ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ឧដុង្គ​ជា​បូជនីយដ្ឋាន​គោរព​បូជា​ផង និង​កម្សាន្ត​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្នំ​ឧដុង្គ​គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​មហាជន​គោរព​បូជា​រាល់ថ្ងៃ​ជាប់​មិន​ដាច់ ខណៈ​ពេល​ទៅ​លេង​កម្សាន្ត​លំហែកាយ​នៅ​ទីនោះ ។ ភ្នំ​ដ៏​ស្រស់​ស្អាត​និង​ល្បី​ល្បាញ​នេះ​ចាត់ទុកជា​ស្នូល​នៃ​«​ព្រះ​បរមរាជវាំង​មហានគរ​ឧត្តុង្គ​មាន​ជ័យ​បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន​»​ហៅ​ខ្លី​ថា «​ក្រុង​ឧត្តុង្គ​មាន​ជ័យ ឬ​ក្រុង​ឧដុង្គ​»​ជា​អតីត​រាជធានី​ចាស់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ បើ​យោង​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ​ជួន…

រាជធានី​ភ្នំពេញ ៖ ភ្នំ​ឧដុង្គ​គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​មហាជន​គោរព​បូជា​រាល់ថ្ងៃ​ជាប់​មិន​ដាច់ ខណៈ​ពេល​ទៅ​លេង​កម្សាន្ត​លំហែកាយ​នៅ​ទីនោះ ។ ភ្នំ​ដ៏​ស្រស់​ស្អាត​និង​ល្បី​ល្បាញ​នេះ​ចាត់ទុកជា​ស្នូល​នៃ​«​ព្រះ​បរមរាជវាំង​មហានគរ​ឧត្តុង្គ​មាន​ជ័យ​បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន​»​ហៅ​ខ្លី​ថា «​ក្រុង​ឧត្តុង្គ​មាន​ជ័យ ឬ​ក្រុង​ឧដុង្គ​»​ជា​អតីត​រាជធានី​ចាស់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

បើ​យោង​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ​ជួន ណាត ពាក្យ​ថា «​ដុ​ង្គ​» គឺជា​ពាក្យ​ប្រើ​ក្លា​យមក​ពី​សំ​. បា​. ឧត្តុង្គ មាន​ន័យ​ថា ខ្ពស់​, ខ្ពង់ខ្ពស់​; ប្រសើរ​; ថ្លៃថ្លា ឧដុង្គឧត្តម ឧត្តម​លើសលែង​, ប្រសើរ​​កន្លង ហើយ​គឺជា​ឈ្មោះ​រាជធានី​ចាស់​មួយ​របស់​កម្ពុជរដ្ឋ ស្ថិត​នៅ​ចន្លោះ​ទិសពាយ័ព្យ និង​ទិសឧត្តរ​នៃ​ក្រុងភ្នំពេញ និង​ជា​រាជធានី​ទី​១ មុន​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ ។

ក្រុង​ឧដុង្គ​មាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ជា​លម្អ មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ត្រដែតត្រដឹម ។ មាន​ផ្លូវ​ក្រាល​កៅស៊ូ​រហូត​ដល់​ភ្នំ និង​ព័ទ្ធ​ជុំវិញ​ភ្នំ មាន​កន្លែង​ចត​យាន​រថយន្ត មាន​ផ្សារ មាន​កន្លែង​លក់​បាយ​ម្ហូបអាហារ នំចំណី និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​ជា​ច្រើន​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ។ ចំណែក​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​មាន​ចំនួន​៣​គឺ​ទី​១,​ជណ្ដើរថ្ម​ស្ថិត​នៅ​ទិស​ខាងកើត​ឡើង​ទៅ​កាន់​ព្រះ​វិហារ​អដ្ឋរស្ស ។ ទី​២,​ផ្លូវ​ដី​ជម្រាល​ស្ថិត​នៅ​ទិស​ខាងជើង​ឡើង​ទៅ​ចំពាក់​កណ្ដាល​ភ្នំ ។ ទី​៣,​ជណ្ដើរថ្ម​ចំនួន​៥០៩​កាំ ស្ថិត​នៅ​ទិស​ខាងជើង​ឡើង​ទៅ​កាន់​ព្រះ​សក្យមុនីចេតិយ ។ មិនតែប៉ុណ្ណោះ​មាន​ដើមឈើ​នៅ​អម​សងខាង​ផ្លូវ​ឡើង នីមួយ​ៗ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ។

នៅ​ពេល​ទៅ​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ឧដុង្គ មនុស្ស​ភាគច្រើន​តែងតែបាន​ឡើង​ទៅ​លេង​និង​ទស្សនា​លើ​ភ្នំ​ឧដុង្គ គ្រប់​ៗ​គ្នា​ពុំដែល​ខកខាន ដោយ​អ្នកខ្លះ​បាន​ឡើង​តាម​ជណ្ដើរថ្ម​ខាងកើត និង​តាម​ផ្លូវ​ដី​ជម្រាល​ខាងជើង ព្រោះ​ឆាប់​ដល ់និង​មិនសូវ​ហត់ ។ លុះ​ពេល​ដើរ​លេង​ទស្សនា​លើ​កំពូលភ្នំ​អស់ចិត្ត​ទើប​ចុះ​មក​វិញ តាម​ផ្លូវ​ជណ្ដើរថ្ម​ខាងជើង ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​ឡើង​តាម​ជណ្ដើរថ្ម​ខាងជើង​ទៅ​កាន់​ព្រះ​សក្យមុនីចេតិយ​មុន រួច​ទើប​បន្តដំណើរ​ទៅ​ទស្សនា​ទី​បូជនីយដ្ឋាន​នានា​នា នៅ​លើ​កំពូលភ្នំ ហើយ​ចុះ​មក​វិញ​តាម​ផ្លូវ​ដី​ជម្រាល​ខាងជើង និង​ជណ្ដើរថ្ម​ខាងកើត​ដែរ។

នៅ​ពេល​ដែល​យើង​ស្ថិត​នៅ​លើ​កំពូលភ្នំ យើង​អាច​មើលឃើញ​ទេស​ភាស​ដ៏​រៀបរយ​នៅ​ខាង​ក្រោម​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​វាលស្រែ​ផ្ទៃ​បឹង និង​ភូមិឋាន​អ្នកស្រុក ព្រមទាំង​ទី​វត្ត​អារាម​យ៉ាង​ស្រស់​ត្រកាល​គួរ​ជាទី​មនោ​រម្យ ។ ជា​ពិសេស​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​នឿយណាយ​ទាំង​ប៉ុន្មាន​ប្រែ​ក្លាយជា​ស្រស់ថ្លា​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់ និង​ភាព​តានតឹង​ទាំងឡាយ ។ ដោយសារ​តែ​សម្រស់​ធម្មជាតិ​នៃ​ភ្នំ​នេះ ទើប​ព្រះមហាក្សត្រ​ជំនាន់​នោះ​សម្រេច​បង្កើត​រាជធានី​នៅ​ទីនោះ ។

រាជធានី​ឧដុង្គ​ធ្លាប់​មាន​ព្រះមហាក្សត្រ​គង់នៅ​ចំនួន​២៣​ព្រះ​អង្គ ចាប់តាំងពី​អំឡុង​គ​.​ស​១៦២០ ដល់​គ​.​ស​១៨៦៣ ប្រហែល​២៤៣​ឆ្នាំ មុន​នឹង​បញ្ចប់​នៅ​ត្រឹម​សម័យ​នៃ​ការ​គ្រប់គ្រង​របស់​ព្រះបាទ​នារាយណ៍​រាជា​រា​មា​ធិ​បតី ឬ​ព្រះ​អង្គ​តន់ ហើយ​ត្រូវ​បាន​ផ្លាស់​រាជធានី​ទៅ​កាន់​ក្រុងភ្នំពេញ​វិញ នៅ​ក្នុង​សម័យ​អាណានិគម​ន៍​បារាំង ។ អ​តី​តី​ត​រាជធានី​មួយ​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ភាគ​ពាយព្យ និង​ឧត្តរ​នៃ​រាជធានី​ភ្នំពេញ ហើយ​កាលពី​អតីតកាល​ស្ថិត​នៅ​ក្នុង​ខេត្ត​សំរោង​ទង តែ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុងភូមិ​ចំនួន​៥ និង​ឃុំ​ចំនួន​២​របស់​រដ្ឋបាល​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក្នុង​នោះ​រួម​មាន​១,​ភូមិ​ភ្នំ​ជ័យ​ឧត្តម ២,​ភូមិ​ស្រះ​ពោធិ៍ ដែល​ភូមិ​ទាំង​២​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​ដែក ៣,​ភូមិ​ពោធិ៍​រ៉ា​ល់ ៤,​ភូមិ​ត្រពាំង​ស្លែង ៥,​ភូមិ​ស្រះ​ពោធិ៍ ហើយ​ភូមិ​ទាំង​៣​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​បាត ។

នៅ​លើ​ភ្នំ​នេះ​មាន​ព្រះ​វិហារ​ព្រះពុទ្ធ​សាសនា​ដែល​អ្នកស្រុក​ហៅ​ថា​ព្រះ​វិហារ​អដ្ឋរស្ស​ខ្ពស់ត្រដែត ស្ថិត​នៅ​បែក​ខាងត្បូង​ដែល​ព្រះ​វិហារ​នេះ​បែរមុខ​ទៅ​រក​ទិស​ខាងជើង ខុស​ប្លែក​ពី​ព្រះ​វិហារ​នៅ​តាម​ទី​វត្ត​អារាម​ទាំងអស់ ដែល​បែរមុខ​ទៅ​ទិស​ខាងកើត ។ ការ​ដែល​ព្រះ​វិហារ​នេះ បែរមុខ​ទៅ​ទិស​ខាងជើង​បែប​នេះ​គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​រឿងព្រេង​និទាន​ផង​ដែរ ។

ម្យ៉ាង​បានជា​ហៅ​ថា​ព្រះ​វិហារ​អដ្ឋរស្ស​បែប​នេះ ក៏​ព្រោះតែ​ព្រះ​វិហារ​នោះ​មាន​តម្កល់​ព្រះពុទ្ធ​បដិមា​១​អង្គ​ដ៏​ធំ​អស្ចារ្យ​មាន​កម្ពស់​១៨​ហត្ថ​ហើយ​ពាក្យ​ថា «​អដ្ឋរស្ស​» ជា​ភាសាបាលី គឺ​១៨​នេះឯង​ហើយ សព្វ​ថ្ងៃនេះ​ព្រះ​វិហារ​អដ្ឋរស្ស​កំពុង​ត្រូវ​បាន​ជួ​ួ​ស​ជុល​មិន​រួចរាល់​នៅឡើយ ។ ក្រៅពី​នេះ​មាន​ព្រះ​ចេតិយ​ធំ​ៗ​ចំនួន​៣​ដែល​ហៅ​ថា ព្រះ​ចេតិយ​ត្រ័យ​ត្រឹ​ង្ស​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះមហាក្សត្រ​ខ្មែរ រួម​មាន ព្រះ​បរម​រា​ជានុ​កោដិ​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ,​ព្រះ​បរម​កោដិ​ព្រះបាទ​សម្ដេច​ព្រះ​​អង្គឌួង និង​ព្រះបាទ​ស្រី​សូ​រិ​យោ​ព​ណ៍ ។

ជា​ពិសេស​បំផុត​នោះ គឺ​មាន​ព្រះ​សក្យមុនីចេតិយ​ខ្ពស់ត្រដែត​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះ​សម្មាសម្ពុទ្ធ និង​ព្រះពុទ្ធ​បដិមា តូច​ៗ​ជាង​៣​ពាន់​អង្គ ដែល​ប្រជាជន​ខ្មែរ​យើង​ទាំង​ទី​ជិត​ទី​ឆ្ងាយ​តែង​ទៅ​គោរព​បូជា​សុំ​សេចក្ដីសុខ​ចម្រុងចម្រើន​រាល់ថ្ងៃ ។ ក្រៅពី​នេះ​នៅ​មាន​ទីកន្លែង​សក្ការបូជា​ជា​ច្រើន​កន្លែង​ទៀត​ផង​ដែរ ដូច​ជា​ព្រះ​ចេតិយ​តូច​ធំ​ដែល​បញ្ចុះ​ព្រះ​អដ្ឋិ​ព្រះ​ញាតិវង្សានុវង្ស គុហារ​ព្រះ​គោ ព្រះ​កែវ អ្នកតា​ដំបង​ដែក​ជាដើម ។​ល​។

ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ជិត​ព្រះ​សក្យមុនីចេតិយ​យើង​ឃើញ​មាន​មាន​ព្រះ​ចេតិយ ធំ​ៗ២​នៅ​ក្បែរ​គ្នា​នោះ គឺ​មួយ​ជា​ព្រះ​ចេតិយ​ព្រះបាទ​អង្គឌួង និង​មួយទៀត​ព្រះ​ចេតិយ​ព្រះបាទ​ស្រី​សុរិយោ​ព​ណ៍ រីឯ​ព្រះ​ចេតិយ​ធំ​១​ទៀត ស្ថិត​នៅ​ជួរ​ជាមួយ​គ្នា​នោះ​ដែរ តែ​នៅ​ឃ្លាតឆ្ងាយ​បន្តិច​ពី​ព្រះ​ចេតិយ​ទាំង​២​ខាងលើ​នោះ គឺ​ព្រះ​ចេតិយ​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះបាទ​ស៊ី​សុវត្ថិ ។

ព្រះ​ចេតិយ​ព្រះ​ស្រី​សុរិយោ​ព​ណ៍ មាន​លម្អ​ដោយ​ក្បាច់ និង​ចម្លាក់​ក្បាលដំរី​ព័ទ្ធ​ជុំវិញ​ចំនួន​៣២ ហើយ​ក៏​មាន​ចារឹក​អក្សរ​១​ផ្ទាំង​នៅ​ខាង​មុខ​ផង​ដែរ​ថា «​ព​.​ស​២១៦៦ មហាសករាជ​១៥៤៥ ចុល្លសករាជ​៩៨៥ ឆ្នាំកុរ​បញ្ច​ស័ក គ​.​ស​១៦២៧ ព្រះបាទ​សម្ដេចព្រះ​ជ័យ​ជេដ្ឋា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធ​បតី​ទ្រង់​សាង​ព្រះ​ចេតិយ​ត្រ័យ​ត្រឹ​ង្ស​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ខេត្ត​សំរោង​ទង​ធ្វើបុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះបាទ​សម្ដេចព្រះ​ស្រី​សូ​រិ​យោ​ព​ណ៍​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​ព្រះ​វ​រាជបិតា​ប្រ​សូត្រ​ឆ្នាំវក​សំ​រិ​ទ្ធិ​ស័ក គ​.​ស​១៥៤៩ សុវណ្ណ​គត​នៅ​ឆ្នាំមមែ​ឯកស័ក​» អក្សរ​ចារឹក​នោះ​នៅ​មាន​បន្ត​ទៀត ប៉ុន្តែ​ដោយសារ​តែ​រង​ការ​ខូចខាត​រលុប​បាត់ ខ្លះ​ៗ​ទៅ​ហើយ​នោះ ទើប​មិន​អាច​មើល​ដឹង​ថា​មាន​ខ្លឹមសារ​បែប​ណា​និង​សរសេរ​បង្ហាញ​បន្ត​ទៀត​បាន​ឡើយ ។ ផ្ទាំង​អក្សរ​ចារឹក​ខាងលើ​នេះ​ត្រូវ​បាន​ព្រះបាទ​សម្ដេចព្រះ​សុ​ី​សុវត្ថិ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មន្ត្រី​ក្រមការ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំម្សាញ់​នព្វស័ក គ​.​ស​១៩១៧ ដើម្បី​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ​បានដឹង​គ្រប់​ជំនាន់ ។

ចំណែក​ព្រះ​ចេតិយ​ដែល​បាន​បញ្ចុះ​ព្រះ​បរម​អដ្ឋិធាតុ​ព្រះបាទ​សម្ដេចព្រះ​អង្គឌួង ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ ក៏​មាន​លម្អ​ដោយ​ក្បាច់ និង​អក្សរ​ចារឹក​១​ផ្ទាំង​នៅ​ខាង​មុខ​នោះ​ផង​ដែរ​ថា «​ព​.​ស​២៤៣៤ ម​ហាស​រាជ​១៣១៣ ចុល្លសករាជ​១២៥៣ ឆ្នាំថោះ​ត្រី​ស័ក គ​.​ស​១៨៩១ ព្រះបាទ​សម្ដេចព្រះ​នរោត្តម​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី កសាង​ព្រះ​ចេតិយ​នេះ​នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​ដើម្បី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះបាទ សម្ដេចព្រះ​ហ​រី​រក្ស​រា​មា​ព្រះបាទ​អង្គឌួង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​ជា​ព្រះ​វររាជ​បិតា ប្រសូត​នៅ​ឆ្នាំរោង​អដ្ឋស័ក សោយរាជ្យ​បាន​១៤​ឆ្នាំ និង​ទ្រង់​សុវណ្ណ​គត ឆ្នាំវក​ទោស័ក​គ​.​ស​១៧៩៦​ព្រះ​ជន្មាយុ​៦៥​ឆ្នាំ និង​សម្ដេច​ព្រះរាជ​នី​បរមបពិត្រ ប្រសូត​នៅ​ឆ្នាំកុរ​សព្វ​ស​ក័ សុវណ្ណ​គត​ឆ្នាំមមែ​នព្វស័ក​គ​.​ស​១៨៩៥ ក្នុង​ព្រះ​ជន្មាយុ​៨១​ឆ្នាំ និង​ឆ្នាំម្សាញ់​នព្វស័ក ថ្ងៃ​ពុទ្ធ​២​រោ​ជ​ខែអស្សុជ​គ​.​ស​១៩១៧ ព្រះបាទ​សម្ដេចព្រះ​សុ​ី​សុវត្ថិ​ចោម​ចក្រពង្ស​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី ទ្រង់​បាន​ចាត់​ព្រះ​រាជពិធី​បញ្ចុះ​ព្រ​បរម​អដ្ឋិ​សម្ដេចព្រះ​វ​រាជ​នី​ជា​ព្រះ​វ​រាជមាតា​ប្រ​សូត្រ​នៅ​ក្នុង​ឆ្នាំរោង​ទោស័ក​គ​.​ស​១៨២០ » ។

រីឯ​ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​អដ្ឋិ​ព្រះបាទ​ស៊ី​សុវត្ថិ ក៏​មាន​លម្អ​ដោយ​ក្បាច់ចម្លាក ់និង​មាន​រំលេច​ដោយ​ចម្លាក់​ព្រហ្ម​មុខ​៤​នៅ​លើ​កំពូល​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌ និង​សេចក្ដី​រីក​ចម្រើន​រុងរឿង ហើយ​ក៏​មាន​ចារឹក​ជា​អក្សរ​នៅ​ខាង​មុខ​ព្រះ​ចេតិយ​នោះ​ផង​ដែរ ។ ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ គឺជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩០៤​ដល់​ឆ្នាំ​១៩២៧ ព្រះ​អង្គជា​ព្រះ​រា​បុត្រា​នៃ​ព្រះ​ហ​រី​រក្ស​រា​មា​ព្រះ​អង្គឌួង និង​ជា​ព្រះ​អនុជ​នៃ​ព្រះបាទ​នរោត្តម តែ​ព្រះ​មាតា​ទីទៃ​ទ្រង់​ព្រះរាជ​សម្ភព នៅ​ថ្ងៃ​អង្គា​រ៍​ទី​៧ ខែ​ខែកញ្ញា ឆ្នាំ​១៨៤០​នៅ​ក្រុង​ឧដុង្គ ទ្រង់​ឡើង​សោយរាជ្យ​សម្បត្តិ​បាន​២៤​ឆ្នាំ ព្រះ​ជន្ម​៨៨​ឆ្នាំ ទ្រង់​សោយ​ទីវ​ង្គ​ត​នៅ​ថ្ងៃ​អង្គា​រ៍​១១​រោ​ជ ខែ​ស្រាពណ៍ ឆ្នាំថោះ​នព្វស័ក ត្រូវ​និង​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​១៩២៧ នៅ​ក្រុង​ចតុម្មុខ​មង្គល ឬ​ក្រុងភ្នំពេញ​បច្ចុប្បន្ន ។

ព្រះបាទ​សម្ដេចព្រះ​ស៊ីវត្ថិ ទ្រង់មាន​ស្នាម​ព្រះ​ហ​ស្ថ​យ៉ាងច្រើន​ចំពោះ​ប្រទេស​ជាតិ ក្នុង​អំឡុង​ព្រះ​អង្គ​ឡើង​គ្រងរាជ្យសម្បត្តិ ដូច​ជា​ការ​ទាមទារ​រហូត​ឲ្យ​សៀម​ចុះ​សិទ្ធិ​សញ្ញា​ជាមួយ​រាជការ​អាណា​ព្យាបាល​បារាំង​ប្រគល់​ខេត្តបាត់ដំបង សិរី​សោភ័ណ និង​សៀមរាប មក​ឲ្យ​ខ្មែរ​វិញ នៅ​ក្នុង​ឆ្នាំ​១៩០៧​​ជាដើម រូបសំណាក​ព្រះ​អង្គ​ត្រូវ​បាន​សាងសង់​នៅ​ត្រង់​ចង្កេះភ្នំ​ដូនពេញ ឬ​វត្ត​ភ្នំ​ទុក​ជាទី​សក្ការៈ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ