ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ត្រីងៀត

9 ឆ្នាំ មុន

បើ​តាម​ពិនិត្យ​ឱ្យ​វា​ដិត​ដល់​ទៅ​… ​វា​ច្រើន​តែ​មាន​«​ខ្នង​» បង្កប់​ដោយ​អំពើ​ពុក​រលួយ​… ​ដែល​មិន​ខុស​ពី​ពាក្យ​ថា «​ត្រីងៀត​ឆ្លៀត​ពង​» ​នោះ​ឡើយ ។
មិន​ដែល​ចាប់​បាន​ត្រីងៀត​ទេ​…​ ណ្ហើយ​ទុក​ឱ្យ​វា​ឆ្លៀត​ពង​ពេញ​ទឹក ពេញ​ដី​តាម​អំណាច​ទៅ​ចុះ​……!

រឿង​បណ្តេញចេញ​ចំពោះ​ការ​តាំងទី​លំនៅ ទោះ​រស់នៅ​យូរ​ក្តី​…​ ទើប​រស់នៅ​ក្តី​… ​វា​ពិតជា​អាក្រក់​មើល​មែនហើយ​…​ ហើយ​ក៏​ដោយសារ​អំណាច​ផង​ដែរ ដែល​ខ្លះ​បង្កប់​ដោយ​ត្រីងៀត​ឆ្លៀត​ពង ។​ល​។

ដី​សាធារណៈ​របស់​រដ្ឋ​… ​ដី​របស់​រដ្ឋ​ដែល​បំរុង​ទុក​ម៉េច​មិន​រៀបចំ​យុទ្ធវិធី ឬ​យុទ្ធសាស្ត្រ​ការពារ​ច្បាស់លាស់ ? ទុក​ឱ្យ​រខេករខាក ដុះ​ព្រៃ ដុះ​ស្មៅ​…​ ទុក​ចោល​…​ ដល់​យូរ​ពេក រាស្ត្រ​-​មន្ត្រី​លើកគ្នា​ទៅ​រស់នៅ​…​ ខ្លះ​កកូន​ពូន​ជា​ចៅ​អស់​ទៅ​ហើយ ស្រាប់តែ​លើកគ្នា​«​បណ្តេញ​» ទៅ​ដុត​… ​ទៅ​បំផ្លាញ​… ​។

ដី​ចិញ្ចើម​ផ្លូវ​…​ ដី​ចិញ្ចើម​ផ្សារ​…​ មាន​អ្នក​លក់ដូរ​ពាសពេញ​…​ បណ្តោយ​ឱ្យ​លក់ដូរ​រក​ផ្លូវ​ដើរ​គ្មាន​…​ ដែល​ភាគច្រើន​«​បង់ខែ​» ទើប​លក់ដូរ​បាន ។ យូរ​ៗ​ស្រាប់តែ​លើកគ្នា​អាង​តែ​អំណាច​ទៅ​«​បណ្តេញ​» ចេញ​ធ្វើ​ឱ្យ​ទឹកភ្នែក​ហូរ​…​ ។ អ្នក​យក​ខែ​… ​យក​ទៅ​…​ ឯ​អ្នក​ផ្សេង​មក​បណ្តេញ​…​​ វា​ពិតជា​អាក្រក់​ណាស់​…​ អាក្រក់​មែន ។

សូ​ម្បី​ចំការ​អាកា​ស្យា​ខ្លះ ដែល​ជា​ផលិតផល​នៃ​«​រុក្ខទិវា​» គេ​កាប់​ចោល​អស់ ចែក​គ្នា​សង់ផ្ទះ​ពេញ​ទឹក​ពេញ​ដី​…​ ទើប​លើកគ្នា​ទៅ​បណ្តេញ​…​ ទីបំផុត​បាន​ទៅ​លើ​មន្ត្រី​ច្រើន​ជាង​រាស្ត្រ​ក្រីក្រ​…​ ។

រដូវ​នេសាទ​ដែល​ច្បាប់​ហាម​…​ ទុក​ឱ្យ​អ្នកនេសាទ​ដាក់​ឧបករណ៍​នេសាទ​ពេញ​ទាំងអស់​… ​ក្រាល​ពេញ​ផ្ទៃ​ទឹក​…​ ស្រាប់តែ​លើកគ្នា​ទៅ​កាប់​ចោល​…​ ទៅ​បំផ្លាញ​អស់​រាប់​ម៉ឺ​ន​រាប់​សែន​ដុល្លារ ។ ហេតុ​ម៉េច​មិន​រារាំង​ឱ្យ​បាន​មុន ?

បើ​តាម​ពិនិត្យ​ឱ្យ​វា​ដិត​ដល់​ទៅ​… ​វា​ច្រើន​តែ​មាន​«​ខ្នង​» បង្កប់​ដោយ​អំពើ​ពុក​រលួយ​… ​ដែល​មិន​ខុស​ពី​ពាក្យ​ថា «​ត្រីងៀត​ឆ្លៀត​ពង​» ​នោះ​ឡើយ ។
មិន​ដែល​ចាប់​បាន​ត្រីងៀត​ទេ​…​ ណ្ហើយ​ទុក​ឱ្យ​វា​ឆ្លៀត​ពង​ពេញ​ទឹក ពេញ​ដី​តាម​អំណាច​ទៅ​ចុះ​……!
                      អា​ឡេវ