ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ថា លោក​សប្បាយ​រីករាយ​ក្នុង​ការ​រៀន​ភាសា និង​អំពី​វប្បធម៌​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​ថា ពេលវេលា​មួយ​ឆ្នាំ គឺ​ពិតជា​ដើរ​លឿន​ណាស់ បន្ទាប់​ពី​ពេល​ដែល​លោក​បាន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​ថា ពេលវេលា​មួយ​ឆ្នាំ គឺ​ពិតជា​ដើរ​លឿន​ណាស់ បន្ទាប់​ពី​ពេល​ដែល​លោក​បាន មក​ដល់​កម្ពុជា ក្នុង​នាម​ជា​ឯកអគ្គរាជទូត​ជប៉ុន កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​មុន​។ លោក​សូម​ថ្លែង អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ស្វាគមន៍ និង​ផ្ញើ​សារ​ដ៏​កក់ក្តៅ​ជា​ច្រើន មក​ដល់​លោក​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បន្ត​ថា «​ក្រោយ​ពេល​ខ្ញុំ​បាន​មក​ដល់​កម្ពុជា ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​រៀន​ភាសា​ខ្មែរ ដើម្បី​បង្ហោះ​វី​ដេ​អូ​ជា​ភាសា​ខ្មែរ ក្នុង​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នៃ​ស្ថានទូត​ជប៉ុន​ជា​រៀង​រាល់​ស​ប្តា​ហ៍​។ នេះ​គឺជា​កិច្ចការ​មួយ​ដ៏​ពិបាក​ខ្លាំង សម្រាប់​ខ្ញុំ​ដែល​មិន​ធ្លាប់​រៀន​ភាសា​ខ្មែរ​ពី​មុន​មក​សោះ​។ ប៉ុន្តែ​ដោយសារ​ការ​អនុវត្ត និង​បន្ត​ហ្វឹកហាត់​ជា​រៀង​រាល់​ស​ប្តា​ហ៍ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​សប្បាយ​រីករាយ ដោយ​បាន​ស្វែង​យល់​ពី​វប្បធម៌​ខ្មែរ តាម​រយៈ​ការ​រៀន​ភាសា​»​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ត​ដូចនេះ​ថា «​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ខ្ញុំ​ក៏​មានឱកាស​បាន​ចុះ​បំពេញ​កិច្ចការ នៅ​ខេត្ត​មួយ​ចំនួន នៅ​កម្ពុជា​ផង​ដែរ​។

ហើយ​ក្នុង​នាម​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ខ្ញុំ​បាន​ចុះ​ទស្សនា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ គឺ​ប្រាសាទ​អង្គរ ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ និង​ប្រាសាទព្រះវិហារ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​ទីក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជាទី​កន្លែង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។ ខ្ញុំ​ចង់​ធ្វើ​ទស្សនកិច្ច​ខេត្ត​ផ្សេង​ៗ​ទៀត ដើម្បី​យល់​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់​»​។

តាំងពី​ដើមឆ្នាំ​នេះ​មក បញ្ហា​មេរោគ កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​យើង​ម្នាក់​ៗ​បាន​ផ្លាស់​ប្តូរ យ៉ាង​ខ្លាំង​។ ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ថិតស្ថេរ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​របស់ រដ្ឋាភិបាល និង​ប្រជាជន​ក៏​ដោយ លោក​ដឹង​ថា​ប្រជាជន​កម្ពុជា​ក៏​មានការ​ព្រួយបារម្ភ និង​ជួប​ប្រទះ​ការ​ពិបាក​ជា​ច្រើន​ផង​ដែរ​។ នៅ​ពេល​បច្ចុប្បន្ន​នេះ មានកម្ម​វិធី​ជា​ច្រើន​បាន​ផ្អាក និង​ពន្យារពេល ហើយ​ការ​ចេញចូល​ក្នុង និង​ក្រៅប្រទេស​ក៏​មានការ​រឹតត្បិត​។

កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែសីហា ថ្មី​ៗ​នេះ លោក ម៉ូ​តេ​ហ្គី រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ឯកភាព​គ្នា​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ថា​ប្រទេស​យើង​ទាំង​ពីរ​នឹង​បើក​ឲ្យ ប្រជាជន​យើង អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​បន្តិច​ម្តង​ៗ ដោយ​ស្រប​ជាមួយនឹង​វិធានការ​ផ្សេង​ៗ ទប់ទល់​នឹង​កូ​វី​ដ​-១៩​។ ជា​ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា «​ខ្ញុំ​ក៏​សូម​ណែនាំ​ពាក្យ​ជប៉ុន​មួយ​ឃ្លា​ថា “ピンチはチャンス“ ដែល​មាន​ន័យ​ថា ”​វិបត្តិ​គឺជា​ឱកាស​”​។ ទោះបីជា ស្ថិត​ក្រោម​ស្ថានភាព​បែប​នេះ​ក៏​ដោយ ខ្ញុំ​នឹង​នៅ​តែ​គិតគូរ​ថា តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ក្នុង​នាម​ជា​ឯកអគ្គរាជទូត​ជប៉ុន និង​បន្ត​ព្យាយាម​ជំរុញ​បន្ថែម ទៀត​នូវ​មិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ ដោយ​សហការ​ជាមួយ លោក លោកស្រី​»៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ