ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ណ​យ ស្នើ​ឱ្យ​អ្នកលេង​ហ្វេស​​ប៊ុ​ក​ជាមួយ​លោក​អភិរក្ស​អក្សរ​សាស្ត្រ​​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​គ្រប់​វី​ដេ​អូ​ឡាយ របស់​កីឡាករ វង្ស ណ​យ លោក​តែង​ប្រកាស​មិន​ទទួល​យក​ការ​បញ្ចេញមតិ​ទាំងឡាយ​ជា​ភាសា​អង់គ្លេស​នោះ​ទេ ។ លោក​តែងតែ​ស្នើ​ឱ្យ​អ្នក​ចូល​មើល​ការ​Live​របស់​លោក​សរសេរ​ជា​អក្សរ​ខ្មែរ ដោយ​លោក​ទទូច​ឱ្យ​ចូលរួម​រក្សា​អក្សរ​ខ្មែរ​បាន​គ្រប់​គ្នា…

រាជធានី​ភ្នំពេញ ៖ នៅ​គ្រប់​វី​ដេ​អូ​ឡាយ របស់​កីឡាករ វង្ស ណ​យ លោក​តែង​ប្រកាស​មិន​ទទួល​យក​ការ​បញ្ចេញមតិ​ទាំងឡាយ​ជា​ភាសា​អង់គ្លេស​នោះ​ទេ ។ លោក​តែងតែ​ស្នើ​ឱ្យ​អ្នក​ចូល​មើល​ការ​Live​របស់​លោក​សរសេរ​ជា​អក្សរ​ខ្មែរ ដោយ​លោក​ទទូច​ឱ្យ​ចូលរួម​រក្សា​អក្សរ​ខ្មែរ​បាន​គ្រប់​គ្នា ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​អក្សរ​ខ្មែរ​។

អ្នកគាំទ្រ​មិន​តិច​ទេ​កោតសរសើរ​ចំពោះ​កីឡាករ វង្ស ណ​យ ដោយសារ​តែ​លោក​ប្រកាស​ស្ទើរតែ​រាល់​ការ​បង្ហោះ​តែ​ម្ដង​ថា សុំ​កុំឱ្យ​បងប្អូន​សរសេរ​ជា​ភាសា​គេ គឺ​សូម​សរសេរ​តែ​ជា​អក្សរ​ខ្មែរ​បាន​ហើយ ហើយ​ជួយ​សរសេរ​ឱ្យ​ត្រូវ​ពាក្យ​ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​អក្សរ​ខ្មែរ​ផង ។ ថ្វី​ដ្បិតតែ​លោក​មិន​ត្រូវ​បាន​គេ​ដឹង​ថា​រៀនសូត្រ​បាន​ជ្រៅជ្រះ តែ​ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន ដែល​ខ្លះ​រៀនសូត្រ​បាន​ជ្រៅជ្រះ ហើយ​មិន​បាន​គិតដល់​ចំណុច​នេះ​ខ្មាស​លោក ។

លោក​តែង​ប្រតិកម្ម​តប​អ្នក​សរសេរ​អក្សរ​អង់គ្លេស​នៅ​ក្នុង​ម៉ោង​Live របស់​លោក​ថា «​បង​ប្អូន​​យើង​សូមកុំ​សរសេរ​ជា​អក្សរ​គេ​នៅ​ក្នុង​វី​ដេ​អូ​ខ្ញុំ បងប្អូន​យើង​ជួយ​សរសេរ​តែ​អក្សរ​ខ្មែរ​បាន​ហើយ ដើម្បី​ជួយ​អភិរក្ស និង​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ​យើង​ឱ្យ​ពិភពលោក​បាន​ស្គាល់ ព្រោះ​បើ​យើង​ម្នាក់​ៗ​សរសេរ​តែ​អក្សរ​ជាតិ​គេ បរទេស​គេ​មិនដឹង​ថា​អក្សរ​ខ្មែរ​សរសេរ​យ៉ាងម៉េច​ទេ អ៊ីចឹង​ជួយ​សរសេរ​តែ​អក្សរ​ខ្មែរ​បាន​ហើយ ទោះ​បរទេស​គេ​មើល​មិន​ដាច់ តែ​គេ​ស្គាល់​ថា​អក្សរ​បែប​ហ្នឹង​ជា​របស់​យើង​»​។ ការ​លើក​ឡើង​របស់​លោក មិនមែន​តែ​ម្ដងនោះ​ទេ ហើយ​ថ្វី​ដ្បិតតែ​ក្នុង​ពេល Live របស់​លោក​ម្ដង​ៗ គឺ​គ្រាន់តែ​ជា​ការ Live លេង​ៗ មិនសូវ​មានការ​ចាប់អារម្មណ៍ តែ​ពាក្យ​សម្ដី​ដែល​លោក​លើក​ឡើង​គឺ​អាច​ថា មាន​ន័យ និង​មាន​តម្លៃ​ក្នុង​ការ​ស្ដាប់ ។

លោក​បញ្ជាក់​ដដែល​ៗ​ទៀត​ថា​«​បើ​ខ្មែរ​មិន​រួម​គ្នា​លើក​តម្លៃ​អក្សរសាស្ត្រ​ជាតិ តើ​ឱ្យ​អ្នក​ណា​មក​ជួយ​លើក​ស្ទួយ ដូច្នេះ​សូម​បងប្អូន រួម​គ្នា​សរសេរ​អក្សរ​ខ្មែរ​ឱ្យ​បាន​ច្រើន ហើយ​បើ​អាច​យើង​សរសេរ​តែ​អក្សរ​ខ្មែរ​បាន​ហើយ ដើម្បី​ឱ្យ​ជាតិ​ណា​ៗ ក៏​ស្គាល់​អក្សរ​យើង ព្រោះ​ពេល​យើង​បង្ហោះ​អី​ទៅ អ្នក​ណា​ក៏​មើលឃើញ​ដែរ អ៊ីចឹង​សូម​សំណូមពរ​បងប្អូន កុំ​សរសេរ​អក្សរ​បរទេស​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ លោក វង្ស ណ​យ ប្រកាស​ហើយ​ថា លោក​នឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ខាង​មុខ​នៅ​ពេល​មាន​អ្នក​សួរនាំ​ថា តើ​នៅ​ប្រដាល់​ទៀត​ទេ ។ ការ​លើក​ឡើង​របស់​លោក​គឺ​មាន​ន័យ​ថា លោក​នៅ​តែ​ប្រដាល់ ដោយ​គ្រាន់តែ​រង់ចាំ​ឱ្យ​ស្ងប់​កូ​វីត​១៩​បន្តិច ហើយ​មានការ​ប្រកួត​អន្តរជាតិ​ជា​ថ្មី​ប៉ុណ្ណោះ ។ លោក​នៅ​តែ​លើក​ឡើង​ថា សម្រាប់​ការ​ប្រដាល់​លោក​សុំ​មិន​និយាយ​ថា​នឹង​ឈប់​ជា​រៀង​រហូត​នោះ​ទេ ដោយ​លោក​ស្នើ​ឱ្យ​ចាំ​អ៊ុត​មើល​ក្នុង​ថ្ងៃ​ណាមួយ និង​រង់ចាំ​ឱ្យ​ស្ថានភាព​ប្រដាល់​មាន​ភាព​ប្រសើរ​សិន ។

យ៉ាងណាមិញ​លោក​ថា នៅ​ក្នុងអំឡុងពេល​នេះ គឺ​លោក​អត់​ចង់​និយាយ​ជាមួយ​ការ​ប្រដាល់​នោះ​ទេ ដោយសារ​តែ​លោក និង​ភរិយា ក៏​មមាញឹក​នឹង​មុខរបរ​លក់​ងៀត​ក្របី ដែល​ភរិយា​របស់​លោក និង​ដៃគូ​សហការ​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។ លោក​ថា មុខរបរ​រាល់ថ្ងៃ កាក់កប​មិន​អន់​ទេ ដោយ​ក្នុង​ថ្ងៃ​ខ្លះ ងៀត​ក្របី​របស់​លោក​ត្រូវ​ដឹក​ខ្លួនឯង​នោះ​ផង ដើម្បី​ទទួល​បាន​ថវិកា​ថ្លៃ​ដឹក​គ្រាន់​ហូប​កាហ្វេ និង​ដើម្បី​កុំឱ្យ​អផ្សុក ។

ម្យ៉ាង​មក​ពី​លោក​យល់​ថា ស្ថានភាព​ប្រដាល់​មិនសូវ​ល្អ​ប្រសើរ ព្រោះតែ​លោក​គ្មាន​គូ​បរទេស​ប្រកួត​ផង និង​យល់​ថា​ស្ថានភាព​នៅ​ក្នុង​ពេល​នេះ គឺ​មាន​តែ​មុខរបរ​តាម​អន​ឡាញ ហើយ​លក់​របស់​ហូប ទើប​អាច​ចិញ្ចឹម​ឆ្នាំង​បាន​ផង ទើប​លោក​ថា លក់​ងៀត​ក្របី​ល្អ​ជាង ព្រោះ​លុយ​ចូល​រាល់ថ្ងៃ​។ នៅ​ក្នុង​ពេល​នេះ​លោក និង ភរិយា បាន​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ម្ដុំ​ចម្ការ​ដូង ដោយ​ធ្វើ​ងៀត​ក្របី​ផង និង​ឡាយ​ផ្ទាល់​មិន​ដែល​លស់​ថ្ងៃ​ផង​។ ខុស​ពី​ពេល​មុន​ដែល​បាន​ប្រកាស​ថា គឺ​បោះបង់​ហើយ​សម្រាប់​អាជីព​ប្រដាល់ លោក​បែរជា​និយាយ​ថា​«​សម្រាប់​បងប្អូន​ដែល​ចង់​ឃើញ​ខ្ញុំ​ប្រដាល់ ចាំ​មើល​សិន ចាំ​រក​ឱកាសល្អ​សិន ហើយ​បងប្អូន​គង់តែ​ដឹង​ទេ ថា​តើ​យ៉ាងម៉េច​សម្រាប់​ការ​ប្រដាល់ ចាំ​ស្ដាប់​មេ​ស៊ីសង​សិន តែ​ឥឡូវ​សុំ​លក់​ងៀត​ក្របី​សិន ព្រោះ​រាល់ថ្ងៃ​កូ​វី​ដ​១៩​ក៏​មិន​អាច​ឱ្យ​អ្នក​ប្រដាល់​មាន​គូ​បរទេស​ឡើង​ប្រកួត​បាន​ដែរ​»​។

លោក​បន្ត​ទៀត​ថា រាល់ថ្ងៃ​បាន​មុខរបរ​លក់​ងៀត​ក្របី​ចិញ្ចឹម​ឆ្នាំង​មួយ លោក​អត់​ភ័យ​ដូច​មុន​ទៀត​ទេ ហើយ​លោក​ក៏​មិន​ខ្មាស​អ្នក​ណា​ដែរ នៅ​ពេល​អ្នកខ្លះ​និយាយ​ថា លោក​គឺជា​កីឡាករ​ល្បីឈ្មោះ តែ​បែរជា​លក់​ងៀត​ក្របី​តាម​ហ្វេ​ស​ប៊ុ​ក និង​ដឹក​ឱ្យ​ភ្ញៀវ​ដោយ​ផ្ទាល់ បើ​ទោះជា​មុខរបរ​នេះ មិន​ចំណេញ​ច្រើន​ក្ដី ។ លោក​លក់​ត្រឹមតែ​មួយ​គីឡូ​៦៥.០០០​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​លោក​ប្រកាស​ថា ងៀត​ក្របី​វង្ស​ណ​យ​រាល់ថ្ងៃ គឺ​ហាល​មិន​ទាន់ ដឹក​មិន​ទាន់ និង​ទទួល​បាន​ចំណូល​ច្រើន​ស្រប​ពេល​ដែល​កូ​វី​ដ​១៩​លែង​សូវ​អំណោយផល​ដូច​មុន​សម្រាប់​រក​ប្រាក់ ។

ជាមួយនឹង​ការ​បង្ហាញ​តម្រុយ​ថា ក្រោយ​ចប់​កូ​វី​ដ​១៩​អ្នកគាំទ្រ​នឹង​ដឹង​ថា លោក​នៅ​ប្រកួត ឬ​ឈប់​ដូច​សន្យា បាន​ធ្វើ​ឱ្យ​គេ​មើលឃើញ​ភ្លាម​ៗ​ថា លោក​ទំនងជា​មិន​ឈប់​ដូច​អ្វី​ដែល​បាន​តាំងចិត្ត​មួយ​ប្រាវ​មុន​នោះ​ទេ គឺ​នឹង​នៅ​តែ​ទទួល​ប្រកួត ដោយសារ​តែ​លោក​ប្រកាស​បែប​នេះ​រាប់​ភ្លេច​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ នៅ​ពេល​មាន​គូ​ល្អ​ប្រកួត ហើយ​បាន​តម្លៃ​ខ្ពស់ គឺ​ទទួល​មិន​ដែល​ប្រកែក​។

គួរ​រំលឹក​ផង​ដែរ​ថា លោក​ធ្លាប់​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា លោក​ពិត​ជា​សម្រេចចិត្ត​លាឈប់​ពី​អាជីព​អ្នក​ប្រដាល់​ប្រាកដ​មែន ដោយ​លោក​លើក​ហេតុផល​ថា ដោយសារ​បញ្ហា​ការ​គាំទ្រ​នា​ពេល​ចុង​ក្រោយ​នៅ​មាន​កម្រិត និង​ទី​២ គឺ​ដោយសារ​តែ​ជ្រក់ជ្រិញ​នឹង​ការ​ជេរ​ប្រមាថ ដែល​ធ្វើ​ឲ្យ​លោក​បាក់ទឹកចិត្ត ដែល​មិន​អាច​ប្រកប​អាជីព​មួយ​នេះ​បាន​បន្ដ​ទៀត ។

អ្នកលេង​គុន​ខ្មែរ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ពន្យល់​ថា ការ​សម្រេចចិត្ត​របស់​លោក​គឺជា​រឿង​ច្បាស់​លាស់ ដោយសារ​តែ​លោក​គិត​ថា ការ​គាំទ្រ​គុន​ខ្មែរ​នៅ​មាន​កម្រិត គាំទ្រ​តែ​មាត់ អត់​គាំទ្រ​បែប​ជួយ​ទី​១ ហើយ​ទី​២ ពេល​លោក​វ៉ៃ​ឈ្នះ​អត់​បាន​អី​មក​វិញ​ទេ​បាន​តែ​តម្លៃ តែ​ដល់​ពេល​វ៉ៃ​ចាញ់ គឺ​រង​នូវ​ការ​ជេរ​ប្រមាថ ដែល​លោក​យល់​ថា តើ​មាន​ហេតុផល​អ្វី​ដែល​លោក​ត្រូវ​តស៊ូ​ទៀត ។ លោក​និយាយ​ថា បើ​លោក​តស៊ូ​ទៅ​មុខ ក៏​មិន​បាន​ល្អ​ជាង​ហ្នឹង​នោះ​ដែរ ទើប​លោក​យល់​ថា ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាកចេញ ។

លោក​ពន្យល់​ថា ដំបូង​ឡើយ​ចិត្ត​ចង់​វ៉ៃ​ទៀត​ដែរ តែ​ដោយ​តូចចិត្ត​នឹង​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ជាន់ពន្លិច និយាយ​រួម​គឺ​លោក​បាក់ទឹកចិត្ត ។ លោក​និយាយ​ថា វ៉ៃ​ឈ្នះ​គេ​ថា​យើង​ឈ្នះ​ដោយសារ​ប៉ះ​អ្នក​អន់ ដល់​យើង​វ៉ៃ​ឈ្នះ​អ្នក​ខ្លាំង​… និយាយ​ទៅ​សម្រាប់​ប្រជាជន​មួយ​ភាគ​តូច គាត់​ចាំតែ​តែ​ជេរ​ទេ​។ កីឡាករ​មាន​ប្រវត្ដិ​ឡើង​សង្វៀន​រាប់រយ​ដង​រូប​នេះ​បាន​បង្ហើប​ថា ទោះ​លាឈប់​ពី​អាជីព​កីឡាករ​មែន តែ​ខ្លួន​ក៏​មិន​ទាន់​សម្រេចចិត្ត​ថា ត្រូវ​ឈប់​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​ដែរ ពោល​គឺ​លោក​នឹង​ធ្វើការ​ពិចារណា ប្រសិនបើ​មានការ​ផ្ដល់​ឱកាស​ឲ្យ​លោក​ធ្វើ​ជា​មន្ដ្រី​បច្ចេកទេស​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។

ដោយឡែក ពាក់ព័ន្ធ​នឹង​អនាគត​កូន​ៗ​លើ​វិ​ថី​ប្រដាល់​គុន​ខ្មែរ​វិញ លោក​បាន​សង្កត់ធ្ងន់​ថា អាស្រ័យ​​ទៅ​លើ​ជាក់ស្ដែង បើសិន​ថ្ងៃក្រោយ​ទៅ​កីឡាករ​រីក​ចម្រើន អ្នក​រិះគន់​គាត់​មានការ​យល់​ដឹង​ច្រើន បាន​លុយ​ច្រើន​កាន់តែ​សប្បាយចិត្ត តែបើ​បាន​លុយ​តិច លោក​អត់​ទេ អត់​ឲ្យ​កូន​ឈឺ​សាច់​ដូច​លោក​ឡើយ ។

កីឡាករ វង្ស ណ​យ បាន​ប្រកាស​លាឈប់​ពី​អាជីព​គុន​ខ្មែរ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ដោយ​លោក​សរសេរ​ថា «​ខ្ញុំ​វ៉ៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេល​នេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វ៉ៃ​នៅ​ពេល​នេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន​។ បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​»​។ ប៉ុន្តែ​ជំហរ​ចុង​ក្រោយ លោក​ក៏​ប្រកាស​រាល់ពេល Live ផង​ដែរ​ថា បើ​មាន​ពេល មានឱកាស គឺ​ការ​ប្រកួត​ជា​ថ្មី នឹង​មាន​ជា​ថ្មី ខណៈ​ក្នុង​ពេល​Live​នោះ​លោក​ស្នើ​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​លោក សរសេរ​តែ​អក្សរ​ខ្មែរ គឺជា​អ្វី​ដែល​មាន​តម្លៃ​គួរ​ឱ្យ​សរសើរ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ចំណោម​អ្នក​ជ្រក​នៅ​ក្នុង​វិស័យ​ប្រដាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ