នេះ ឃើញ​ថា​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជា​ច្រើន​បាន​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​គោលដៅ​នានា ហើយ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ យើង​ក៏​សង្ឃឹម​ដូច​គ្នា​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន​ដូច​កាលពី​ថ្ងៃ​ឈប់​សម្រាក​លើក​មុន » ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ