ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មន្ត្រី​ប៉ូលិស​ការពារ​គ្រឿង​ចក្រ​​បា.ញ់​៥​គ្រាប់ ទើប​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​អគ្គស្នងការ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ អធិការ​នគរបាល​ស្រុក​បាណ​ន់ លោក​ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​កោះ​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ថា សំណុំរឿង​មន្ត្រី​នគរបាល​មក​ពី​អង្គភាព«​អគ្គ​នាយកដ្ឋាន​អង្គរក្ស…

ខេត្តបាត់ដំបង ៖​ អធិការ​នគរបាល​ស្រុក​បាណ​ន់ លោក​ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​កោះ​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ថា សំណុំរឿង​មន្ត្រី​នគរបាល​មក​ពី​អង្គភាព«​អគ្គ​នាយកដ្ឋាន​អង្គរក្ស អង្គភាពការពារ​ព្រះ​បរមរាជវាំង​» ដែល​បាញ់បោះ​សេរីនៅ​កន្លែង​ការដ្ឋាន​កាយ​ថ្មត្រង់​ចំណុច​«​ភ្នំ​ពឺត​» ស្ថិត​ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​ចុងខែ​មុន​នេះ លោក​កំពុង​ធ្វើ​របាយ​ការ​ណ៍​គោរព​ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ជ្រាប​បន្ថែម​ទៀត​ហើយ បន្ទាប់​ពី​អប់រំនិងបង្គាប់​ឲ្យ​មន្ត្រី​នោះ​ធ្វើ​កិច្ចសន្យា​។

លោក​ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​ថា ក្រោយ​កើតហេតុ លោក​បាន​រាយ​ការ​ណ៍​ទៅ​លោក​ស្នង​ការ​រួច​ហើយ អំពី​ហេតុ​ការ​ណ៍​បាញ់បោះ​សេរី ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​នគរបាល​ការ​ពារ ការដ្ឋាន​កាយ​ដី​ត្រង់​ចំណុច​ខាងលើ​នេះ​។ ប៉ុន្តែ​លោក​អធិការ មិន​បាន​ប្រាប់​អត្ត​សញ្ញាណ មន្ត្រី​បាញ់បោះ​អនា​ធិ​ប​តេ​យ្យ​ផ្អើល​ពលរដ្ឋ​កណ្ដាល​យប់​នោះ​ទេ តែ​បាន​បញ្ជាក់​ថា មន្ត្រី​នោះ​មក​ពី​«នាយកដ្ឋាន​ការពារ​ព្រះ​បរមរាជវាំង​» ដែល​នៅ​ការពារ​ទីតាំង ការដ្ឋាន​កាយ​ដី​របស់​ក្រុម​គ្រឿងចក្រ ​មក​ពី​បរមរាជវាំងនៅ​ចំណុច​ខាងលើ​។

ដោយឡែក លោក​ព្រំ សំ​ប៉ា​តេ មន្ត្រី​នគរបាល​អធិការ​ស្រុក​បាណ​ន់ទ​ទួល​ផ្នែក​ព្រហ្ម​ទណ្ឌ ដែល​បាន​ឆ្លង​ឆ្លើយ​តាម​រយៈខ​មិន​ក្នុង​បណ្ដាញ​សង្គម​ ជាមួយ​កោះសន្តិភាព​ដែរ ហាក់​មិន​បានដឹង​អំពី​ករណី​ផ្ទុះអាវុធ​នេះ​ទេ នៅ​ពេល​សួរនាំ​អំពី​រឿង​នេះ​ ។ មន្ត្រី​រូប​នេះ​បាន​ផ្ដល់​ជា​ច​ម្ង​ល់​មក​វិញ​ថា «​ខ្ញុំ​មិន​បានដឹង​ថា តើ​ប៉ូលិស​បាណ​ន់​ម្នាក់​ណា បាន​បាញ់​នោះ​ទេ​បង​»​។ នៅ​ពេល​សួរ​បន្ត​ថា ចុះ​អ្នក​ណា អ្នក​បាញ់ ? លោក​តេ​បាន​ឆ្លើយ​តប​តាម​រយៈ​ខ​មិន ដោយ​ជម្រុញ​ឲ្យ​កោះសន្តិភាព សួរ​បន្ត​យ៉ាង​ដូច្នេះ « បងអាច​សួរ​ទៅ ឯ​.​ឧ ស្នងការ​ទៅ ព្រោះ​លោក​គាត់​ដឹង​ច្បាស់ រាល់​ព័​ត៌​មាន​ បងអាច​សួរ​ទៅ​ប្រធាន​អង្គភាព​ខ្ញុំ លោក​គាត់​ដឹង​គ្រប់​រឿង ក្រោយ​កើយ​ហេតុ ព្រោះ​ខ្ញុំ​គ្រាន់តែ​ជា​កូនចៅ​គេ​ទេ​» ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​របាយ​ការ​ណ៍​ដែល​ផ្ដល់​ដោយ លោក​សាត សៀត អធិការរង​ស្រុក​បាណ​ន់​ដែរ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល ដែល​បាញ់បោះ​សេរី​នោះ ឈ្មោះ ផុ​ន ថៃ អាយុ​៣៣​ឆ្នាំ នៅ​នាយកដ្ឋាន​អង្គរក្ស អង្គភាព​ការពារ​ព្រះ​បរមរាជវាំង អត្តលេខ ៦២០៥១ មាន​ឋានន្តរសក្តិ​អនុ​សេនី​យ៍ឯក ​។ របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា មន្ត្រី​នេះ​ បាន​​ប្រើប្រាស​កាំភ្លើង AK47 ស្វាយ​បត់​បាញ់​ឡើង​លើ​ចំនួន​០៥​គ្រាប់ នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ មូ​ល​ហេតុ​ គឺ​«​បាញ់​ការពារ កន្លែង​គ្រឿងចក្រ​ដែល​ជា​ព្រះរាជ​ទ្រព្យ​របស់​ព្រះ​បរមរាជវាំង ដែល​ស្នាក់​នៅ​កន្លែង​ស្ងាត់​ពេក​»​។

ព្រឹត្តិ​ហេតុបាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការ​ណ៍​នេះ​ថា ករណី​ផ្ទុះអាវុធ​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅត្រង់​ចំណុច​ពឺត ស្ថិត​ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​ជា​កន្លែង​ការដ្ឋាន​គ្រឿងចក្រ​កាយ​យក​ថ្ម ហើយ​មន្ត្រី​នគរបាល​បាញ់បោះ​សេរី​នោះ ជា​អ្នក​ការពារ​គ្រឿងចក្រ​ក្នុង​ការដ្ឋាន​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៏​មាន​បឋម ដែល​កោះសន្តិភាព​ទ​ទួល​បាន​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បន្ទាប់​ថា គេ​សង្ស័យ​មន្ត្រី​នគរបាល​នោះ​ស្រវឹងស្រា ទើប​ទាញ​កាំភ្លើង​AK បាញ់​មេឃ​ផ្អើល​អ្នក​ភូមិ​ទាំង​យប់​បែប​នេះ​។ ប្រភព​ក៏​បាន​បញ្ជាក់​ដែរ​ថា មន្ត្រី​ដែល​ចុះ​ពិនិត្យ និងសួរនាំ​មន្ត្រី​នោះ​ទំនង​ក៏​បានដឹង​ពី​រឿង​មន្ត្រី​ផឹកស៊ី​ស្រវឹង​ដែរ តែ​ជួយ​បិទ​បាំង​គ្នា​។
អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី មិន​បាន​ដាក់​ការ​មន្ទិល​ទៅ​លើ​រឿង​នេះ​ទេ ក្រោយ​មន្ត្រី​ជំនាញ​របស់​លោក ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​។

លោក​អធិការ​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា « នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ឃើញ​មន្ត្រី​បង្កហេតុ​នោះ មាន​ទឹកមុខ​ធម្មតា មិន​មាន​អ្វី​ប្លែក​ទេ​។ រីឯ​កន្លែង​កើតហេតុ ក៏​មិនឃើញ​មាន​អ្វី​កត់សម្គាល់​ដែរ តែ​ខ្ញុំ​ទ​ទូល​ស្គាល់​ថា មន្ត្រី​រូប​នេះ​ ពិតជា​បាញ់កាំភ្លើង​ចំនួន​០៥​គ្រាប់​មែន​»​។ លោក ប៉ាន់ វ៉ា​ន់​នី បាន​ស្រង់​សំដី​មន្ត្រី​នោះ​ថា គាត់​បាន​បាញ់ ដោយសារ​នៅ​ទីនោះ​ស្ងាត់​ពេក និងសង្ស័យ​មាន​មនុស្ស​ចង់​ចូល​ទីតាំង​ការដ្ឋាន​ផង​។ ប៉ុន្តែ​យ៉ាងណា តាម​គោល​ការ​ណ៍ លោកស្នងការ​ខេត្ត លោក​បាន​ហៅ​មន្ត្រី​នោះ មក​អប់រំ​ណែនាំ និង ធ្វើ​កិច្ចសន្យា​រួច​ហើយ​។ ក្នុង​កិច្ចសន្យា លោក ផុ​ន ថៃ មន្ត្រី​បាញ់បោះ​សេរី បាន​និយាយ​ថា ខ្លួន​ជា​នគរ​បាល នៅ​នាយកដ្ឋាន​អង្គរក្ស អង្គភាព​ការពារ​ព្រះ​បរមរាជវាំង មាន​ភារកិច្ច​ចុះ​ការពារ​គ្រឿងចក្រ ចុះ​កាយ និងស្ដារ​អាង​ព្រះ​ស្រែ ស្ថិត​ក្នុងភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

នៅ​ក្នុង​កិច្ចសន្យាមន្ត្រី​រូប​នេះ មិន​បាន​និយាយ​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​ទាញ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​មេឃ​ទេ តែ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់កាំភ្លើង​AK47 បាញ់​មេឃ​ចំនួន​០៥​គ្រាប់​មែន ពេល​ខ្លួន​ចុះ​ទៅ​យាម​ទីតាំង​ការដ្ឋាន​កាយ​យក​ថ្ម នៅ​ចំណុច​ភ្នំ​ពឺត​នោះ​។ យ៉ាងណា មន្ត្រី​រូប​នេះ​បាន​សន្យា​ថា «​ខ្ញុំ​នឹង​ប​ញ្ឍ​ប់​ការ​បាញ់​បោះ​ខុសច្បាប់​នេះ​។ ប្ដេជ្ញា​គោរព​បទ​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​លេខ​០០៦ តែ​ប្រសិនបើ​ថ្ងៃ​ខាង​មុខ ខ្ញុំ​ប្រព្រឹត្ត​ផ្ទុយ​ពី​កិច្ចសន្យា​នេះ ខ្ញុំ​សូម​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិភាព​ថា លោក​បាន​ទ​ទូល​សេចក្ដី​រាយ​ការ​ណ៍នេះ នៅ​ថ្ងៃ​បន្ទាប់ ហើយ​លោក​ស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ដែរ ហើយ​ថែម​ទាំង​បាន​ហៅ​មន្ត្រី​រូប​នោះ មក​សួរនាំ​ទៀត​ផង​ ។ បើ​តាម​ចម្លើយ មន្ត្រី​នោះ​ថា ខ្លួន​មាន​ការ​សង្ស័យ​ថា មាន​មនុស្ស​ព្យាយាម​ចូល​ទីតាំង​គ្រឿងចក្រ ទើប​បានជា​ប្រើប្រាស់​កាំ​ភ្លើង​បាញ់​ដូច្នេះ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​ យើង​បាន​ឲ្យ​មន្ត្រី​បង្ក​ការ​ផ្ទុះអាវុធ​នោះ ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​សកម្មភាព​បែប​នេះ​ទៀត​ហើយ និង ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន ប្រសិនបើ​មាន​ហេតុ​ការ​ណ៏​ផ្សេង​ៗ ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​។

ប៉ុន្តែ​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា​នេះ​ថា ពិតមែនតែ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​បង្កហេតុ​នោះ ធ្វើ​កិច្ចសន្យា​រួច​ហើយ តែ​ពេល​នេះ​ថ្នាក់លើ បាន​បញ្ជា​ឲ្យ​លោក​បាន​ធ្វើ​របាយ​ការ​ណ៍លំអិត​អំពី​ករណី​ផ្ទុះអាវុធ​នេះ​បន្ថែម​ទៀត ដើម្បី​ដាក់​គោរព​ជួន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​
ជ្រាប​៕

អត្ថបទសរសេរ ដោយ