តារា​សម្តែង​ម៉ុង ប៊ុ​ន​ណូ​រ៉ា និង​លោក ជា ឈី​ម ប៉ះ​សម្តី​គ្នា​រឿង​លុយ​ថតកុន


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក ម៉ុង ប៊ុ​ន​ណូ​រ៉ា និង​ចាងហ្វាង​ផលិតកម្ម​លោក ជា ឈី​ម បាន​ប៉ះ​សម្តី​គ្នា ជុំវិញ​រឿងរ៉ាវ​លុយ​ថតកុន ដែល​តារា​សម្តែង​រូប​នេះ​បាន​ចោទប្រកាន់​មក​លើ​លោក ជា ឈី​ម ថា មិន​បាន​បើកប្រាក់​ថត​គ្រប់​ចំនួន​ក្នុង​ពេល​ដែល​លោក​បាន​សម្តែង​រឿង «​ទឹកនឹង​ប្រេង»។

រឿងរ៉ាវ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​បាន​ប៉ះ​សម្តី​គ្នា​យ៉ាង​ស្រើបស្រាល ជាមួយនឹង​ការ​សរសេរ​សារ​បង្ហោះ​ជា​សាធារណៈ ដោយ​បាន​រំលើកបើកកកាយ​ជះ​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិនដឹង​ថា ភាគី​ណា​ត្រូវ និង​ភាគី​ណា​ខុស​នោះ​ឡើយ​។

តារា​សម្តែង​វ័យក្មេង​លោក ម៉ុង ប៊ុ​ន​ណូ​រ៉ា បា​នប​ង្ហោ​សារ​ដោយ​ភ្ជាប់​ជាមួយនឹង​រូប​លោក ជា ឈី​ម ថា «​ខ្ញុំ​មិន​ចូល​ចិត្ត សន្យា​តែ​មាត់​ទេ​»​។ លោក​បញ្ជាក់​ថា «​លុយ​ត្រូវ​បើក​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃ​នោះ បើក​មិន​គ្រប់ បើ​មិន​ឆាត​ទៅ​សួរ គឺ​មិន​ខ្វល់​ពី​យើង​ទេ​។ មិន​គោរព​សន្យា លុយ​កម្លាំង​យើង​សោះ ត្រូវ​តាម​ទារ​គេ ដូច​ជា​មិន​ថ្លៃថ្នូរ​សោះ​។ មើលទៅ​បងប្អូន ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា _ នេះ​ហើយ​ផលិតកម្ម #Chea_Chhim រឿង ទឹក​និង​ប្រេង​» ។

ដោយឡែក​ចាងហ្វាង​ផលិតកម្ម លោក ជា ឈី​ម ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​កាន់​តារា​សម្តែង​លោក ម៉ុង ប៊ុ​ន​ណូ​រ៉ា វិញ​ថា «​ខ្ញុំ​សូម​ស្រាយ​បំភ្លឺ​ជូន​ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ផលិតកម្ម ជា ឈី​ម ជូន​សាធារណជន​ឱ្យ​ជ្រាប​ថា ចំពោះ​បុគ្គល​ឈ្មោះ​(Mong Bun Nora) ដែរ​ថា ខ្ញុំ​មិន​បើក​លុយ​ថ្លៃ​សម្តែង​អោយ​ចំនួន​400$ ហើយ​ផុស​បរិហារកេរ្តិ៍ ខ្ញុំ​ជា​សាធារណៈ​»​។

លោក​បញ្ជាក់​ថា «​លោក​ថត​អោយ​ខ្ញុំ​មិន​ទាន់​ចប់​ឯណា បើ​រឿង​ខ្ញុំ​ថត​ចប់ ហើយ​ចាក់​បញ្ចាំង​ទៅ ខ្ញុំ​មិន​បើក​អោយ​ទេ ចាំ​ធ្វើ​អ​ញ្ចឹ​ង ទ​ង្វើ​ដែល​បុគ្គល​រូប​នេះ​កំពុង​ធ្វើ​គឺជា​ទ​ង្វើ​មនុស្ស​អវិជ្ជា មិនដឹង​ថា​ខ្លួនឯង​កំពុង​ជាន់ពន្លិច​តំ​ម្លៃ​ជា​តារា​សម្ដែង​ខ្លួនឯង និង​តារា​សម្ដែង​ដទៃ​ទៀត​ដែរ ធ្វើ​ទ​ង្វើ​មិន​សមជា​តារា​សម្តែង​ទេ បើ​ច​រិ​ក​តារា​សម្ដែង​ស្រុក​ខ្មែរ​ដូច​អ្នកឯង​នោះ​មិនដឹង​សិល្បៈ​ស្រុក​ខ្មែរ​ទៅ​ជា​យ៉ាងណា​ទេ​។ លុយ​ត្រឹមតែ​400$​ទេ ហើយ​រឿង​ក៏​ថត​មិន​ទាន់​ចប់ និង​ដាក់​បញ្ចាំង​ដែរ »​។

គ្រា​ដែរ លោក ជា ឈី​ម បាន​បង្ហោះ​នោះ លោក​ក៏​បាន​ស្នើ​ឲ្យ​តារា​សម្តែង​រូប​នេះ សុំ​ចេញ​មុខ​បកស្រាយ​ក្នុង​រយៈពេល​48​ម៉ោង​ជា​បន្ទាន់ បើ​មិន​ចេញ​មុខ​មក​ដោះស្រាយ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ តារា​សម្តែង​លោក ម៉ុង ប៊ុ​ន​ណូ​រ៉ា បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រហូត​មក​ទល់​ពេល​នេះ រូប​ល​លោក និង​លោក ជា ឈី​ម បាន​ចរចា​គ្នា​រួច​ហើយ ដោយ​លោក ជា ឈី​ម សន្យា​នឹង​ទូទាត់​លុយ​ដែល​នៅ​សល់​នោះ ហើយ​លោក​ក៏​យល់ព្រម​ទទួលយក​សំណើរ​នេះ​ជា​ថ្មី​ម្តងទៀត​។

លោក​បញ្ជាក់​ថា ប្រសិនបើ​គាត់ (​ជា ឈី​ម​) នៅ​មិន​គោរព​តាម​ការ​សន្យា​ទៀត​នោះ លោក​នឹង​មាន​វិធានការ​បន្ថែម​ទៀត ព្រោះ​លោក​ធ្វើ​នេះ គឺ​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ទេ គ្រាន់តែ​លោក​ចង់បាន​តម្លៃ​ពី​ពលកម្ម​របស់​លោក និង​ភាព​ត្រឹមត្រូវ​ដែល​លោក​បាន​បំពេញ​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ខាងលើ​នេះ គឺ​មិនមែន​ជា​លើក​ទី​១​ទេ ពោល​គឺ​វា​បាន​កើត​ឡើងជា​រឿយ​ៗ សម្រាប់​បណ្តា​ផលិតកម្ម​មួយ​ចំនួន​ទៀត ជាមួយនឹង​តួ​សម្តែង​ពាក់ព័ន្ធ​ទៅ​នឹង​លុយ​ថត​នេះ​ដូច​គ្នា ដែល​បញ្ហា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​អាប់អោន​មួយ​សម្រាប់​តម្លៃ​សិល្បៈ​ខ្មែរ ក្នុង​ពេល​ដែល​អ្នកសិល្បៈ​បាន​ទម្លាយ​បញ្ហា​នេះ​បញ្ចេញ​ជា​សាធារណៈ​បែប​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ