ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺសារ​ទឹក​ និង​បូស​ខ្យល់​លើ​គោ​ក្របី​253​ក្បាល ​និង​ងាប់​49​ក្បាល​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជំងឺសា​ទឹក​និង​បូស​ខ្យល់ បណ្តាល​ឲ្យ​គោក្របី​ងាប់​ចំនួន​៤៩​ក្បាល​ជា​បន្ត​បន្ទាប់ និង​ឈឺ​ជាង​២៥០​ក្បាល ក្នុង​នោះ​នៅ​ឃុំ​ទួល​ស្តី និង​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា មាន​គោក្របី​ងាប់​៣៥​ក្បាល ឈឺ​ជិត​២០០​ក្បាល…

ខេត្តស្វាយរៀង ៖ ជំងឺសា​ទឹក​និង​បូស​ខ្យល់ បណ្តាល​ឲ្យ​គោក្របី​ងាប់​ចំនួន​៤៩​ក្បាល​ជា​បន្ត​បន្ទាប់ និង​ឈឺ​ជាង​២៥០​ក្បាល ក្នុង​នោះ​នៅ​ឃុំ​ទួល​ស្តី និង​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា មាន​គោក្របី​ងាប់​៣៥​ក្បាល ឈឺ​ជិត​២០០​ក្បាល និង​នៅ​ភូមិ​បា​យ៉ាប ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ​មាន​គោក្របី​ឈឺ​៥៣​ក្បាល និង​ងាប់​១៤​ក្បាល ដោយសារ​ជំងឺសា​ទឹក ។ មូលហេតុ​មិន​បាន​ចាក់​វ៉ាក់សាំង មុន​ពេល​ភ្លៀង​ធ្លាក់​ដើមរដូវ​វស្សា ។

លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​ថា មាន​គោក្របី​របស់​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ ចាប់ផ្តើម​ឈឺ​តាំងពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ និង​ទើបតែ​ថ្ងៃ​ទី​២៨ ខែសីហា បាន​រាយការណ៍​មក​ដល់​មន្ត្រី​ជំនាញ ចុះ​ទៅ​មើលឃើញ​គោក្របី​ឈឺ​៥៣​ក្បាល ហើយ​បាន​ព្យាបាល​ជា​សះស្បើយ​៣៩​ក្បាល និង​គ្មាន​ឈឺ​ទៀត​ទេ ។

លោក​បន្ត​ថា ក្រៅពី​ឈឺ​៥៣​ក្បាល គោក្របី​របស់​ពលរដ្ឋ​តំបន់​នេះ​បាន​ងាប់​ចំនួន​១៤​ក្បាល ។​ដោយ​ឃើញ​ពី​បញ្ហា​នេះ ខាង​អគ្គនាយកដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​តាមដាន ផ្តល់​ថ្នាំ ចែក​ថ្នាំ និង​ចាក់​វ៉ាក់សាំង​ដល់​គោក្របី​មិន​ទាន់​ឈឺ ដើម្បី​កុំ​ឲ្យ​សត្វ​ឈឺ​និង​ឆ្លង​ទៅ​សត្វ​ផ្សេង​ទៀត ក្នុង​នោះ​បាន​ចាក់​វ៉ាក់សាំង​ដល់​គោក្របី​បាន​ចំនួន​២.៧១២​ក្បាល ក្នុង​ចំណោម​សត្វ​សរុប​៤.០៤៨​ក្បាល ។

លោក​ប្រធាន​ការិយាល័យ​បន្ថែម​ថា ដោយ​ឡែក​នៅ​ឃុំ​ទួល​ស្តី និង​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា មិន​មាន​គោក្របី​ឈឺ​ទៀត​ទេ ហើយ​មន្ត្រី​ជំនាញ​ចាក់​វ៉ាក់សាំង​បាន​២.៧៦៧​ក្បាល ក្នុង​ចំណោម​សត្វ​សរុប​៣.៨១៤​ក្បាល ។ កន្លង​មក នៅ​ឃុំ​ទាំង​២​នេះ មាន​គោក្របី​ងាប់​៣៥​ក្បាល ហើយ​ឈឺ​ជិត​២០០​ក្បាល តែ​មក​ដល់​ថ្ងៃ​ទី​១ ខែកញ្ញា បាន​ព្យាបាល​ជា​សះស្បើយ​អស់ហើយ ។

មូលហេតុ​នាំ​ឲ្យ​គោក្របី​មាន​ជំងឺ​ច្រើន​រហូត​ងាប់​ជា​បន្តបន្ទាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោក្របី​រាយការណ៍​យឺតយ៉ាវ និង​ម្យា​៉​ង​ចំ​ថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ទៀត​ចំណែក​គោក្របី​ឈឺ​ហើយ​ឆ្លង​គ្នា​ដោយសារ​ប្រជា​ពលរដ្ឋ​មាន​កន្លែង​ឃ្វាល​តែ​មួយ ។

ទោះបីជា​យ៉ាងណា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ក​សិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជា​មួយ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ចុះ​មក​ជួយ​អន្តរាគមន៍​ពិនិត្យ និង​ព្យា​បាល ព្រមទាំង​ចាក់​វ៉ាក់សាំង​ដល់​គោក្របី មិន​ទាន់​មាន​ជំងឺ​កុំ​ឲ្យ​ឈឺ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ