រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងលោក ព្រីង ច័ន្ទបុត្រ បានសម្រេចចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយនឹងស្ត្រីវ័យកណ្តាលមួយរូប ដែលស្រីម្នាក់នោះត្រូវបានគេដឹងថា អនាគតជាម្តាយក្មេករបស់នាង វ៉ាន់ នីឡា កូនស្រីរបស់លោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ព្រីង ច័ន្ទបុត្រ ប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងការបញ្ចេញមុខមាត់ភរិយា និងសំបុត្រអាពាហ៍ពិពាហ៍ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ខណៈពេលដំណឹងនេះ ក៏ទទួលបានការអបអរសាទរពីមិត្តភក្តិរបស់លោកជាច្រើនផងដែរ។
ជាមួយនឹងភាពសប្បាយរីករាយ និងការឱបរឹតភរិយាយ៉ាងផ្អែមល្ហែមអមជាមួយនឹងសំបុត្រអាពាហ៍ពិពាហ៍លោក ព្រីង ច័ន្ទបុត្រ បានភ្ជាប់ជាមួយនឹងសារដោយខ្លីថា «ស្នេហាអេតាស៊ីវិល រអិលជាងស្នេហាអាពាហ៍ពិពាហ៍»។ ដែលនោះមានន័យថា រូបលោក និងស្ត្រីរូបនោះ គឺជាប្តីប្រពន្ធស្របច្បាប់ដោយគ្មានគម្រោងរៀបចំពិធីរៀបការនោះឡើយ។
ជាការកត់សម្គាល់ ស្ត្រីដែលជាភរិយារបស់លោក ព្រីង ច័ន្ទបុត្រ នាពេលនេះគឺជាម្តាយបង្កើតរបស់អនាគតស្វាមី វ៉ាន់ នីឡា ដែលមានឈ្មោះថា សរ មុន្នីរស្មី ដែលមានវ័យប្រមាណ៤២ឆ្នាំ ពោលគឺបងលោក ព្រីង ច័ន្ទបុត្រ ៤ឆ្នាំ ។ យ៉ាងណាការបង្ហាញមុខមាត់ភរិយាថ្មីរបស់លោក ព្រីង ច័ន្ទបុត្រ នាពេលនេះ គឺជាលើកទី៣ហើយសម្រាប់រូបលោក បន្ទាប់ពីលោកបានជួបស្នេហាមិនសមប្រកបចំនួន២លើក ដោយលើកទីមួយ គឺអតីតតារាសម្តែងមួយរូបធ្លាប់បានរៀបអាពាហ៍ពីពាហ៍ជាមួយនឹងប្អូនថ្លៃមន្ត្រីថ្នាក់ខ្ពស់មួយរូបកាលពីអំឡុងឆ្នាំ២០១៣ និងទី២ ជាមួយនឹងស្ត្រីដែលជាអណិកជនខ្មែររស់នៅប្រទេសបារាំង។
ស្នេហាមិនសមប្រកបទាំងពីរនេះ បានធ្វើឲ្យលោក ព្រីង ច័ន្ទបុត្រ ឃ្លាតឆ្ងាយទាំងស្រុងពីវិស័យសិល្បៈ ដោយសម្ងំរស់នៅលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ ទើបតែមួយរយៈចុងក្រោយនេះដែលលោកបានផ្ទុះព័ត៌មានឡើងវិញ បន្ទាប់ពីមានស្ត្រីជាអណិកជនមួយរូបបានប្រកាសស្វែងរកលោកពាក់ព័ន្ធទៅនឹងរឿងប្រាក់កាក់។
គួររំលឹកថា កាលពីអំឡុងចុងឆ្នាំ២០១៩ កន្លងទៅ មាននារីម្នាក់ដោយបានដាក់ឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Roselyne Dalva» បានបង្ហោះសារថា អតីតតារាចម្រៀងប្រុស លោក ព្រីង ច័ន្ទបុត្រ ជំពាក់បំណុលខ្លួន និងគេចវេសមិនព្រមសង រហូតព្រមានប្តឹងថែមទៀតផង។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ព្រីង ច័ន្ទបុត្រ បានធ្វើការបកស្រាយប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា នារីដែលបង្ហោះព្រមានប្តឹងលោកជំពាក់លុយមិនព្រមសងនោះគឺជាអតីតសង្សាររបស់លោក ហើយមានទំនាក់ទំនងជាមួយគ្នាជាច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា នារីម្នាក់នោះ រស់នៅប្រទេសបារាំង ដោយពេលមានទំនាក់ទំនងជាមួយគ្នា ក៏ហោះមកប្រទេសកម្ពុជា ដើម្បីជួបគ្នា និងទៅដើរលេងតាមខេត្ត ស៊ីចាយជាមួយគ្នាជាដើមក្នុងនាមមនុស្សស្រឡាញ់គ្នា។
លោកបន្ថែមថា លោកនឹងនារីម្នាក់នោះ មានចំណងស្នេហាជាមួយគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែចូលដល់ឆ្នាំ២០១៩នេះ ទំនាក់ទំនងនោះក៏បានប្រះឆា ដោយសារនារីម្នាក់នោះជាអ្នកសុំបែកមុន។ ចាប់តាំងពីពេលនោះមក នារីជាអតីតសង្សារក៏ចេះតែឆាតមកទារលុយ ខណៈដែលលោកមិនបានជំពាក់ទាល់តែសោះ។ លោកសង្កត់ធ្ងន់ថា តាមពិតទៅលុយតែនារីម្នាក់នោះទេ មិនមែនជាលុយលោកជំពាក់ទេ ពោលគឺជាលុយដែលដើរស៊ីចាយជាមួយគ្នា ពេលមានទំនាកទំនងគ្នាប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ