ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹប​អូស​ត្រាក់ទ័រ​២​គ្រឿង ​និង​ឃាត់​មនុស្ស​​​​ ​ដែល​បើក​ភ្ជួរ​ដី​លើ​តំបន់​ហាម​​ឃាត់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មន្ត្រី​បរិស្ថានដែល​ការពារ «ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស» នៅ​ស្រុក​សំឡូត នឹង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​០៥ កញ្ញា នេះ បន្ទាប់​ពី​ក្រុម​មន្ត្រី​បាន​ឃាត់ខ្លួន​ពួក​គេ…

ខេត្តបាត់ដំបង ​៖ មន្ត្រី​បរិស្ថានដែល​ការពារ «ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស» នៅ​ស្រុក​សំឡូត នឹង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​០៥ កញ្ញា នេះ បន្ទាប់​ពី​ក្រុម​មន្ត្រី​បាន​ឃាត់ខ្លួន​ពួក​គេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​ភ្ជួរ​លើ​ដី​តំបន់ហាមឃាត់​ ។ ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ វិ​ន សុ​ភី​ន អាយុ​២២​ឆ្នាំ និង ម្នាក់​ទៀត​ឈ្មោះ វិ​ន សុភា អាយុ​២៣​ឆ្នាំ ជា​បងប្អូន និងជា​អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​លើ​ដី​នៅ​ក្នុង​តំបន់«​ការពារ​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស» នៅ​ចំណុច <> ស្ថិត​ក្នុងភូមិ​កំពង់​ល្ពៅ ( ដំឡូង​មានការ​ភ័​ណ្ឌ​ច្រឡំ ភូមិ​វាល​រលឹម ) ឃុំ កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​តំបន់​នោះ​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក កត បូរាណ បាន​ប្រាប់​កោះសន្តិភាព​ថា ជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​មន្ត្រី​របស់​លោក​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៤ កញ្ញា នៅ​ពេល​ពួក​គេ​បាន​និង​កំពុង​ប្រើប្រាស់ត្រាក់ទ័រ​ចំនួន​២​គ្រឿង ​ភ្ជួរ​បំពាន​លើ​ដី​សាធារណ​:​របស់​រដ្ឋ​ជាក់​ស្ដែង ដែល​ជា​តំបន់ហាមឃាត់ ។ សកម្មភាព​ជន​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​មនុស្ស​ជាង​១០០​នាក់ លើកគ្នា​ទៅ​បោះបង្គោល​ព្រំ​លើ​ដី​នោះ ដើម្បី​បែងចែក​គ្នា​យ៉ា​អនា​ធិ​ប​តេ​យ្យ​ផង​ដែរ ដែល​ចលនា​នេះ​បាន​ប្រឹ​ត្តទៅ​ជាង​១​ខែ​កន្លង​ទៅ​នេះ​។ មិនតែប៉ុណ្ណោះ លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​នោះ ក្រុម​អ្នក​រំលោភ​បំពាន​ដី​រដ្ឋ​ទាំងនោះ​ថែម​ទាំង​បាន លើកគ្នា​ចូល​ទៅ​គំរាមកំហែង​មន្ត្រី​បរិស្ថាន ដែល​កំពុង​ស្នាក់​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​ដេក​យាម​ការពារ​ដី​រដ្ឋ និង បាន​កាត់​ផ្ដាច់​ដំបូលតង់ ហើយ​ថែម​ទាំង​បណ្ដេញ​ក្រុម​មន្ត្រី​បរិស្ថាន​ឲ្យ​រើ​តង់​ចេញ​ទីនោះ​ទៀត​ផង​។

អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​លើ​ដី​តំបន់ហាមឃាត់​ទាំង​២​នាក់​នោះ ត្រូវ​បញ្ជូន​ទៅ​សាកសួរ​បណ្ដោះអាសន្ន នៅ​ក្នុង​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​កុស ស្រុក​សំឡូត ជាមួយនឹង​ត្រាក់ទ័រ​២​គ្រឿង​ក៏​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ទីនោះ​ផង​ដែរ​។ នៅ​ចំពោះ​មុខមន្ត្រី​បរិស្ថាន ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​ថា ខ្លួន​គ្រាន់តែ​ជា​អ្នក​ស៊ី​ឈ្នូ​ល​ភ្ជួរ​ដី​ឱ្យ​គេ​តែ​ប៉ុណ្ណោះ តែ​ពួក​ខ្លួន​មិន​បានដឹង​ថា ដី​នោះ​ជា​តំបន់ហាមឃាត់​ទេ ព្រោះ​មិនមែន​ជា​ដី​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ មាន​មនុស្ស​ជា​ច្រើន ដែល​ភាគ​ច្រើន​ត្រូវ​គេ​ប៉ាន់​ស្មានថា មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​មូល​ដ្ឋាន បាន​នាំ​គ្នា​ទៅ​លួច​បោះ​បង្គោលព្រំ​ដី​ហែក​ចែក​គ្នា​យ៉ាង​អនាធិ​ប​តេ​យ្យ នៅ​ត្រង់​ចំណុច <> ក្នុងភូមិ​-ឃុំ​កំពង់​ល្ពៅ ខាងលើ​នេះ​។ សកម្មភាព​អាណា​ធិ​ប​តេ​យ្យ​ទាំងនេះ ត្រូវ​បាន លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អះអាង​និង​ចាត់​ទុក​ថា អាច​មាន​មេខ្លោង​នៅ​ពីក្រោយ​ខ្នង ហើយ​មេខ្លោង​នោះ លោក​អាច​កំណត់​មុខសញ្ញា​បាន​ខ្លះ​ៗ​ហើយ ដែល​ពេល​នេះ​លោក​កំពុង​ធ្វើ​របាយ​ការ​ណ៏​ជូន​ទៅ​ក្រសួង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ​។

ប្រភព​នានានៅ​ក្នុងស្រុក​សំឡូត ក៏​បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ដែរ​ថា អ្នក​កាប់​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ចំណុច​<> នោះ​ ភាគច្រើន​ជា​មន្ត្រីរាជការ មន្ត្រី​យោធាមន្ត្រី​នគរបាល​។​​ រីឯ​ប្រជាពលរដ្ឋ​មាន​តិចតួច​ណាស់​។ ប៉ុន្តែ​ បើ​មាន​ពលរដ្ឋ​ក៏​គេ​បែង​ចែកឱ្យចាប់​យក​កន្ទុយ​ដី​លោក​ធំ​ៗ នៅ​ប៉ែក​ខាងក្រោយ​ៗ​ដែរ លុះ​ពេល​មាន​បញ្ហា ពួក​មន្ត្រី​លោភលន់​ទាំងនោះ លើកយក​ឈ្មោះ​ពលរដ្ឋ​ក្រី​ក្រី​មក​ធ្វើ​ជា​ខែល ដើម្បី​ម្នាក់​ៗ​ប្រឹង​ដោះ​យករួច
ខ្លួន​។ ដូច្នេះ​ ពលរដ្ឋ​ក្រីក្រ​រង់​ចាំតែ​ទ​ទួល​កំហុស​ពី​មន្ត្រី​ខិលខូច​តែ​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​អ្នក​បើក​ត្រាក់ទ័រ​២​នាក់​ខាងលើ​នេះ បើ​តាម លោក កត បូរាណ ប្រធាន​បរិស្ថាន​ខេត្ត បាន​បញ្ជាក់​ប្រាប់​ថា ពេល​នេះ​យើង​កំពុង​រៀប​ចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​។ ដោយឡែក ចំពោះ​រឿង​ដីធ្លី​ដែល​ជនខិលខូច​លើកគ្នា​ទៅ​បោះបង្គោល​ព្រំ​រំលោភ​យក​ធ្វើ​ដី​កម្ម​សិទ្ធិនៅ​​តំបន់ហាមឃាត់​ខាងលើ​នេះ គឺ​ខាង​ក្រសួង​បាន​បញ្ជា​ដាច់ខាត​ឱ្យធ្វើ​ការ​រឹបអូស​យក​វិញ​ទាំងអស់ ហើយ​ថែម​ទាំង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​មេខ្លោង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ