ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្យាករណ៍​ជា​ថ្មី​ ៖ ចំណូល​ពី​វិស័យ​ទេសចរណ៍​អាច​បាត់​ត្រឹម​៤​ពាន់​ទៅ​៤៥០០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​ទៅ​កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ម្ដង​ហើយពី​ការ​បាត់បង់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩ ដែល​កាលនោះ ក្រសួង​បាន​ព្យាករណ៍​ថា​អាច​បាត់បង់​ចំណូល​ពី​វិស័យ​សំខាន់​មួយ​នេះ​គឺ​មាន​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ​ទាំងមូល ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​ទៅ​កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ម្ដង​ហើយពី​ការ​បាត់បង់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩ ដែល​កាលនោះ ក្រសួង​បាន​ព្យាករណ៍​ថា​អាច​បាត់បង់​ចំណូល​ពី​វិស័យ​សំខាន់​មួយ​នេះ​គឺ​មាន​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ​ទាំងមូល ។ ក៏​ប៉ុន្តែ​ដោយសារ​តែ​រយៈពេល​ថ្មី​ៗ​នេះ សកម្មភាព​ភ្ញៀវ​ទេសចរ ជា​ពិសេស​ទេសចរ​ក្នុងស្រុក ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុងស្រុក​បាន​កក្រើក​ឡើង​វិញ​បន្តិច​នោះ ការ​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ​អាច​ធ្លាក់​មក​នៅ​ត្រឹម​៤​ពាន់​លាន​ដុល្លារ​ទៅ​៤៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

លោក ទិ​ត្យ ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០២០​នេះ​ថា កាលពីដើម​ឡើយ​កម្ពុជា បាន​ព្យាករណ៍​ចំណូល​ពី​វិស័យ​ទេសចរណ៍​អាច​នឹង​ត្រូវ​បាត់បង់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០ ដោយសារ​តែ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ​ឆ្លង​តាម​បទ​ពិសោធន៍​ចាប់តាំងពី​ខែ ឧសភា មក​ឃើញ​ថា​ភ្ញៀវ​ក្នុងស្រុក​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​រមណីយដ្ឋាន​នានា​ឡើង​វិញ ជាក់ស្ដែង​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ ដែល​ជា​ថ្ងៃ​សង​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​រាជរដ្ឋាភិបាល​វិញ ឃើញ​ថា​ភ្ញៀវ​ក្នុងស្រុក​ប្រមាណ​១,៥​លាន​នាក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​នានា ដោយ​សុវត្ថិភាព និង​មិន​មានការ​ចម្លង​ជា​សហគមន៍​នៃ​ជំ​ងឹ​កូ​វី​ដ​១៩​នោះ​ទេ ។

លោក​បន្ត​ថា តាម​រយៈ​សកម្មភាព​នេះ វិស័យ​ទេសចរណ៍ អាច​រក​ចំណូល​បាន​ខ្លះ​ៗ​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​ខាតបង់​កាន់តែ​ច្រើន ដូច្នេះ ក្នុង​ឆ្នាំ ២០២០​នេះ​ចំណូល​ពី​វិស័យ​ទេសចរណ៍​អាច​នឹង​រកបាន​ចន្លោះ​ពី​៥០០​លាន​ទៅ​១​ពាន់​លាន​ដុល្លារ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ការ​ខាតបង់​ចំណូល​នេះ នឹង​អាច​ធ្លាក់​មក​នៅ​ត្រឹម​៤​ពាន់​លាន​ដុល្លារ​ទៅ​៤៥០០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។

លោក​បន្ត​ទៀត​ថា​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស មក​ដល់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​ថ្មី​ៗ​នេះ​មិនមែន​ជា​ភ្ញៀវ​មក​សម្រាក​លំហែកាយ​ឬ​ទស្សនា​តាម​តំបន់​រមណីយដ្ឋាន​នានា​នោះ​ទេ តែ​ជា​ភ្ញៀវ​ទេសចរ​ធុរកិច្ច ដែល​ពួក​គេ​មក​បំពេញ​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​នេះ កម្ពុជា​ចាប់ផ្ដើម​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​បន្តិច​ហើយ ដូច​ជា​ជើងហោះហើរ​ដែល​បាន​ផ្អាក​កន្លង​មក​ក៏​ចាប់ផ្ដើម​ដំណើរការ​វិញ ក្នុង​នោះ​រួម​មាន​ជើងហោះហើរ​មក​ពី​ប្រទេស​សិង្ហ​បុរី ជើងហោះហើរ​មក​ពី​ទីក្រុង​ប៉េ​កាំ​ង និង​កំពុង​ចរចា​ជើងហោះហើរ​មក​ពី​គោលដៅ​ជា​ច្រើន​ទៀត ដូច​ជា​ប្រទេស​ជប៉ុន ជាដើម ។​លោក​ថា​៖«​ក្នុង​ប្រទេស​ជា​ច្រើន​បាន​បិទ​ជើងហោះហើរ​មិន​អោយធ្វើ​ប្រតិបត្តិការ កម្ពុជា​នៅ​តែ​ទទួល​បាន​ជើងហោះហើរ​ពី​ខាងក្រៅ​ប្រទេស​ប្រមាណ​៤​ទៅ​៥​ជើង​ដែរ ក្នុង​មួយ​ថ្ងៃ គិត​ជា​អ្នកដំណើរ​អាច​មាន​បី​៣០០​នាក់​ទៅ​១០០០​នាក់ ។

ការ​ខាតបង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ក្នុង​វិបត្តិ​ជំងឺ​សកល​នេះ មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ ពោល​គឺ​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ក៏​ត្រុ​វ​បាន​ខាតបង់​ដូច​គ្នា ។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ថា ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​អោយ​ចំណូល​ពី​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភពលោក​ត្រូវ​ខាតបង់​រាប់រយ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។យ៉ាងណា​ក្ដី​សម្រាប់​ទេសចរណ៍​កម្ពុជា ចាប់ផ្ដើម​មានការ​រៀបចំ​ឡើង​វិញ​បណ្ដើរ​ៗ​ហើយ ដោយ​ក្នុង​នោះ​សណ្ឋាគារ ភោជនីយដ្ឋាន​និង​សេវា​ទេសចរណ៍​ផ្សេង​ទៀត​ក៏​បាន​បើក​ដំណើរការ​ឡើង​វិញ​បើ​ទោះបីជា​មិន​បាន​១០០​ភាគរយ​ក្ដី ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក្នុង​ឆមាស​ទី​មួយ​ឆ្នា ២០២០​នេះ ភ្ញៀវ​ទេសច​សរុប​ចូល​មក​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​១,១៨​លាន​នាក់​ក្នុង​នោះ​ភ្ញៀវ​មក​ដល់​តាម​ជើង​យន្តហោះ​មាន​ប្រមាណ ៦៨​ម៉ឺន​២​ពាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ