ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតជា​រស់យ៉ាងវេទនាខ្លាំងបំផុត បុរសពិការ​​​ភ្នែកទាំងគូ​​និងម្តាយ​មីង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជាង​៤០​ឆ្នាំ​កន្លង​មក​ហើយ ដែល​បុរស​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ដោយសារ «​ស៊ី​ឈ្នូ​ល​បំផ្ទុះ​ម្សៅ TNT ខុស​បច្ចេកទេស ដើម្បី​ជីក​ស្រះ​យក​ទឹក​ប្រើប្រាសើ» រស់នៅ​យ៉ាង​វេទនា​ភ្នែក​បំផុតក្រោម​ដំបូល​ខ្ទម​តូច​មួយ ជាមួយ​ម្ដាយ​មីង…

ខេត្តបាត់ដំបង​ ៖ ជាង​៤០​ឆ្នាំ​កន្លង​មក​ហើយ ដែល​បុរស​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ដោយសារ
«​ស៊ី​ឈ្នូ​ល​បំផ្ទុះ​ម្សៅ TNT ខុស​បច្ចេកទេស ដើម្បី​ជីក​ស្រះ​យក​ទឹក​ប្រើប្រាសើ» រស់នៅ​យ៉ាង​វេទនា​ភ្នែក​បំផុតក្រោម​ដំបូល​ខ្ទម​តូច​មួយ ជាមួយ​ម្ដាយ​មីង ដែល​ជា​ស្ត្រី​មេម៉ាយ​ទុរគត ​និង​មាន​វ័យ​ចំណាស់ ជួយ​មើលថែ​ទាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ បុរស​ពិការ​រូប​នេះ​​ មាន​វ័យ​៤៧​ឆ្នាំ ឈ្មោះ រ៉ូ សំ​អឿ​ន ធ្លាប់​ធ្វើ​ជា​ទាហាន​ឈរជើង​នៅ​តំបន់​«​ណាំ​សាប​» ភាគ​ខាងលិច​ខេត្តបាត់ដំបង កាលពី​អំឡុង​ដើម​ទស​វត្ស​ឆ្នាំ​៨០​។ នេះ​បើ​តាម​សាច់ញាតិ​របស់​គាត់​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ដោយ​សង្ខេប កាលពី​ថ្ងៃ​ទី​៣០ សីហា​។

គាត់​ពិការ​ភ្នែក​ទាំង​សងខាង ពិការ​ដៃស្ដាំ និងពិការ​ជើង​ថែម​ទៀត​។ សព្វថ្ងៃ ត្រូវ​គេ​រៀបចំ​ឲ្យ​គាត់​ស្នាក់​នៅ​ក្នុង​ខ្ទម​តូច​មួយ ដែល​មាន​ដំបូល​និង​ជញ្ជាំង​បិទបាំង​ស័ង្កសី​តែ​ប៉ុន្មាន​សន្លឹក​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​បន្ទប់ទឹក​ដ៏​សមរម្យ​មួយ​នៅ​ក្បែរ​នោះ ដែល​មាន​ម្ដាយ​ម៉ី​ង ឈ្មោះ យិ​ប សា​រឿង អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ និង ជា​ស្ត្រី​មេម៉ាយ​ដ៏​កំសត់​ផង ជា​អ្នក​មើលថែ​ទាំ​។

ឈ្មោះ យិ​ប សា​រឿង ដែល​ជា​ម្ដាយ​មីងបាន​ពិ​ព័រណ៌នា​អំពី​ប្រវត្តិ​ខ្លះ​ៗ នៃ​ក្មួយ​ប្រុស​គាត់​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​បាន​យក​វា​មក​ចិញ្ចឹម​តាំងពី​តូច ហើយ​វា​ធ្លាប់​ធ្វើ​ទាហាន​ឈរជើង​នៅ​ណាំ​សាប​។ ប៉ុន្តែ​ក្រោយមក វា​ធ្លាក់ខ្លួន​ពិការ​ដោយសារ​វា​ទៅ​នៅ​ស៊ី​ឈ្នូ​ល​ជាមួយ​គេ​»​។ គាត់​និយាយ​ទៀត​ថា « វា​ពិការ​ដោយសារ​ត្រូវ​គ្រាប់​មីន​ពេល​ជីក​ស្រះ តែ​ខ្ញុំ​មិនដឹង​ថា ត្រូវ​របៀប​ណា​ទេ​។ សព្វ​ថ្ងៃនេះ ​វា​ពិការ​ភ្នែក​មើល​មិនឃើញ ពិការ​ដៃ​ម្ខាង និង ជើង​ក៏​ដើរ​មិន​រួច​ដែរ តែ​វា​អាច​រំកិល​ចុះ​ពី​គ្រែ ចូល​បន្ទប់​ទឹកបាន​ដោយ​ខ្លួនឯង​។ សព្វថ្ងៃ ខ្ញុំ​មើលថែ​ទាំ​វា​ផង និង​កូនប្រុស​ខ្ញុំ អាយុ​៣៣​ឆ្នាំ​ម្នាក់​ផង​»​។

បើ​គេ​មើលឃើញ​ជាក់ស្ដែង ជ​ម្រក​ដ៏​តូច​ចង្អៀត​របស់​បុរស​ពិការ រ៉ូ សំ​អឿ​ន គឺ​មិនល្អ ដូច​បន្ទប់ទឹក​របស់​គាត់ ដែល​សាងសង់​ពី​ថ្ម​នៅ​ក្បែរ​នោះ​ទេ​។ នៅ​ក្នុង​ខ្ទម​គាត់ គេ​ឃើញ​មាន​ចង​មុង តែ​គ្មាន​កំរាល​ទេ មាន​តែ​ក្ដា​រប៉ុន្មាន​សន្លឹក និងមាន​ប៊ីដុង​ទឹក​សុទ្ធ​មួយ​ធុង​ទុក​នៅ​ចុងជើង ​។ រ៉ូ សំ​អឿ​ន បាន​ផ្ដល់​បទ​សម្ភាស​ន៍យ៉ាង​ខ្លី ជាមួយ​កោះសន្តិភាព​នៅ​ក្នុង​ខ្ទម​នោះ​។ គាត់​បាន​និយាយ​ពី​ដើមចម ដែល​នាំ​ឲ្យ​គាត់​ធ្លាក់ខ្លួន​ពិការ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ថា «​ខ្ញុំ​ធ្លាប់​ធ្វើ​ទាហាន​នៅ​ណាំ​សាប តែ​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​នៅ​ឆ្នាំ​១៩៨៦ ពេល​ខ្ញុំ​ទៅ​នៅ​ស៊ី​ឈ្នូ​ល​ធ្វើស្រែ​ជាមួយ​គេ (​ភ្លេចឈ្មោះ​) នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​»​។

នៅ​ពេល​សួរ​ថា តើ​កាលនោះ​ធ្វើ​អ្វី ទើប​មាន​គ្រោះថ្នាក់​ពិការ​ធ្ងន់ធ្ងរបែប​នេះ ? គាត់​ឆ្លើយ​តប​ទាំង​សំឡេង​ខ្សាវ​ៗ​ថា « កាលនោះ​ខ្ញុំ ស៊ី​ឈ្នូ​ល​ជីក​ស្រះ​ឲ្យ​គេ ដី​រឹង​ពេក​កាប់​មិន​មុត ខ្ញុំ​ក៏​យក​ម្ស៉ៅ TNT មក​ឆ្នៃ​ដាក់​គីប​បំផ្ទុះ​ដី​នោះ ដើម្បី​ងាយ​ស្រូល​កាយ​។ ការ​បំផ្ទុះ​នោះ ខ្ញុំ​បាន​ដាក់​ចំនួន​០៣​គ្រាប់ តែ​បំផ្ទុះ​០២​គ្រាប់​ដំបូង​មិន​មាន​បញ្ហា​ទេ​។ លុះ​ខ្ញុំ​ដាក់​០១​គ្រាប់​ចុង​ក្រោយ ស្រាប់តែ​ភ្លាត់ស្នៀត​ដំ​ត្រូវ​គីប​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​នៅ​នឹង​កន្លែង ត្រូវ​របួស​ដាច់​ដៃ របួស​ភ្នែក​ទាំង​២ និង របួស​ពាសពេញ​ផ្ទៃមុខ បាក់​ធ្មេញ​បាក់ឆ្អឹង​ថ្គាម​អស់ ហើយ​ធ្លាក់ខ្លួន​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ »​។

នៅ​ក្នុង​កូនខ្ទម​នោះ គេ​តែង​ឃើញ​បុរស​ពិការ រ៉ូ សំ​អឿ​ន រំកិល​ចុះ​ពី​ដំណេក ពេល​ខ្លះ​អាក្រាត​កាយ​ផង ស្រ​វ៉ា​ចូល​បន្ទប់ទឹក​មួយ​ថ្ងៃ​យ៉ាងតិច​០៣​ដង ដើម្បី​ងូតទឹក និង លាង​សម្អាត​បន្ទប់ទឹក​របស់​គាត់​។ នេះ​បើ​តាម​ម្ដាយ​មីង និង កូនក្មួយ​ៗ​គាត់​និយាយ​ប្រាប់​។ អ្នកស្រី សូត វឿ​ត អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្អូនជីដូនមួយ​បុរស​ពិការ​រូប​នេះ បាន​និយាយ​ថា រ៉ូ សំ​អឿ​ន នេះ​ ពិតមែនតែ​គាត់​ពិការ​ដើរ​មិន​រួច មើល​មិនឃើញ មាន​តែ​ដៃ​ម្ខាង តែ​គាត់​ចូល​ចិត្ត​ភាព​ស្អាតបាត​ណាស់​។ មួយ​ថ្ងៃ​ៗ​គាត់​ចេញចូល​ៗ បន្ទប់ទឹក​រហូត ងូតទឹក​ផង និង លាង​សំអាត​បន្ទប់ទឹក​ផង​។

ប៉ុន្តែ​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដោយសារ​គាត់​រស់នៅ​ជាមួយ​ម្ដាយ​មីងដែល​មាន​វ័យចាស់​ជរា​ទៅ​ហើយ​។ អ្នកស្រី សូត វឿ​ត បាន​លើក​ឡើង​ដូច្នេះ​ថា «​ម្ដាយ​មីងគាត់ (​បុរស​ពិការ​) ចាស់ជរា គ្មាន​មុខរបរ ហើយ​គ្រប់គ្រង​គាត់​ពិការ​ផង និង កូនប្រុស​ម្នាក់​ផង ដោយ​ពឹង​លើ​ដីស្រែ​បន្តិច​ប​ន្ទូ​ច​។ ខ្ញុំ​ធ្លាប់​ឃើញ​គាត់​ទ​ទូល​បាន​អំណោយ​ពី​អាជ្ញាធរ​ម្ដង​ដែរ ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​សប្បុរសជន​ជួប​ដោយ​ចៃដន្យ​គេ​បាន​ជួន​ថវិកាគាត់​ខ្លះ ដោយសារ​ឃើញ​គាត់​វេទនា​ពេក​»​។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាកលំបិន​នេះ បើ​តាម​អ៊ុំ​ស្រី យិ​ប សា​រឿង បាន​រៀបរាប់​ថា កាល​ដើម​ឡើយ គាត់​មានផ្ទះ​ស្នាក់​នៅ​ជុំ​គ្នា ជាមួយ​ក្មួយ​ពិការ តែ​ក្រោយមក​គាត់​បាន​រើ​ផ្ទះ​ទៅ​ធ្វើ​កន្លែង​ផ្សេង តែ​នៅ​ក្បែរ​នោះ​ដែរ ដោយ​សារ​នៅ​លើ​ដី​ចាស់​នោះ​រដ្ឋ​គេ​ត្រូវការ​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​ទឹក​។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា ពេល​ធ្វើ​ផ្ទះ​នៅ​កន្លែង​ផ្សេង​នោះ គាត់​បាន​ធ្វើ​ខ្ទម​តូច​មួយ​ទុក​ឲ្យ​ក្មួយ​នៅ​ម្នាក់ឯង នៅ​លើ​ទីតាំង​ចាស់ មាន​បន្ទប់ទឹក​នៅ​ក្បែរ​នោះ​ស្រេច ព្រោះ​រដ្ឋ​មិន​ទាន់​ត្រូវការ តែ​គាត់​នៅ​តែ​មើលថែ​ក្មួយ​ដដែល​។

ស្ត្រី​មេម៉ាយ​វ័យ​៧៦​ឆ្នាំ​រូប​នេះ បាន​ត្អូញត្អែរ​ថា « សព្វ​ថ្ងៃនេះ បើ​និយាយ​ពី​លំបាក ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​។ ជា​ពិសេស ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពី​ប្ដី​ខ្ញុំ បាន​ស្លាប់​ទៅ​។ ខ្ញុំ​រស់​ជាមួយ​កូនប្រុស​ម្នាក់ និងមើលថែ​ក្មួយ​ពិការ​ម្នាក់ ដោយ​ពឹង​លើ​ដីស្រែ​ចំនួន​០២​ហិច​តា ដែល​កូនប្រុស​ខ្ញុំ ជា​អ្នក​រាប់​រង​»​។ នៅ​ពេល​សួរ​ថា តើ​កន្លង​មក អ៊ុំ​ស្រី​ធ្លាប់​
ទ​ទូល​បាន​អំណោយ ពី​អាជ្ញាធរ​ឬ​សប្បុរសជន​ខាង​ណាខ្លះ​ទេ ? តើ​ធ្លាប់​ទ​ទូល​បាន​ប័ណ្ណ​ក្រីក្រ ពី​អាជ្ញាធរ​ដែរ​ឬទេ ? គាត់​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ដូច្នេះ​ថា « ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​ធ្លាប់​ទ​ទូល​បាន​អំណោយ​អង្ករ​២៥​គ​.​ក​ម្ដង​ពី​អាជ្ញាធរ ហើយ​ថ្មី​ៗ​មាន​សប្បុរសជន គាត់​បាន​មក​ដល់​ផ្ទះ​ខ្ញុំ មើលឃើញ​ក្មួយ​ខ្ញុំ​ផ្ទាល់ ហើយ​បាន​ឧបត្ថម្ភ​ជា​ថវិការ​មួយ​ចំនួន​ដែរ​។ ប៉ុន្តែ​បើ​និយាយ​ពី​ប័ណ្ណ​ក្រីក្រ​វិញ​ចប់​ហើយ អាជ្ញាធរ​គេ​មិន​ដែល​សួរនាំ​ខ្ញុំ​ទេ​។

ខ្ញុំ​ឃើញ​អ្នក​ភូមិ​ខ្លះទ​ទូល​បាន​អំណោយ នៅ​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ តែ​ខ្ញុំ​គ្មាន​សោះ​.. តែ​ខ្ញុំ​មិន​ខឹង​ឬ​អន់ចិត្ត​អី​ទេ​..»​។ ប៉ុន្តែ​គាត់​ក៏​ប្រាថ្នា​ចង់បាន​អំណោយ​ខ្លះ​ៗ ពី​សប្បុរសជន​នានា ដើម្បី​បាន​ជួយ​ដោះ​បន្ទុក​ក្នុង​ជីវភាព​គ្រួសារ ដែល​កំពុង​ជួប​ការ​លំបាក​​នេះ​ដែរ ​៕

អត្ថបទសរសេរ ដោយ