ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម៉្លេះកូន​ខ្មែរ! ឡាន​​សេរីចាស់​ឆ្នាំ​៩២ ប្រែ​ក្រឡា​​​ជាឡាន​​​ស្ព័រ​រាង​​យ៉ាង​​សង្ហារ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ រឿងរ៉ាវ​ដែល​គួរ​ឱ្យ​មានការ​ចាប់អារម្មណ៍​នៅ​ក្នុ​ង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​គឺ​រថយន្ត​កាម​រី​ចាស់​ស៊េរី​ឆ្នាំ​១៩៩២ មួយ​គ្រឿង បាន​ក្លាយជា​រថយន្ត​ស្ព័​រ មាន​រូបរាង​យ៉ាង​សង្ហារ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​រហូត​ដល់​​លោក​អភិ​បាល​ខេត្ត​ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​កែ​ច្នៃ​រថយន្ត​នេះ ។…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ រឿងរ៉ាវ​ដែល​គួរ​ឱ្យ​មានការ​ចាប់អារម្មណ៍​នៅ​ក្នុ​ង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​គឺ​រថយន្ត​កាម​រី​ចាស់​ស៊េរី​ឆ្នាំ​១៩៩២ មួយ​គ្រឿង បាន​ក្លាយជា​រថយន្ត​ស្ព័​រ មាន​រូបរាង​យ៉ាង​សង្ហារ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​រហូត​ដល់​​លោក​អភិ​បាល​ខេត្ត​ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​កែ​ច្នៃ​រថយន្ត​នេះ ។ វា​កាន់តែ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ អ្នក​កែ​ច្នៃ​រថយន្ត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ​គឺជា​ស្នាដៃ​យុវជន​អាយុ​២៨​ឆ្នាំ ។

បុរស​ជា​ឪពុក​គឺ​លោក ឈួ​ន សុ​ផា​ន់ មាន​អាយុ​៥២​ឆ្នាំ បាន​ប្រាប់​ថា លោក​ក៏​ហួសចិត្ត​ដែរ ​ដែល​កូន​ប្រុស​សុំ​លុយ​ទិញ​រថយន្ត​កញ្ចាស់ ស៊េរី​ឆ្នាំ​១៩៩២ យក​មក​កែ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី​នេះ​ហើយ​ក៏​មានការ​គាំទ្រ​ខ្លាំង​នឹក​ស្មាន​មិន​ដល់ ។

យុវជន​រូប​នេះ​ឈ្មោះ ឈួ​ន ណា​រ៉ា អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​អ្នក​ដំឡើង​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​សហ​គ្រាស​មួយ នៅ​ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។ ការ​ភ្ញាក់ផ្អើល​ពី​ការ​កែ​ច្នៃ​រថយន្ត​នេះ គឺ​ខណៈ​ពេល​គេ​យក​រថយន្ត​ដែល​កែ​ច្នៃ​រួច​ហើយ​នេះ​ទៅ​ឆៀក​ឱ្យ​ស្របច្បាប់ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ ព្រោះ​ឯកសារ​រថយន្ត ស៊េរី​ឆ្នាំ​១៩៩២ តែ​រថយន្ត​ដែល​យក​មក​ឆៀក​ជា​រថយន្ត​ស្ព័​រ ស៊េរី​ថ្មី​ប្លែក​ទៅ​វិញ ។ ទោះជា​បែប​ណា ព័ត៌មាន​ពី​ការ​ប្រែ​ក្រឡា​រថយន្ត​នេះ បានដឹង​ដល់​អ្នក​សារព័ត៌មាន ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌​បាន​នាំ​គ្នា​ចោមរោម​ថត និង​អ្នក​យក​​រថយន្ត​ទៅ​ធ្វើ​ឆៀក​ក៏​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម ​Facebook​ បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ។

មន្ត្រី​ជំនាញ​ផ្នែក​ឆៀក​ក៏​បាន​ថតរូប​រថយន្ត​ដែល​កែ​ច្នៃ​ផ្ញើ​ទៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ឆ្លង​យោបល់ ព្រោះ​រថយន្ត​ស៊េរី​ចាស់​ត្រូវ​បានកូន​ខ្មែរ​កែ​ច្នៃ​មក​ជា​រថយន្ត​ស៊េរី​ថ្មី ខុស​ឯកសារ​ដើម ។

យុវជន​ឈ្មោះ ឈួ​ន ណា​រ៉ា បាន​ប្រាប់​ថា គាត់​រៀន​ចប់​ថ្នាក់​ទី​១២ បាន​ជួយ​ធ្វើ​ការងារ​ជាមួយ​ឪពុក ដែល​មានមុខ​របប​ជាង​ដំឡើង​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ ដែល​មាន​សហគ្រាស​ម៉ាស៊ីន​ច្រូត​ស្រូវ​ខ្នាត​ធំ និង​លក់​គ្រឿង​បំ​លាស់​ចំនួន​២​កន្លែង គឺ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ និង​ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

យុវជន​នេះ​បន្ត​ថា ពេលទំនេរ​ពី​ការងារ​ជួយ​ឪពុក​ដំឡើង​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ គេ​ក៏​រៀន​កែ​ច្នៃ​រថយន្ត​ដែល​ទើប​សុំ​ម្តាយ​និង​ឪពុក​ទិញ​បាន​១​គ្រឿង តម្លៃ​ត្រឹមតែ​ជាង​១.០០០​ដុល្លារ ជា​រថយន្ត​កាម​រី ស៊េរី​ឆ្នាំ​១៩៩២ ចង្កូត​ស្តាំ​ដើម្បី​កែ​ច្នៃ​ដោយ​មើល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឬ​មើល​តាម​យូ​ធូប​ពី​ការ​ធ្វើ​រថយន្ត​ស៊េរី​ទំនើប ។

ឈួ​ន ណា​រ៉ា ថា ដំបូង​រូបគេ​ត្រូវ​គូរ​ជា​គំរូ​ដើម្បី​កែ​ច្នៃ​បំបែក​ដោយ​ខ្លួនឯង មិន​ឱ្យ​រូបរាង​រថយន្ត​ដែល​ច្នៃ​នេះ ដូច​ទៅ​និង​រាង​រថយន្ត​ណាមួយ​ឡើយ គឺ​កៃ​ច្នៃ​ប្រមាណ​៨០​ភាគរយ​នៃ​តួ​រថយន្ត​ឱ្យ​ក្លាយ​ជា​រថយន្ត​ស៊េរី​ថ្មី និង​២០​ភាគរយ​ជា​សម្ភារ​ចាស់​ត្រូវ​រក្សា​ទុក មាន​សាក់​ស៊ី និង​ម៉ាស៊ីន ដោយ​ទិញ​សម្ភារ​ដាក់​មាន​ភ្លើង​ហ្វា​មុខ ស្តុ​ប​ក្រោយ និង​កៅអី ជា​កៅអី​រថយន្ត​ស៊េរី​ទំនើប​ដែល​កែ​ច្នៃ ។ យុវជន​រូប​នេះ​ថា​ការ​កែ​ច្នៃ​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ទើប​រួចរាល់ ។

លោក ឈួ​ន សុ​ផា​ន់ ជា​ឪពុក​បាន​បញ្ជាក់​ថា កូនប្រុស​ដែល​ចេះ​កែ​ច្នៃ​រថយន្ត​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​មានការ​កោតសរសើរ​ពី​មហាជន​នេះ ជា​កូន​ទី​២​ក្នុង​ចំណោម​កូន​៣​នាក់ ឯ​បងប្រុស​របស់​គេ​រស់នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​ប្អូន​ជួយ​លក់​គ្រឿង​បំ​លាស់​ម៉ាស៊ីន​ច្រូតស្រូវ ។

លោក​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កូនប្រុស​ទី​២​នេះ ដែល​ជួយ​ការងារ​លោក​ហើយ​ទំនេរ​ឆ្លៀត​ទិញ​រថយន្ត​ចាស់​យក​មក​កៃ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី ជា​ការ​សាកល្បង​ទើបបាន​១​គ្រឿង​ដែល​ចំណាយ​ពេលវេលា​ជាង​១​ឆ្នាំ គឺ​គិត​ចាប់​តាំង ពី​ចុងឆ្នាំ​២០១៩ រហូត​ដល់​ចុងឆ្នាំ​២០២០​នេះ​ទើប​រួចរាល់ ។

លោក ឈួ​ន សុ​ផា​ន់ បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ នៅ​ពេល​ដែល​កៃ​ច្នៃ​រថយន្ត​រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ បាន​យក​រថយន្ត​ទៅ​ឆៀក​នៅ​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ងឿងឆ្ងល់​ព្រោះ​ឯកសារ​ជា​រថយន្ត​ចាស់ តែ​យក​មក​ឆៀក​ជា​រថយន្ត​ស៊េរី​ថ្មី​ទៅ​វិញ ។

មន្ត្រី​ជំនាញ​និយាយ​ថា ការ​ពិត​រថយន្ត​កែ​ច្នៃ​ពី​រថយន្ត​ស៊េរី​ចាស់ មក​ជា​ទម្រង់​រថយន្ត​ស៊េរី​ថ្មី ធ្វើ​ឡើង​ដោយ​កូន​ខ្មៃ​រ តែ​មន្ត្រី​ជំនាញ​មិន​ទាន់​សម្រេច​បែប​ណា​ទេ ដោយ​ចាំ​ឆ្លង​យោបល់​ក្រសួង​សិន ។ ទោះបីជា​បែប​ណា មន្ត្រី​ជំនាញ​បាន​គាំទ្រ​ចំពោះ​ការ​កែ​ច្នៃ​របស់​កូន​ខ្មែរ​នេះ ដែល​ចេះ​ច្នៃប្រឌិត​យក​រថយន្ត​ស៊េរី​កញ្ចាស់​មក​កៃ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី បើ​ក្រសួង​គាំទ្រ​ដាក់​ឱ្យ​ប្រើប្រាស់​នោះ​ពិតជា​ឆ្លើយ​តប​តាម​មតិ​មហាជន​ដែល​គាំទ្រ​ការ​កែ​ច្នៃ​នេះ ។ តែ​អ្វី​ដែល​មន្ត្រី​ជំនាញ​គិតគូរ​ដែរ​នោះ គឺ​ការ​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​នៃ​យានយន្ត តើ​ពិតជា​មានការ​ធានា​សុវត្ថិភាព​ដែរ​ឬទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ