ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នាយ​ក្រិន បច្ចុប្បន្ន​សាត់អណ្ដែត​ដល់​ណា​ហើយ ក្រោយ​បាត់​មុខ​ពី​ក្រុម​កំប្លែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​ជួប​រឿងប្រេះឆា​បែកបាក់​ភរិយា​រួច​មក តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន ត្រូវ​គេ​ឃើញ​ចូលរួម​សម្តែង​ក្នុង​វង់​ល្ខោនបាសាក់​មួយ​នៅ​ខេត្តកំពង់ស្ពឺ ខណៈ​បាត់​មុខ​ពី​ក្រុម​កំប្លែង ។ នាយ​ក្រិន ត្រូវ​គេ​ដឹង​ថា បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នា​ខេត្តបាត់ដំបង…

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​ជួប​រឿងប្រេះឆា​បែកបាក់​ភរិយា​រួច​មក តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន ត្រូវ​គេ​ឃើញ​ចូលរួម​សម្តែង​ក្នុង​វង់​ល្ខោនបាសាក់​មួយ​នៅ​ខេត្តកំពង់ស្ពឺ ខណៈ​បាត់​មុខ​ពី​ក្រុម​កំប្លែង ។

នាយ​ក្រិន ត្រូវ​គេ​ដឹង​ថា បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នា​ខេត្តបាត់ដំបង ជាមួយ​កូនប្រុស​ស្រី​ទាំង​៣​របស់​ខ្លួន បន្ទាប់​ពី​នាយ​ចោទ​ភរិយា​លួច​មាន​សហាយ​​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ​មក ។

ក្រោយ​ពី​ចាក​ចេញពី​ភ្នំពេញ​ទៅ​រស់នៅ​ខេត្តបាត់ដំបង​នោះ​មក គេ​មិន​បានដឹង​ពី​ដំណឹង​សុខទុក្ខ និង​ការ​រស់នៅ​របស់​នាយ​ក្រិន និង​កូន​ទេ ពោល​គឺ​នាយ​បាន​បាត់​ដំណឹង​ឈឹង​សូន្យ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាយ​ស្ទើរតែ​បាត់បង់​ទាំងស្រុង ។ យ៉ាងណា​ក្ដី​នាយ​ហុងដា ដែល​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​នាយ​ក្រិន ធ្លាប់​បាន​លើក​ឡើង​ថា បន្ទាប់​ពី​នាយ​ក្រិន​ទៅ​រស់នៅ​ឯ​ខេត្ត​នោះ នាយ​បាន​ធ្លាក់ខ្លួន​ឈឺ ជួបនឹង​ជីវភាព​ខ្វះ​ខ្វាត និង​ត្រូវ​ទទួល​រ៉ាប់រង​បីបាច់​ថែរក្សា​កូន​ទាំងអស់​ក្នុង​បន្ទុក ក្នុង​ពេល​ដែល​ហាង​របស់​នាយ​នៅ​ភ្នំពេញ​ក៏​បិទ​ទៀត ។

បន្ទាប់​ពី​ផ្ទុះ​រឿង​អាក្រក់​ក្នុង​គ្រួសារ​នោះ​មក​នាយ​ក្រិន ត្រូវ​មហាជន​បន្ត​ដាម​ដាន និង​ចង់​ដឹង​ពី​ស្ថានភាព​តារា​កំប្លែង​នេះ ដ្បិត​នាយ​ក៏​មានឈ្មោះ​បោះ​សំឡេង​មួយ​រូប​ក្នុង​ពិភព​សិល្បៈ ខណៈ​ពេល​ចំណងស្នេហា​របស់​លោក​ដែល​ជា​មនុស្ស​ខុស​ខ្នាត ជាមួយ​ភរិយា​រូប​ស្រស់​ត្រូវ​បាន​កាត់​ផ្តាច់​ម្តង​ជា​ពីរ​ដង ដែល​នោះ​គឺជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ។

ទោះជា​យ៉ាងណា​ក្ដី កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រាប់តែ​គេ​បានឃើញ​វត្តមាន​របស់​នាយ​ក្រិន ចូលរួម​សម្តែង​ជាមួយនឹង​វង់​ល្ខោន​មួយ​នៅ​ខេត្តកំពង់ស្ពឺ រួម​ជាមួយ​នាយ​ហុងដា ផង​ដែរ​។ នាយ​ត្រូវ​គេ​មើលឃើញ​មាន​សុខភាព និង​សាច់ឈាម​នៅ​ដូច​ដើម​ដដែល ។ បើ​យោង​តាម​ការ​Live តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់នាយ​ហុង ដា កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​នោះ ឃើញ​ថា នាយ​ក្រិន បាន​អង្គុយ​រួម​តុ​បាយ​ជាមួយ​នាយ​ហុងដា តារា​កំប្លែង និង​តួល្ខោន​មួ​​យ​ចំនួន​ទៀត ក្នុង​ពេល​ដែល​នាយ​ចេញ​សម្តែង​ក្នុង​វង់​ល្ខោន​នៅ​វត្ត​រលាំងគ្រើល ក្នុង​ខេត្តកំពង់ស្ពឺ ។

តាម​រយៈ​វី​ដេ​អូ​នោះ​នាយ ក្រិន ហាក់​មិន​បាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រស់នៅ​របស់​លោក​ឡើយ គ្រាន់តែ​លើក​ឡើង​ពី​ការ​ចូលរួម​សម្តែង​កំប្លែង​របស់​ខ្លួន​ជាមួយនឹង​នាយ​ហុងដា នៅ​ក្នុង​វង់​ល្ខោន​នោះ​។ នាយ​ក៏​បាន​អំពាវនាវ​ឲ្យ​មហាជន​ជួល​វង់​ល្ខោន​នោះ​ទៅ​សម្តែង​គ្រប់​កម្មវិធី ដែល​នាំ​ឲ្យ​នាយ​បាន​ចូលរួម​សម្តែង​ផង​ដែរ ។

យ៉ាងណា​ក្ដី បើ​ទោះបីជា​នាយ​ក្រិន ហាក់​មិន​មាន​ជំនាញ​លើ​សិល្បៈ​ល្ខោនបាសាក់​ក៏​ពិតមែន ប៉ុន្តែ​នៅ​ក្នុង​វង់​ល្ខោន​នោះ​ក៏​មានការ​បង្ហាញ​ជូន​ដល់​អ្នក​ទស្សនា​ពី​ឈុត​ឆាកកំប្លែង និង​ការ​សម្តែង​មួយ​ចំនួន​ទៀត មុន​ពេល​ការ​សម្តែង​ល្ខោន​ចាប់ផ្តើម ។

បន្ទាប់​ពី​បាន​សាង​ជីវិត​គ្រួសារ​នឹង​ប្រពន្ធ​ទី​២​ឈ្មោះ​នាង​យ៉ា​យ៉ា មានកូន​ពីរ​នាក់​បាន​ប៉ុន្មាន​ឆ្នាំ​មកនេះ ក៏​ផ្ទុះ​រឿង​រង្គោះរង្គើ​ឈាន​ទៅ​ដល់​ការ​ផ្តាច់ចំណង​ជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​កាលពី​ចុងឆ្នាំ​២០១៩ ធ្វើ​ឲ្យ​នាយ​ក្រិន ក្លាយជា​បុរស​ពោះម៉ាយ​ជា​លើក​ទី​២ និង​សុខចិត្ត​មើលថែ​ទាំ​កូន​ទាំង​៣​ដោយ​ខ្លួនឯង ។ បន្ទាប់​ពី​កាត់​ផ្តាច់ចំណង​ស្នេហ៍​ប្រពន្ធ​ទី​២​នោះ​រួច​មក នាយ​ក្រិន បាន​ប្រកាស​ដាច់​អហិង្សា​ថា ខ្លួន​នឹង​មិន​ផ្សះផ្សា​ណាមួយ ជាមួយ​នាង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ