ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ចំនួន​៧ ទទួល​បាន​កិច្ចសន្យា​ទីផ្សារ​ស្រូវ​ផ្ការំដួល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កសិករ​សហគមន៍​កសិកម្ម​ចំនួន​៧ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ទទួល​នូវ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តី​ពី «​ការ​ផលិត និង​ផ្គត់ផ្គង់ ស្រូវ​ផ្ការំដួល តាម​ស្តង់ដា ប្រកបដោយ​និរន្តរភាព​»…

ខេត្តបន្ទាយមានជ័យ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កសិករ​សហគមន៍​កសិកម្ម​ចំនួន​៧ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ទទួល​នូវ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តី​ពី «​ការ​ផលិត និង​ផ្គត់ផ្គង់ ស្រូវ​ផ្ការំដួល តាម​ស្តង់ដា ប្រកបដោយ​និរន្តរភាព​» ដល់​ក្រុមហ៊ុន​អង្ករ​ក្នុងស្រុក​មួយ​។ ថ្លែង​នៅ​ក្នុង​ពិធី ចុះហត្ថលេខា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ង​នេសាទ ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ លោក ហ្វ៊ូ ស៊ី​នតា ដេ​ន​នី​ស ( Foo Sin Tah Dennis ) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាត់ដំបង​រ៉ា​យ៍ (Brico) បាន​លើក​ឡើង​ថា ៖

ដោយ​មានការ​សហការ​ជាមួយ​អតិថិជន​អន្តរជាតិ និង​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​របស់​ខ្លួន IFC គាំទ្រ​ដល់​ការ​បង្ហាញ និង​ពង្រីក​ការ​អនុវត្ត​កម្មវិធី​ស្រូវ អង្ករ ប្រកបដោយ​និរន្ត​ភាព និង​សូចនាករ​ប្រតិបត្តិ​ករ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ របស់​ក្រុមហ៊ុន​។ លទ្ធផល​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កំណើន​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា ដែល​រួមចំណែក​ដល់​ជីវភាព​របស់​កសិករ​មាន​ប្រាក់​ចំណូល​នៅ​ទី​ជនបទ និង​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ក្រុមហ៊ុន សម្រាប់​ខ្សែ​សង្វា​ក់ ស្រូវ​សម្រាប់​ផលិត​តាម​ផលិតកម្ម​ដំណាំ​ស្រូវ​ប្រកបដោយ​និរន្ត​ភាព​រួម​មាន ៖១-​អនុវត្ត​តាម​ការ​អនុវត្តន៍ នីតិកម្ម​កសិកម្ម​តាម​វ័យ និង​ការ​អនុវត្តន៍​តាម​កសិកម្ម​វៃឆ្លាត និង​ការ​អនុវត្តន៍​ផលិតកម្ម​ដំណាំ​ស្រូវ ប្រកបដោយ​និរន្ត​ភាព​, ២-​ទិន្នផល​ប្រសើរ​ឡើង​, ៣-​គុណភាព​ល្អ​ប្រសើរ​ឡើ​, ៤- បង្កើន​ប្រាក់​ចំណូល​,​និង​៥- តួ​អង្ករ​ខ្សែ​សង្វា​ក់​តម្លៃ អនុវត្ត​ជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​។ ជាមួយ​គ្នា​នោះ​ដែរ លោក លី សារី អភិបាលរង​ខេត្ត​ដែល​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​មាន​ប្រសាសន៍​ថ្លែង​ការ​កោត សរសើរ​ចំពោះ​អង្គការ GIZ ដែល​តែងតែ​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ កសិកម្ម ក៏​ដូច​ជា​ក្នុង​អនុវត្តន៍​ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​។

លោក លី​សារី បាន​មាន​ប្រសាសន៍ បញ្ជាក់​ថា សម្រាប់​ខេត្តបន្ទាយមានជ័យ គឺជា​លើក​ទី​២​ហើយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ផលិតកម្ម​កសិកម្ម ដោយ​សហការ​រវាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ និង​ជាមួយ​អង្គការ GIZ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៤ (RED IV)​។ ទន្ទឹម​នឹង​នោះ​អភិបាលរង​ខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​ក្រុមហ៊ុន បាត់ដំបង​រ៉ា​យ៍ (Brico) ដែល​បាន​ចូលរួម​ដល់​វិស័យ​កសិកម្ម ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់ ស្រូវ ផ្ការំដួល ប្រកបដោយ​និរន្តរភាព ក្នុង​ន័យ​លើកកម្ពស់​ដល់​ជីវភាព​គ្រួសារ​កសិកម្ម ក៏​ដូច​ជា​រួមចំណែក​លើកកម្ពស់​វិស័យ​កម្ម​នៅ​កម្ពុជា​។

បើ​យោង​តាម​របាយ​ការ​របស់​លោក ប៉ា​ង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ៖ សម្រាប់​ឆ្នាំ​២០២០​នេះ ផែនការ​ធ្វើស្រែ ចំនួន​២៥,៣៣២០​ហិ​កតា តែ​មក​ទល់​ពេល​នេះ​លើស​ផែនការ​ពោល​គឺ ១០១,១០% ស្មើនឹង​ជាង​២៥​ម៉ឺន​ហិ​កតា​។ តែ​ដោយ​បញ្ហា​ស្ថានភាព​គ្រោះ​ធម្មជាតិ បាន​ធ្វើ​ឲ្យ​ស្រូវ​បងប្អូន​កសិករ រង​ផល​ប៉ះពាល់​ជាង​៨​ម៉ឺន​ហិ​កតា ក្នុង​នោះ​ខូចខាត​ជាង​៦​ពាន់​ហិ​កតា​។ ទន្ទឹម​នឹង​នោះ​យើង​បាន​ស្តារ ការ​ខូចខាត​នេះ​បាន​ប្រហែល​ជាង​៥០%​។

ដោយឡែក​ចំពោះ​ទ​ន្និ​ផល​វិញ​លោក​ប្រធាន​មន្ទីរ បាន​ប៉ាន់​ប្រមាណ​ថា ឆ្នាំ​នេះ​ទិន្នផល​អាច​នឹង​មានការ​កើនឡើង លោក​អះអាង​ថា ដោយសារ​កសិករ​បច្ចុប្បន្ន​មានការ​យល់​ដឹង​ច្រើន​ពី​ការ​ធ្វើ​កសិកម្ម​តាម​រយៈ​ការ​ថែរក្សា ប្រើប្រាស់​បច្ចេកទេស​ទំនើប ហើយ​ការ​ជ្រើសរើស​ពូជ​របស់​កសិករ​សម​ស្រប​តាម​តម្រូវការ​ទីផ្សារ​។ សូម​បញ្ជាក់​ថា ៖ សហគមន៍​កសិកម្ម​ទាំង​៧ រួម​មាន ៖ ១-​រំដួល​ទាន​កាំ​, ២-​ពោធិ​រាំ​បុណ្យ​ចំរើន​ផល​, ៣-​សំណាង​មាន​ជ័យ​,៤-​សហគមន៍​កសិកម្ម អាង​ជើងគ្រុះ​, ៥-​តា​ផូ​រុងរឿង​, ៦-​អូរ​ជ្រៅ​រស្មី​សាមគ្គី និង​ទី​៧​សហគមន៍​កសិកម្ម ក្បាលស្ពាន​ដូន​ណូ​យ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ