ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាបស្ទង់មតិអ្នករស់នៅលើអគារទ្រុឌទ្រោមអាយុ70ឆ្នាំនេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ​អង្គរ​ជ័យ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម​ប៊ី​អេស​ក្នុង​ខណ្ឌ​៧​មក​រា ដែល​ពេល​នេះ មាន​អាយុកាល​៧០​ឆ្នាំ​ហើយ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ព្រមទាំង​បាន​របេះ​ជ្រុះ​ផ្នែក​ខ្លះនៃ​សំណង់​មក​លើ​ផ្លូវ តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​រថយន្ត​១​គ្រឿង​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ…

រាជធានី​ភ្នំពេញ ៖ អគារ​អង្គរ​ជ័យ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម
​ប៊ី​អេស​ក្នុង​ខណ្ឌ​៧​មក​រា ដែល​ពេល​នេះ មាន​អាយុកាល​៧០​ឆ្នាំ​ហើយ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ព្រមទាំង​បាន​របេះ​ជ្រុះ​ផ្នែក​ខ្លះនៃ​សំណង់​មក​លើ​ផ្លូវ តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​រថយន្ត​១​គ្រឿង​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ ។

ដោយ​មើលឃើញពី​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​នៃ​សំណង់​អគារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ​នេះ ប្រមាណ​ជិត​១០០​នាក់ មក​ប្រជុំ​ផ្សព្វផ្សាយ​ដើម្បី​រិះរក​ដំណោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ចៀសវាង​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​នោះ ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា អគារ​អង្គរ​ជ័យ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម​ប៊ី​អេស កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស​កែង​មហាវិថី​កម្ពុជា​ក្រោម គឺជា​អគារ​ចាស់​ទ្រុឌទ្រោម​មាន​អាយុ​កាល​៧០​ឆ្នាំ​ហើយ គឺមិន​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​បាន​ទៀត​ទេ ព្រោះ​វា​អាច​នឹង​កើត​មាន​ឡើង នូវ​ហា​និភ័យ​ខ្ពស់​ជាយថាហេតុ ។

ឯកឧត្តម​អភិបាល​បន្ត​ថា ដោយ​មើលឃើញពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​នេះ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋដែល​ស្នាក់​នៅ​ក្នុង​អគារ​នេះ​មក​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ចៀស​ផុត​ហានិភ័យ​ផ្សេង​ៗដែល​នឹង​កើត​ចេញពី​អគារ​ចាស់​នេះ ។ លោក​បន្តថា ការ​កោះ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់មកនេះ គឺ​ដើម្បី​រក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ដោះ
ស្រាយ​ឱ្យ​បាន​សម​ស្រប​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ចង់បាន ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​រក្សា​កម្មសិទ្ធិគ្រប់យ៉ាង​ជូន​បងប្អូន​ប្រជាពលរដ្ឋមាន​ន័យ​ថា បើ​ស្នាក់​នៅ​១​បន្ទប់ ២​បន្ទប់ ឬ​៥​បន្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សា​កម្មសិទ្ធិ​ជូន​បងប្អូន​ទាំង​អស់ និង​ម្យ៉ាងទៀត​គឺ​ដើម្បី​រក្សា​ការពារ​នូវ​អាយុជីវិត​របស់​បងប្អូន ដោយ​បងប្អូន​មិន​អាច​រស់​លើ​អគារ​ទ្រុឌទ្រោម​នេះ​បាន​ទៀត​ទេ ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថារដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​អាណាព្យាបាលរបស់​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​គិតគូរ​ពី​សុខទុក្ខរបស់​បងប្អូន​ហើយ បើ​បងប្អូន​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​មក​លើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរកដៃគូ​​មក​​ធ្វើការ​វិនិយោគ​ដែល​អាច​សាងសង់​អគារថ្មី​នៅ​លើ​ទីតាំង​ចាស់ អាច​រក​ម៉ូយ​មក​ទិញ​អគារ​នេះ ឬ​ក៏​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រៃ​អង្គាស​គ្នា ដើម្បី​ធ្វើការ​ជួសជុល​អគារ​នេះ​ឡើង​វិញ ។ ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អ្វី​ដែលជា​គោលបំណង​ពិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទីតាំង​នេះ​ជាមួយនឹង​ការ​ប្រឈម​មុខ​នូវ​ហានិភ័យ​ខ្ពស់​បែប​សព្វ​ថ្ងៃនេះ​បាន​ទេ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​បំណង​របស់​ពួក​គាត់​ផង​ដែរ ដោយ​ពួក​គាត់​ទទួលស្គាល់​ថា អគារ​ខាងលើ​ពិតជា​អគារ​ចាស់​ទ្រុឌទ្រោម​ពិតមែន​និង​សូម​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​របៀប​ដូច​ការ​ដោះស្រាយ​នៅ​អគារ​ប៊ូ​ឌី​ង ប្រជាពលរដ្ឋ​រីករាយ​ជាមួយនឹង​ការ​ដោះស្រាយ​ទិញ​លក់​ក្នុង​តម្លៃ​ទីផ្សារសេរី ។

សូម​បញ្ជាក់​ថា អគារ​នៅ​ទល់មុខ​អតីត​អា​ពាណិជ្ជកម្ម​ប៊ី​អេស​នេះ​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​រស់នៅ​ចំនួន​៦៥​គ្រួសារ ស្មើនឹង​១០១​បន្ទប់ ដែលប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​ក៏​ធ្លាប់​​
ត្រូវ​បាន​អាជ្ញាធរ​សង្កាត់ ខណ្ឌ ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ជម្រាប​ជូន​អំពី​ស្ថានភាព អគារ​ចាស់​ទ្រុឌទ្រោម​នេះ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដើម្បី​ឱ្យ​បងប្អូន​ត្រៀមខ្លួន និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ឲ្យ​បាន​សម​ស្រប​ដែល​ប្រជាពលរដ្ឋ​ទទួលយក​ដោយ​ក្តី​រីករាយ និង​ចៀសវាង​នូវ​ហានិភ័យ​ផ្សេង​ៗ ។

ការ​ជួប​ប្រជុំ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា ដើម្បី​ជា​ការ​ស្ទាប​ស្ទង់រក​វិធី​ដោះស្រាយ​ជំហាន​ដំបូង​ប៉ុណ្ណោះ​មិន​ទាន់​សម្រេច​ថា​ត្រូវធ្វើ​បែប​នេះ​ឬ​បែប​​នោះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​ផ្អែក​ទៅ​លើ​ស្ថានភាព​នៃ​សំណង់​អគារគឺ​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ត្រូវ​តែ​រក​ច្រកចេញ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ ៕ ​

អត្ថបទសរសេរ ដោយ