ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​មេ​រិ​ក​ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៃ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ឯកឧត្តម ប៉ាន…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៃ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ឯកឧត្តម ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​គណៈប្រតិភូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អា​មេ​រិ​ក ដែល​បាន​កើនឡើង​ពី ៣,៣ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ មក​ដល់ ៤,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៩ ក្នុង​អា​ត្រា​កំណើន​ប្រមាណ ៤២ ភាគរយ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន និង​គតិយុត្តិ ដែល​ធានា​បង្កើន​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរ នៅ​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌ​ណិ​ជ្ជ​កម្ម និង​វិនិយោគ កម្ពុជា​-​អា​មេ​រិ​ក​(TIFA)​។ ក្នុង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលេច​ពី​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ស្តី​ពី ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​បង្កើត​អនុ​ក្រឹ​ត និង​បទបញ្ញត្តិ​ពាក់ព័ន្ធ និង​បាន​ស្នើ​ភាគី អា​មេ​រិ​ក​បន្ត​ជំរុញ​វិនិយោគិន​របស់​ខ្លួន​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ អេ​ឡិច​ត្រូ​និក​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​។

ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​សុទិដ្ឋិនិយម ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​បាន​ឯកភាព​ជាបឋម​ក្នុង​ការ រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌ ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​អា​មេ​រិ​ក​លើក​ទី​៦ តាម​រយៈ Video Conference នៅ​ពេល​ខាង​មុខ តាម​ស្ថានភាព​ជាក់ស្តែង​។ ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ការ បើក​វេទិការ​ជួបជុំ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​ការ​បង្ហាញ​ការ​វិនិយោគ​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ AmCham Cambodia ព្រមទាំង​បាន​ទស្សនាការ​ដាក់​តាំង​ផ​លិ​ផល​សក្តានុពល មួយ​ចំនួន របស់​អា​មេ​រិ​ក​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​ផង​ដែរ​៕ ដោយ ៖ សុវណ្ណ ណែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ