ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្មាត​របស់​កម្ពុជា​នៅ​តែ​កំពុង​ប្រឈម​ទៅ​នឹង​ការ​ផុត​ពូជ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ថៃ្ង​នេះ​យើង​ប្រារព្ធ​ទិវា​យល់​ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ ដោយ​ភ្ជាប់​ជាមួយ​នូវ​សារ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា សត្វ​ត្មាត​ត្រូវការ​ជំនួយ​ពី​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​ចង់​ឃើញ​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ។…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ថៃ្ង​នេះ​យើង​ប្រារព្ធ​ទិវា​យល់​ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ ដោយ​ភ្ជាប់​ជាមួយ​នូវ​សារ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា សត្វ​ត្មាត​ត្រូវការ​ជំនួយ​ពី​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​ចង់​ឃើញ​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ។

សត្វ​ត្មាត គឺជា​អ្នកត្រួតពិនិត្យ​ខ្យល់អាកាស ! យោង​តាម​ទិន្នន័យ​ទទួល​បាន​ពី​ផ្កាយ​រណប​នា​ពេល​ថ្មី​ៗ​នេះ ទាក់ទង​ទៅ​នឹង​បំ​លាស់​ទី​របស់​សត្វ​ត្មាត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង បាន​បង្ហាញ​ឱ្យ​ដឹង​ថា សត្វ​ត្មាត​អាច​ហោះហើរ​នៅ​លើ​អាកាស​បាន​កម្ពស់ ៦​គីឡូម៉ែត្រ និង​អាច​ហើរ​បាន​ក្នុង​ល្បឿន​រហូត​ដល់ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​វា​អាច​ហើរ​ទៅ​មក​ពី​អាហារ​ដ្ឋា​ន​ផ្តល់​ចំណី​សត្វ​ត្មាត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​យ៉ាង​ងាយស្រួល ។ ទោះ​យ៉ាងណា ក៏​មានរឿង​ជា​ច្រើន​ទៀត​ដែល​គួរ​ស្វែង​យល់​អំពី​សត្វ​ត្មាត ។

សត្វ​ត្មាត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​បរិស្ថាន ព្រោះ​វា​បាន​ស៊ី​សាកសព​សត្វ ជួយ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ពី​សត្វ​ងាប់​។ ពួក​វា​ជា ភ្នាក់ងារ​សម្អាត​បរិស្ថាន​។ ប៉ុន្តែ វា​គឺជា​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​វា​មាន​គ្រោះថ្នាក់​ទៅ​វិញ​។ ការ​ប្រើប្រាស់​ថ្នាំពុល​ដែល​មាន​សារធាតុ carbofuran អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សត្វ​ត្មាត​។ សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់​ទាំងនេះ​គួរតែ​ត្រូវ​បាន​ហាមឃាត់ ព្រោះ​វា​ក៏​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ផង​ដែរ​។

ជា​លទ្ធផល សត្វ​ត្មាត​ក្នុងស្រុក​ទាំង​បី​ប្រភេទ ដែល​រស់នៅ​តាម​ព្រៃ​ល្បោះ​នៃ​ប្រទេស​កម្ពុជា កំពុង​ទទួល​ការ​គំរាមកំហែង​ឈាន​ដល់​ការ​ផុត​ពូជ​។ ប្រទេស​កម្ពុជា​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ប្រភេទ​សត្វ​ត្មាត​ទាំងនេះ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មកនេះ​។ នៅ​មាន​ចំនួន​សត្វ​ត្មាត​មិន​ច្រើន​ទេ ដែល​កំពង់​មាន​វត្ត​មាននៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ខេត្ត​ស្ទែ​ង​ត្រែង និង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ ។

លោក​ម៉ា​យ​ឃើ​ល ម៉ី​យ័រ​ហូ​ហ្វ (Michael Meyerhoff) នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ (ACCB) បាន​មាន​ប្រសាសន៍​ថា «​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​នៅ​មាន​វត្តមាន​សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស ប៉ុន្តែ គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អភិរក្ស តាម​រយៈ​ការ​ជួយ​ការពារ​ទីជម្រក​របស់​សត្វ​ត្មាត និង​ជា​ពិសេស​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​បំពុល​សត្វព្រៃ​។ បើ​មិន​ដូច្នេះ​ទេ សត្វ​ត្មាត​របស់​កម្ពុជា​នឹង​វិនាស​ផុត​ពូជ​ដូច​នៅ​ក្នុង​ប្រទេស​ថៃ​និង​វៀតណាម​ជា​មិន​ខាន»​។

ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បាន​បង្កើត​ឡើង​ដោយ​រួម​មាន អង្គការ​មិនមែន​រដ្ឋាភិបាល រដ្ឋាភិបាល និង​វិទ្យាស្ថាន​អប់រំ​ជាន់ខ្ពស់ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ផុត​ពូជ​របស់​សត្វ​ត្មាត​នៅ​កម្ពុជា​។ នៅ​ក្នុង​ទិវា​យល់​ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ​ឆ្នាំ​២០២០ យើង​ចូលរួម​ជាមួយ​អ្នក​អភិរក្ស​សត្វ​ត្មាត​នានា​នៅ​ទូ​ទាំង​ពិភពលោក​ដើម្បី​រំឭក​ដល់​សត្វ​ត្មាត ។
លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF បាន​មាន​ប្រសាសន៍​ថា “​ស្ថានភាព​អភិរក្ស​សត្វ​ត្មាត​ទាំង​បី​ប្រភេទ​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅ​កម្ពុជា គឺ​មាន​លក្ខណ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​។ ថ្នាំ​សម្លាប់​សត្វល្អិត​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​រស់រាន​របស់​សត្វ​ត្មាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បសុសត្វ​ផង​ដែរ ។ អង្គការ WWF កំពុង​តែ​ស្វែងរក​ការ​គាំទ្រ​មតិ​លើ​វិធីសាស្ត្រ «​សុខភាព​មួយ (One Health)» ដែល​ផ្សា​ភ្ជាប់​សុខភាព​របស់​មនុស្ស សត្វ និង​បរិស្ថាន​រួម​របស់​យើង ព្រមទាំង​ជុំរុញ​ឱ្យ​មានការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ប​ញ្ឍ​ប់​ការ​បរិភោគ​សត្វព្រៃ និង​ការ​ប្រើប្រាស់​ដីធ្លី​» ។

សមាជិក​ស្នូល​នៃ​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា (CVWG) រួម​មាន​ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ (ACCB) អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា (BLI) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) និង​សមាជិក​សាមញ្ញ​រួម​មាន សមាគម​មគ្គុទ្ទេសក៍​បក្សី​កម្ពុជា​(CBGA) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា (NLC) សំ វាសនា ខន់​សឺ​វេ​សិន​ធួរ (SVC) និង​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​(CBC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ