ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ព្រឹក​! បង្ក្រាប​បទល្មើស​នេសាទ២ស្រុក​​រឹប​អូស​ស្បៃ​មុង​ជា​ច្រើន​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ជា​២​គោលដៅ គឺ​នៅ​ស្រុក​ជល​គិរី
និង​ស្រុក​បរិបូណ៌ ដោយ​រឹបអូស​ឧបករណ៍​ល្មើស​នេសាទ​មាន​ដូច​ជា របាំង​ស្បៃ​មុង របាំង​សាច់​អួន​ក្រឡា​ញឹក ព្រមទាំង​លែង​កូន​ត្រី​ចម្រុះ​ជា​ច្រើន​គីឡូក្រាម​ចូល​ទៅ​ក្នុង​ទន្លេ និង​បឹង​ធម្មជាតិ​វិញ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ដែល​បាន​ដឹកនាំ​ការ​បង្ក្រាប​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា​នោះ សមត្ថកិច្ច​ចម្រុះ​បាន​សហការ​ជាមួយ​សហគមន៍​នេសាទ កង​រាជ​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​មន្ត្រី​នគរបាល ធ្វើការ​បែងចែក​កម្លាំង​ជា​គោលដៅ ក្នុង​នោះ​គោល​ដៅ​ទី​១-​ចុះ​បង្ក្រាប​បទល្មើស​នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ និង​គោលដៅ​ទី​២-​ចុះ​បង្ក្រាប​នៅ​ស្រុក​ជល​គី​រី ។

លោក លី ឡា បន្ត​ថា ជា​លទ្ធផល​សរុប​ទាំង​២​កន្លែង ក្នុង​ការ​បង្ក្រាប​រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា​នោះ គឺ​បង្ក្រាប​របាំង​ស្បៃ​មុង​ចំនួន​១៥​កន្លែង ស្មើនឹង​៤០០​ម៉ែត្រ លប​លូ​ស្បៃ​មុង​ចំនួន​១៧​មាត់ រឹបអូស​អួន​ក្រឡា​ញឹក​បាន ៣៨​កន្លែង ស្មើនឹង​៧៦០​ម៉ែត្រ លប​លូ​សាច់​អួន​ក្រឡា​ញឹក​៣៨​មាត់ ដកហូត​បង្គោល​សរុប​ចំនួន​៨០០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ទៅ​ក្នុង​ទន្លេ​និង​បឹង​ធម្មជាតិ​វិញ​ជាង​៨០​គីឡូក្រាម ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៣៧​នាក់ ដោយ​បាន​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ចំនួន​១០ គ្រឿង ។ ជា​ការ​កត់សម្គាល់ ក្នុង​រដូវ​បិទ​នេសាទ​ដែល​ទឹកទន្លេ​ទើបនឹង​ឡើង​បន្តិចបន្តួច​នេះ បទ​ល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ គឺ​ប្រើ​របាំង​និង​លប​ធ្វើ​ពី​សាច់​អួន​ក្រឡា​ញឹក ចំណែក​នៅ​ស្រុក​ជល​គិរី​គឺ​ប្រើ​របាំង​និង​លប​ស្បៃ​មុង ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល លី ឡា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​បន្ត​នេសាទ​ក្នុង​រដូវ​ហាមឃាត់ ដូច​ជា​ការ​ប្រើប្រាស់​លប​លូ​ស្បៃ​មុង និង​លប​សាច់​អួន​ក្រឡា​ញឹក​នេះ​ជា​ដាច់ខាត ។ ក្នុង​រដូវ​បិទ​នេសាទ​គឺ​ត្រី​កំពុង​សម្រុក​រក​ព្រៃ​ដើម្បី​ពង​កូន ប្រសិនបើ​យើង​នៅ​តែ​បន្ត​នេសាទ បំផ្លាញ​វា គួប​ផ្សំ​នឹង​ទឹកទន្លេ ទើប​ឡើង​បន្តិចបន្តួច​ផង​នោះ ពូជ​មច្ឆជាតិ​នឹង​ត្រូវ​វិនាស​សាបសូន្យ​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ