ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយចិត្ត​ប្រមូល​ផលដំណាំ​តា​ង៉ែ​ន ខណៈ​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ហូប​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ហូប​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណ​:​តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ​ហក់​ឡើង​ខ្ពស់​ជាង​មុន ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ផ​ន សុ​ភ័​ណ្ឌ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ជា​អ្នក​ម៉ៅ​ចម្ការ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ តម្លៃ​ទីផ្សារ ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ដែល​គាត់​បេះ​លក់​ឱ្យ​គេ ដើម្បី​យក​ទៅ​សែន​ក្បាលទឹក គឺ​បាន​ថ្លៃ​ខ្ពស់​ជាង​មុន ដោយ​១​គីឡូ​ក្រម អាច​លក់​បាន​រហូត​ដល់​៤០០០​រៀល ហើយ​គាត់​គិត​ថា តម្លៃ​នេះ គឺ​ហក់​ខ្ពស់​ជាង​មុន ព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឈ្មួញ​ដើរ​ទិញ​ផ្លែ​តា​ង៉ែ​ន​ត្រឹមតែ​១​គីឡូក្រាម​២៥០០ ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា គាត់​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន​នេះ ក្នុង​ចម្ការ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ តម្លៃ​៩​លាន​រៀល ដែល​មាន​ជាង​៣០០​ដើម ហើយ​ក្នុង​១​ដើម អាច​ប្រមូល​ផល បាន​ប្រហែល​៥០​គីឡូក្រាម លុះ​ពេល​ទុំ​ល្អ គាត់​ក៏​ទាក់ទង​ម៉ូយ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ចាម និង​រាជធានី​ភ្នំពេញ ដើម្បី​មក​ទិញ​ដឹក​យក​ទៅ​លក់​បន្ត​ផង​ដែរ ។

គាត់​បញ្ជាក់​ថា ការ​ដើរ​ម៉ៅ​ទិញ​ផ្លែ​ឈើ​នៅ​តាម​ចម្ការ​បែប​នេះ គឺ​មិនសូវ​ខាត​ប៉ុន្មាន​នោះ​ទេ បើ​សិនជា​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់ នោះ​គាត់​នឹង​មានការ​ចំណេញ​ច្រើន ។ តែបើ​ធ្លាក់​ចុះ​ដូច​សព្វដង គាត់​ក៏​មានការ​ខាតបង់​តិចតួច​ដែរ ។ ប៉ុន្តែ​គាត់​មិន​បោះបង់​ចោល​មុខរបរ​មួយ​នេះ​ឡើយ ហើយ​ជា​រៀងរាល់ថ្ងៃ គាត់​មិន​ជួល​កម្មករ​ច្រើន​នោះ​ទេ គឺ​នាំ​ប្តី​ហើយនឹង​កូន ព្រមទាំង​ជួល​បងប្អូន​ជិតខាង​២​ទៅ​៣​នាក់ ឱ្យ​ជួយ​បេះ​ផ្លែ​តា​ង៉ែ​ន​ទុំ ដាក់​កញ្ឆេ​លក់​ឱ្យ​ម៉ូយ និង​ដឹក​យក​ទៅ​លក់​បន្ត​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន មានការ​ធ្លាក់​ថ្លៃ​ជាង​មុន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បោះបង់​ចោល​មុខរបរ​មួយ​នេះ ដោយ​បែរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ខ្ពស់ ។ ចំណែក​អ្នកខ្លះ​ទៀត នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ដាំចេក​រាប់​ពាន់​ដើម លុះ​ដំណាំ​ចេក​ធ្លាក់​ថ្លៃ ក៏​បែរ​ទៅ​ដាំ​ដំណាំ​តា​ង៉ែ​ន និង​ស្វាយកែវ​រមៀត ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​ផ្លែ​ចេក​មានការ​ស្ទុះ​ឡើងថ្លៃ​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ដោយ​កាលពីមុន​ផ្លែ​ចេក​១​ស្និត​គេ​លក់​ត្រឹមតែ​១០០០​ទៅ​១៥០០​រៀល​ប៉ុណ្ណោះ ។

តែ​រហូត​មក​ដល់​ពេល​នេះ ផ្លែ​ចេក​១​ស្និត​គេ​លក់​ក្នុង​តម្លៃ​ខ្ពស់ រហូត​ដល់​២៥០០​ទៅ​៣០០០​រៀល​​ឯណោះ ហើយ​ក៏​រក​ចេក​លក់​ស្ទើរតែ​អត់​មាន​ដែរ ដោយសារ​តែ​គេ​កាប់​ដើម​ចេក​ចោល​ខ្ទេចខ្ទី​អស់ បែរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​ប្តូរ​ចុះ​ប្តូរ​ឡើង​ដេញ​តាម​តម្លៃ​ទីផ្សារ បណ្តាល​ឱ្យ​ខាត​ពេលវេលា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ