ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិឆោឡោ! ក្រោយប្រទះ​ឃើញ​ឡិចស៊ីស RX-330 ​ខ្ទេច​មុខ​គ្រប​ទុក​​ចោល​តាម​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាកឡិចស៊ីស RX-330 មួយ​គ្រឿង ​អត់​មាន​ស្លាក​លេខ អត់​ប័ណ្ណ​បង់ពន្ធ ឆៀក និង​មី​ញ៉ែ​ត​ពន្ធ ហើយ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ…

​រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាកឡិចស៊ីស RX-330 មួយ​គ្រឿង ​អត់​មាន​ស្លាក​លេខ អត់​ប័ណ្ណ​បង់ពន្ធ ឆៀក និង​មី​ញ៉ែ​ត​ពន្ធ ហើយ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ ធ្លាក់​កាង​ក្រោយ​និង​ក្រ​ពិត​ទ្វារ​ក្រោយ​ទៀត​ផង​នោះ ត្រូវ​បាន​ម្ចាស់​គ្រប​ក្រណាត់​ទុក​ចោល​នៅ​តាម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ព្រោះ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​អ្វីមួយ​។​

ក្រោយមក​ទើប​លេចមុខ​បុរស​ម្នាក់​ទៅ​កាន់​ទីនោះ​ដែរ​និង​អះអាង​ថា​គាត់​ជា​ម្ចាស់​រថយន្ត​នេះ​ហើយ​គាត់​បាន​ប្រាប់​នគរបាល​ថា បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​កាលពី​យប់ ប៉ុន្តែ​គាត់​និយាយ​មិន​ប្រាកដ​ថា កើតឡើង​នៅ​កន្លែង​ណា​ឡើយ​។ ដោយ​ម្ដង​ប្រាប់​ថា​កើត​នៅ​ក្នុង​ខណ្ឌទួលគោក ម្ដង​ថា​នៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​ក្រោយមក​ថា​បុក​បា​រ៉ា​ស់​នៅ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ទៅ​វិញ​។

ហេតុការណ៍​​ខាងលើនេះបង្កការ​ភ្ញាក់ផ្អើលបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល ​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ចត​ចោល​នៅ​តាម​ផ្លូវ​ក្នុងភូមិ ប៉ុន្តែ​នៅ​ភ្លាម​ៗ​នោះ​អត់​ទាន់​ស្គាល់​ថា​ជា​រថយន្ត​ម៉ាក​អ្វី​នៅឡើយ​ទេ ហើយដោយ​មានការ​សង្ស័យ​ពួក​គាត់​ក៏​បាន​បើក​ក្រណាត់​មើល​ ទើប​ស្គាល់​​ថាជា​​ម៉ាក​ឡិចស៊ីស​ RX-330 ព​ណ៍​ស្ករ​ ។ មិនតែប៉ុណ្ណោះ​អ្វី​ដែល​រឹតតែ​មានការ​សង្ស័យ​ខ្លាំង​ថែម​ទៀត​នោះ​គឺ​រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ ធ្លាក់​កាង​ក្រោយ​និង​ក្រ​ពិត​ទ្វារ​ក្រោយ ហើយ​ថែម​ទាំង​អត់​មាន​ស្លាក​លេខ អត់​ប័ណ្ណ​បង់ពន្ធ ឆៀក និង​មី​ញ៉ែ​ត​ពន្ធ​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​ខ្លាច​រថយន្ត​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​ផ្សេង​ទៀត​ក្រៅពី​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នោះ ​ទើប​ពួក​គាត់​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ឲ្យ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម​ៗ ចំណែក​ខាង​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​បាន​ចុះ​ទៅ​ដែរ​។ នៅ​ពេល​ភ្លាម​ៗ​ នគរបាល​ក៏​មិន​ទាន់​ដឹង​ថា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​ដែរ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​ដែល​កំពុង​មានការ​ភ្ញាក់ផ្អើល ​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ខោខ្លី​ព​ណ៍​ខៀវ​ ពាក់​អាវយឺត ​ព​ណ៍​ខ្មៅ​ដៃខ្លី ​ចេញ​មុខ​ថា​ជា​រថយន្ត​របស់​ខ្លួន​ដែល​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​កាលពី​យប់​មិញ ហើយ​ខ្លួន​មាន​ទីលំនៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ​។

បុរស​​ម្នាក់ដែលអះអាងថាជា​ម្ចាស់រថយន្ត​ខាងលើ​បាន​និយាយ​ប្រាប់​នគរបាល​ថា រថយន្ត​របស់​​គាត់​​មាន​ស្លាក​លេខ ប័ណ្ណ​បង់ពន្ធ ឆៀក និង​មី​ញ៉ែ​ត​ពន្ធ​ត្រឹមត្រូវ​ តែ​ក្រោយ​កើតហេតុ​ ខ្លួន​បាន​ដោះ​ទុក ហើយ​កាលពី​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ ទើប​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែប​នេះ​។​ ប៉ុ​ន្ត​បុរស​នេះ​ហាក់​និយាយ​ត្រឡប់ត្រឡិន​មិន​ច្បាស់លាស់​សោះ ដោយ​ម្ដង​ថា​ជួប​គ្រោះថ្នាក់​នៅ​ក្នុង​ខណ្ឌទួលគោក និង​ម្ដង​ថា​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។​

លុះ​ក្រោយមក​ បុរសខាងលើ​បាន​និយាយ​ថា នៅ​វេលា​យប់​នោះ ​គាត់​ ​និង​ប្រពន្ធ​បាន​ទៅ​ផឹក​ស៊ី​នៅ​ម៉ុង​ឌី​យ៉ា​ល់ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ មិន​បាន​ចូល​ផ្ទះ​ឡើយ​ដោយ​បាន​បើក​ហួស​ទៅ​រក​ទិញ​ទឹក​ហូប​នៅ​ឯ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​ ។​ ក្រោយ​ពេល​ទិញ​រួច​ក៏​បើករថយន្ត​ត្រឡប់​មក​វិញ​ហើយ ក៏​បាន​បុក​បា​រ៉ា​ស់​នៅ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែប​នេះ​តែ​ម្ដង បន្ទាប់​មក​​គាត់​​បាន​បើករថយន្ត​ទាំង​ខូចខាត​បន្តដំណើរ​ទៅ​ផ្ទះ តែ​ដោយសារ​តែ​ទៅ​មុខ​ទៀត​លែង​រួច​ទើប​ចត​ទុក​ចោល​កន្លែង​នោះ​តែ​ម្ដង​ទៅ​។

នគរបាល​បាន​ប្រាប់​ថា មិន​ទាន់​ជឿ​លើ​ការ​និយាយ​របស់​បុរសជា​ម្ចាស់​រថយន្ត​រូប​នេះ​ទាំងស្រុង​នៅឡើយ​ទេ ​ព្រោះ​បុរសរូបនោះ​និយាយ​មិន​ច្បាស់​ពី​កន្លែង​គ្រោះថ្នាក់​ឲ្យ​ប្រាកដ​ថា​កន្លែង​ណាមួយ​សោះ ដូច្នេះ​មិន​អាច​ប្រគល់​រថយន្ត​ឲ្យ​យក​ទៅ​ជួសជុល​ភ្លាម​ៗ​បាន​ទេ មាន​តែ​ស្ទូច​យក​ទៅ​រក្សា​ទុក​សិន រង់ចាំ​​បុរសជាម្ចាស់​រថយន្ត​ចង្អុលបង្ហាញ​ពី​ទីកន្លែង​គ្រោះថ្នាក់​ឲ្យ​បាន​ច្បាស់​សិន​ថា​តើ​មានការ​ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ឬ​ឯកជន​ណាមួយ​ឬ​អត់​សិន ទើប​អាច​ដោះស្រាយ​និង​ប្រគល់​រថយន្ត​ជូន​គាត់​វិញ​បាន​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ