ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អេកូ​យុវ​ទូត​បង្កើត​កម្មវិធី «​ដេក​គិត​» បង្ហាញ​ពី​បញ្ហា​សង្គម ឫ​បញ្ហា​បរិស្ថាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន តម្រូវការ និង​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ក៏​បាន​នឹង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ការ​ផ្លាស់​ប្តូរ​ខ្លះ​បាន​បង្ក​ជា​បញ្ហា​ជា​ច្រើន​មិន​ថា បញ្ហា​សង្គម ឫ​បញ្ហា​បរិស្ថាន ។ បញ្ហា​ទាំងនេះ ភាគច្រើន​កើត​ចេញពី​របៀប​រស់នៅ​របស់​បុគ្គល​នីមួយ​ៗ…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន តម្រូវការ និង​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ក៏​បាន​នឹង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ការ​ផ្លាស់​ប្តូរ​ខ្លះ​បាន​បង្ក​ជា​បញ្ហា​ជា​ច្រើន​មិន​ថា បញ្ហា​សង្គម ឫ​បញ្ហា​បរិស្ថាន ។

បញ្ហា​ទាំងនេះ ភាគច្រើន​កើត​ចេញពី​របៀប​រស់នៅ​របស់​បុគ្គល​នីមួយ​ៗ ដែល​មាន​តម្រូវការ​លើស​កំណត់ និង​មានការ​គិត​មិន​ទាន់​ស៊ីជម្រៅ​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​មើល​រំលង​ទៅ​លើ​សកម្មភាព​តូច​ៗ ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​សុខុមាលភាព​របស់​ភព​ផែនដី ។ ដោយ​សង្កេត​ឃើញ និង​ចង់​បង្កើត​ឱកាស​ឱ្យ​មាន​ជា​វេទិកា​សម្រាប់​បង្ហាញ​ក៏​ដូច​ជា ពិភាក្សា​អំពី​បញ្ហា​ទាំងនេះ​ទៅ​កាន់​ប្រជាជន​កម្ពុជា​អេកូ​យុវ​ទូត​បាន​នឹង​កំពុង​បង្កើត​គម្រោង​ថ្មី​មួយ​មានឈ្មោះ​ថា «​ដេក​គិត​» ដែល​ជា​ប្រព័ន្ធ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម (Multimedia platform) សម្រាប់​ធ្វើការ​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​ចាប់អារម្មណ៍​ទៅ​លើ​ចំនុច​តូច​ៗ​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​បែប​អវិជ្ជមាន​ទៅ​លើ​ភព​ផែនដី​របស់​យើង ។

តាម​រយៈ​ការ​បកស្រាយ​របស់​អ្នកគ្រប់គ្រង​កម្មវិធី​វ័យក្មេង​លោក​ប្រាជ្ញ សឹ​ង្ហ​ជាលី ប្រធាន​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​នៃ​អេកូ​យុវ​ទូត​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០​ថា «​ផែនដី គឺជា​ផ្ទះ​តែ​មួយ​គត់​របស់​យើង ដូចនេះ​បញ្ហា​របស់​ភព​ផែនដី គឺជា​ទំនួល​ខុស​ត្រូវ​របស់​យើង​ទាំងអស់​គ្នា ។ វា​គួរតែ​ដល់​ពេល​ហើយ ដែល​យើង​ត្រូវ​ចេះ​គិតគូរ​ពីរ​សកម្មភាព​តូច​ៗ​ដែល​យើង​មើល​រំលង តែ​វា​បាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ភព​ផែនដី​មួយ​នេះ​» ។

លោក​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ «​ដេក​គិត​» ក៏​ចង់​បង្ហាញ​អោយ​ប្រជាជន​កម្ពុជា​យល់​ដឹង​អំពី​ឫសគល់​នៃ​បញ្ហា​ក៏​ដូច​ជា សិក្សា​បន្ថែម​ពី​ដំណោះស្រាយ​បែប​ស៊ីជម្រៅ​ដែល​មាន​ភាព​សម​ស្រប​ក្នុង​ការយ​កមក​អនុវត្ត​ជាក់ស្តែង ក្នុង​បរិបទ​រស់នៅ​របស់​ប្រជាជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ការ​ចង់​ដឹង ចង់​លឺ​នូវ​អ្វី​ថ្មី​ៗ​របស់​យុវជន ជា​ហេតុ​នាំ​ឲ្យ «​ដេក​គិត​» ជឿជាក់​ថា ក្រុម​យុវជន​ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៥​ឆ្នាំ គឺជា​កតា​លិ​ករ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​គោលបំណង​របស់ ដេក​គិត ទទួល​បាន​ជោគជ័យ តាម​រយៈ​មាតិការ​ឌី​ជី​ថ​ល​របស់​ខ្លួន ។ ដោយ​មើលឃើញ​ពី​តម្រូវការ​របស់​ក្រុម​គោលដៅ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​ខាងលើ ដេក​គិត នឹង​ធ្វើការ​ផលិត​ជា​មាតិការ​ឌី​ជី​ថ​ល​ថ្មី​ៗ ក្នុង​រូបភាព​ជា​វី​ដេ​អូ​ស៊េរី អត្ថបទ​ពង្រឹង​ចំណេះដឹង និង​រូបភាព​ក្រា​ហ្វិ​ច​អប់រំ​ផ្សេង​ៗ ដែល​សុទ្ធ​សឹង​ជា​ជំនួយ​សម្រាប់​ក្រុម​គោលដៅ ក្នុង​ការ​សិក្សា​បន្ថែម​អំពី​ប្រធានបទ​នីមួយ​ៗ​ដែល​នឹង​និយាយ​អំពី​ទម្លាប់​រស់នៅ ដែល​នាំ​អោយ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​យើង​ទាំងអស់​គ្នា ។

«​ដេក​គិត​» សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​មាតិកា​ដែល​ដេក​គិត និង​ផ្ដល់​ឲ្យ ដើម្បី​ជា​ការ​ដាស់​អារម្មណ៍​ឲ្យ​ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន​ជំនាន់​ថ្មី​ទទួលយក​ក៏​ដូច​ជា ស្វែង​យល់​បន្ថែម​អំពី​របៀប​រស់នៅ​ដែល​ប្រកបដោយ​និរន្ត​ភាព និង​សន្តិភាព​រវាង​មនុស្ស និង​ធម្មជាតិ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ