ឋានសួគ៌ NGOs
សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលស្គាល់និងចុះបញ្ជីតម្កល់នៅក្រសួងមហាផ្ទៃ គិតត្រឹមឆ្នាំ២០១៤មានចំនួន៤៣៧៨ (សមាគម១៧០៦និងអង្គការ២៦៧២)
សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលស្គាល់និងចុះបញ្ជីតម្កល់នៅក្រសួងមហាផ្ទៃ គិតត្រឹមឆ្នាំ២០១៤មានចំនួន៤៣៧៨ (សមាគម១៧០៦និងអង្គការ២៦៧២)
សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលស្គាល់និងចុះបញ្ជីតម្កល់នៅក្រសួងមហាផ្ទៃ គិតត្រឹមឆ្នាំ២០១៤មានចំនួន៤៣៧៨ (សមាគម១៧០៦និងអង្គការ២៦៧២) ។ តួលេខនេះបានត្រូវបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ។ តាមរយៈតួលេខខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃនិងអាចនិយាយបានថា ប្រទេសកម្ពុជា គឺពិតជាឋានសួគ៌នៃសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍បែបនេះកាលពីប៉ុន្មានឆ្នាំកន្លងមកប្រាកដមែន ។
ជាការពិតដែលគ្មាននរណាម្នាក់អាចប្រកែកបាននោះ គឺសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពមិនបម្រើនយោបាយនិងរកប្រយោជន៍ផ្ទាល់ខ្លួនទាំងនេះហើយ ជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយសម្រាលបន្ទុកនានារបស់រាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើសង្គមជាតិដូចជា ការងារសង្គមកិច្ច សិទ្ធិមនុស្ស អប់រំ បរិស្ថាន វប្បធម៌ ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម សិប្បកម្ម និងវិស័យកសិឧស្សហកម្មជាដើម ។
តើបេសកកម្មរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ពិតជាបានជួយប្រជាពលរដ្ឋក្រីក្រនិងសង្គមជាតិ ដូចអ្វីដែលមានចែងក្នុងលក្ខន្តិកៈតម្កល់នៅក្រសួងមហាផ្ទៃប្រាកដមែនឬយ៉ាងណា ? តាមរយៈប្រព័ន្ឋផ្សព្វផ្សាយនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នរដ្ឋមួយចំនួននាពេលកន្លងមកបានបង្ហាញថា មានសមាគមនិងអង្គការក្រៅរដ្ឋាភិបាលខ្លះបានធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រីក្រនៅតាមបណ្តារាជធានី-ខេត្តជាច្រើនទទួលរងគ្រោះ ។
ជាក់ស្តែងកាលពីថ្ងៃទី០២ កុម្ភៈ២០១៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសចំពោះអង្គការ-សមាគមមួយចំនួនដែលធ្វើសកម្មភាពតាមបែបសប្បុរសធម៌ ឬជាសប្បុរសជន ចាត់ទុកខ្លួនឯងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយឲ្យប្រជាពលរដ្ឋនៅតាមជនបទនិងទីប្រជុំជនខ្ចីប្រាក់ តែបែរជាយកការប្រាក់ខ្ពស់ទៅវិញ ។
ប្រការនេះបានធ្វើឲ្យកូនបំណុលរបស់ខ្លួន(អង្គការ-សមាគម) ធ្លាក់ក្នុងគ្រោះអាសន្ន រើបំណុលមិនរួច ធ្វើឲ្យគ្រួសារព្រាត់ប្រាសនិងទ្រព្យសម្បត្តិពលរដ្ឋដែលខ្ចីបុលនោះហិនហោច ។ នេះគ្រាន់តែជាការរកឃើញសកម្មភាពមិនប្រក្រតី បែបកេងប្រវញ្ចរបស់អង្គការ-សមាគមមួយចំនួនប៉ុណ្ណោះ ចុះទំរាំអង្គការ-សមាគមសរុបជាង៤ពាន់ តើនៅមានសមាគមនិងអង្គការក្រៅរដ្ឋាភិបាលប៉ុន្មានទៀត ដែលធ្វើសកម្មភាពដើរបោកប្រាសនិងកេងយកកម្រៃដើម្បីផលប្រយោជន៍ផ្ទុយពីលក្ខន្តិកៈរបស់ខ្លួននោះ ?
តើបញ្ហានេះ អ្នកណាជាអ្នកទទួលខុសត្រូវ ? តាមពិតមានអង្គការ-សមាគមច្រើនណាស់ដែលបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរនិងបានការទទួលស្គាល់ពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងអង្គការពិភពលោកនានារហូតទទួលបានពានរង្វាន់អន្តរជាតិនោះថែមទៀត ប៉ុន្តែដោយសារតែការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ឋមួយចំនួនមិនបានល្អ ធ្វើឲ្យអង្គការ-សមាគមខ្លះធ្វើសកម្មភាពដើរបោកប្រាស់ប្រជាពលរដ្ឋនិងរកចំណូលសម្រាប់ខ្លួនទៅវិញ ។
បើដូច្នោះ ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានកិច្ចការនយោបាយជាសេនាធិការនិងស្ថាប័នរដ្ឋពាក់ព័ន្ឋដទៃទៀត ត្រូវតែពង្រឹងការត្រួតពិនិត្យការ
ចុះបញ្ជីនិងតាមដាននូវសកម្មភាពនិងរបាយការណ៍នានារបស់អង្គការ-សមាគមដែលផ្ញើមកក្រសួងឲ្យបានទៀងទាត់តាមគោលការណ៍ បើទោះបីជាច្បាប់ស្តីពីការគ្រប់គ្រងសមាគម អង្គការក្រៅរដ្ឋាភិបាល មិនទាន់ចេញជារូបរាងនោះក្តី ។ មិនមែនឲ្យតែបានលុយពី៧០០ទៅ២០០០ដុល្លារ ឬលើសពីនេះ ក្នុងការចុះបញ្ជីទទួលស្គាល់សមាគម ឬអង្គការមួយ តម្កល់នៅក្រសួងមហាផ្ទៃ ហើយមិនយកចិត្តទុកដាក់ក្នុងការតាមដានសកម្មភាពរបស់អង្គការ-សមាគមនោះទេ ។
យ៉ាងណាក៏ដោយ តាមរយៈការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលបាននិងកំពុងដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុមអ្នកតាមដានស្ថានភាពសង្គមនៅកម្ពុជា នៅតែមានជំនឿថា ក្រសួង-ស្ថាប័នពាក់ព័ន្ឋនឹងការគ្រប់គ្រងត្រួតពិនិត្យសមាគមនិងអង្គការក្រៅរដ្ឋាភិបាល នឹងបន្តសកម្មភាពប្រកបដោយមនសិការ សីលធម៌និងសេចក្តីថ្លៃថ្នូរ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាជាប្រទេសនីតិរដ្ឋ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចមានចែងក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ដោយ ៖ ជួប ថា
ចែករំលែកព័តមាននេះ