ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! តើ​ខេត្ត​ស្វាយរៀង និង​ទន្លេ​វ៉ៃ​គោ​មាន​ប្រវត្តិ​យ៉ាង​ណា​ដែរ?

3 ឆ្នាំ មុន
  • ស្វាយរៀង

ស្ថានភាព​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រឯកសារ​រដ្ឋបាល​ខេត្ត​សរសេរ​ថា ខេត្ត ស្វាយ​រៀង ស្ថិត​នៅ​ទិសអាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ មាន​ចម្ងាយ​ប្រមាណ​១២៥​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងលិច និង​ខាងជើង​ទល់​នឹង​ខេត្តព្រៃវែង ខាងកើត និង​ខាងត្បូង​ទល់​នឹង​ខេត្ត​តៃ​នី​ញ​និង​ខេ​ត្ដឡុង​អាន…

ស្ថានភាព​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ
ឯកសារ​រដ្ឋបាល​ខេត្ត​សរសេរ​ថា ខេត្ត ស្វាយ​រៀង ស្ថិត​នៅ​ទិសអាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ មាន​ចម្ងាយ​ប្រមាណ​១២៥​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងលិច និង​ខាងជើង​ទល់​នឹង​ខេត្តព្រៃវែង ខាងកើត និង​ខាងត្បូង​ទល់​នឹង​ខេត្ត​តៃ​នី​ញ​និង​ខេ​ត្ដឡុង​អាន ប្រទេស​វៀតណាម ប្រមាណ​២៥៨​គីឡូម៉ែត្រ ។

ប្រជាជន​បច្ចុប្បន្ន​មាន​ជាង​៦០​ម៉ឺន​នាក់ ផ្ទៃដី​សរុប​ទូ​ទាំង​ខេត្ដ មាន​២.៩៦៦,៤០​គ​.​ម​២ ។ ប្រជាជន​ភាគច្រើន​នៃ​ខេត្ដ​នេះ មានមុខ​របរ​ដាំ​ដំណាំ​ស្រូវ ប្រជាជន​ជា​ទូទៅ​មាន​សម្បុរ​សណ្ដែក​បាយ ប្រើប្រាស់​ភាសា​ខ្មែរ និង​តាម​តំបន់​ព្រំដែន​ប្រើប្រាស់​ភាសា​កំ​ឡាយ​ខ្លះ​ជាមួយ​ភាសា វៀតណាម ។ ទម្លាប់​នៃ​ការ​ប្រើប្រាស់​ភាសា​បញ្ជាក់​ទម្ងន់​ឃ្លា គេ​ច្រើន​និយាយ «​មែន​តើ មែន​ក៏​អី អត់​តេ ឬ​តេ​…» ។ នេះ​ជា​ពាក្យ​គ្រាមភាសា និយាយ​ចំ​តួអក្សរ ច្បាស់​ៗ កំបុត​ៗ ដែល​អ្នក​ខេត្ដ​ដទៃ​ច្រើន​លើក​ទៅ​និយាយ​លេងសើច ឬ​ចំអក​ដល់​អ្នក​ខេត្ដស្វាយរៀង ។

ការ​បរិភោគ​ប្រចាំ​ថ្ងៃ អ្នក​ក្រៅ​ខេត្ដ​តែង​និយម​ហៅ​ប្រជាជន​ខេត្ដស្វាយរៀង ជា​ម្ចាស់​នៃ​ញាំ​ភ្លា​ផ្កា​ស្ដៅ ឬ​សម្លកកូរ​កណ្ដៀង រហូត​មាន​ភូមិ​មួយ អ្នកស្រុក​ហៅ​ថា ភូមិ​កណ្ដៀង​រាយ ។ ឥរិយា​បទ​ប្រជាជន និយម​ចូល​ចិត្ដ​រាប់អាន​ញាតិ​មិត្ដ ស្មោះត្រង់ មាន​ចរិត​ក្លាហាន និង​គោរព​ព្រះពុទ្ធ​សាសនា​ជា​ធំ ហេតុនេះ​ហើយ ទើប​តាម​ឃុំ​មួយ​ចំនួន គេ​ឃើញ​មានការ​កសាង​វត្ដ​អារាម ដោយ​ឃុំ​ខ្លះ​មាន ២ ឬ​៣​វត្ដ​អារាម ។

ផ្អែក​តាម​ទំនៀមទំលាប់​ប្រពៃណី​វិញ ប្រជាជន​ខេត្ដ​នេះ មានការ​គោរព​ទំនៀមទម្លាប់​ប្រពៃណី​តឹងតែង​ក្នុង​ពិធីបុណ្យ ផ្សេង​ៗ ពិធី​មង្គល​ការកូន ឬ​បុណ្យ​ឡើងអ្នកតា បុណ្យ​ទាន​តាម​ផ្ទះ បុណ្យ​បូជាសព​ជាដើម ។

ផ្ទៃដី និង​សណ្ឋាន​ដី​នៃ​ខេត្ត​នេះ ជា​តំបន់​វាលរាប និង​មាន​បឹងបួរ​ដោយ​កន្លែង ដី​ពុំ​សូវ​មាន​ជីជាតិ ដែល​ជា​ហេតុ​នាំ​ឱ្យ​ដំណាំ​មួយ​ចំនួន​ពុំ​អាច​ផ្ដល់​ផ្លែផ្កា ឬ​ផលានុផល​តាម​ការ​ចង់បាន​ដូច​ដី​នៅ​តំបន់​មាត់ទន្លេ​មេគង្គ ឬ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ដីក្រហម​ឡើយ ។ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ ក្រុមហ៊ុន​ខ្លះ​បាន​សាកល្បង​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដូច​ជា កៅស៊ូ អំពៅ ដំឡូង​មី នៅ​ស្រុក​រមាស​ហែក រំដួល និង​ស្វាយ​ទាប ។ នៅ​បណ្ដា​ស្រុក​ខ្លះ និង​ឃុំ​មួយ​ចំនួន ប្រជាពលរដ្ឋ​មានការ​លំបាក​ដោយ​ខ្វះ​ទឹក ដូច​ជា ឃុំ​ទួល​ស្ដី និង​ឃុំ​ច​ន្ទ្រា ទឹក​ក្នុង​ដី​មាន​រសជាតិ​ជូរ និង​ប្រៃ ហើយ​កន្លែង​ខ្លះ​ខ្វះ​ប្រភព​ទឹកជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​រស់នៅ​តំបន់​នោះ​ជួប​ការ​លំបាក ។

ស្ថានភាព​ភូមិសាស្ត្រ​ក្នុង​ផែនទី​របស់​ខេត្ត មាន​រាង​ជា​ចំពុះទា ដែល​មាន​ខ្សែ​ព្រំដែន​លយ​ចេញ និង​ចូល ទៅ​តាម​សណ្ឋាន​ដី​ដែល​បារាំង​បាន​គូសវាស់ និង​បន្សល់​ទុក ។ បច្ចុប្បន្ន ដោយ​មានការ​វិនិយោគ​ពី​អ្នក​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ តាម​រយៈ​រោងចក្រ​កាត់ដេរ បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ចំណែក​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​ខេត្ត ឱ្យ​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់ ។

អំពី​ទន្លេ​វ៉ៃ​គោ
ទីរួមខេត្ដ​ស្វាយ​រៀង ភាគ​ខាងកើត និង​ខាងត្បូង​ហ៊ុម​ព័ទ្ធ​ដោយ​ទន្លេ​វ៉ៃ​គោ ដែល​ឈ្មោះ​ទន្លេ​វ៉ៃ​គោ​នេះ ជា​ទម្លាប់​ហៅ​របស់​អ្នកស្រុក ក្នុង​អំឡុង​ស​.​វ​ទី​១២-១៣ ស្រប​ពេល​ជាមួយនឹង​ការ​កើត​ខេត្ត​រោង​ដំរី ។

ទន្លេ​នេះ​មាន​ជម្រៅ​ជ្រៅ អាច​ផ្ទុក​ទឹកជា​ច្រើន​លាន​ម៉ែត្រគូប​បម្រើ​វិស័យ​កសិកម្ម និង​ផ្ដល់​ពូជ​ត្រី​គ្រប់​ប្រភេទ សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​ប្រជាជន​ខេត្ដស្វាយរៀង មួយ​ភាគ ។ ពាក់ព័ន្ធ​នឹង​ទន្លេ​នេះ តាម​សាវតារ​បញ្ជាក់​ថា ដើម​ឡើយ​ទន្លេ​នេះ​កើតឡើង​ពី​ធម្មជាតិ និង​មាន​ជម្រៅ​ល្មម​អាច​សំពៅ និង​ទូក​នានា​អាច​ធ្វើ​ដំណើរ​បាន ។ សម័យ​ដើម ពុំ​មាន​ផ្លូវថ្នល់ ឬ​ស្ពាន​ឆ្លងកាត់​ទន្លេ​នេះ ទើប​អ្នកជំនួញ ឬ​អ្នកដំណើរ​តែងតែ​ប្រើប្រាស់​ផ្លូវទឹក​ទន្លេ​នេះ ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់ និង​មាន​ដៃទន្លេ​ភ្ជាប់​ទៅ​ភាគ​ខាងក្រោម​នៃ​ប្រទេស​ផង​ដែរ ។ ការ​ធ្វើ​ចរាចរណ៍​ដោយ​សំពៅ​នេះ​ហើយ ទើប​បន្សល់​នូវ​ទួល​បុរាណ​មួយ​ចំនួន ដែល​មានឈ្មោះ​ថា ទួល​សំពៅ ឬ​ទួល​កប់​សំពៅ ដូច​ជា​នៅ​រមណីយដ្ឋាន​ព្រៃ​ប្រា​សាក់​ជាដើម ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​តែង​ធ្វើ​ជំនួញ​ជួញដូរ​ជាមួយ​ជនជាតិ​ចិន អាណ្ណា​ម ដោយ​ផ្អែក​លើ​ផ្លូវទឹក ពិសេស​ទន្លេ​នេះ​មាន​លក្ខណៈ​អំណោយផល​ដល់​ទូក សំពៅ តូច​ធំ អាច​ចេញ​-​ចូល​បាន​ក្នុង​ការ​ដោះ​ដូរ​ទំនិញ ផ្សេង​ៗ ។ ឈ្មួញ និង​អ្នកស្រុក​តែងតែ «​វ៉ៃ​គោ​» ឱ្យ​ឡើង​ទូក ឬ​សំពៅ ឬ​ដើម្បី​ចម្លង​ទៅ​ត្រើយម្ខាង​នៃ​ទន្លេ ហើយ​ក៏​មាន​ទម្លាប់​ហៅ​ថា «​ទន្លេ​វ៉ៃ​គោ​» តរៀង​មក ហើយ​ពាក្យ «​វ៉ៃ​» នេះ ក្លា​យមក​ពី​ពាក្យ «​វាយ​» ដែល​មាន​ន័យ​ដូច​គ្នា (​ឯកសារ​.​បណ្ឌិត​សា​រិ​ន ឆាក​) ។

អំឡុង​ឆ្នាំ​១៨៧០ លោក Bertaux​ប្រធាន​ឋានលេខា​គណិត​សុរិយា​ដី រួម​និង​លោក Du Cos បាន​គូស​ផែនទី​ក្នុង​ពេល​ធ្វើ​អាណានិគម ដោយ​បាន​បែងចែក​ទន្លេ​នេះ​ជា​ពីរ​ផ្នែក គឺ​ទន្លេ​វ៉ែ​គោ​ខាងកើត​(​ទន្លេ​វ៉ៃ​គោ​ធំ​) ស្ថិត​ក្នុង​ទឹកដី​កូសាំងស៊ីន និង​ទន្លេ​វ៉ៃ​គោ​ខាងលិច (​ទន្លេ​វ៉ៃ​គោ​តូច​) ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ។ ទន្លេ​វ៉ៃ​គោ​ខាងលិច មាន​ប្រភព​នៅ​បាភ្នំ ហូរ​ចុះ​ទៅ​ដី​ទំនាប ទៅ​តំបន់​ក្រាំង​ស្លា​ឦសាន​បាភ្នំ ហូរ​តម្រង់​ចូល​បឹង​មេ​សាង រួច​ហូរ​កាត់​វាលទំនាប​ជី​ផុ​ច ទើប​ហូរ​ចូល​​ខេត្ដស្វាយ​រៀង ពី​កំពង់​របោះ​ព្រីង ទៅ​ដល់​ឃុំ​បា​យ៉ាប ឆ្លង​ទៅ​វៀតណាម ។

រីឯ​ទន្លេ​វ៉ៃ​គោ​ខាងកើត មាន​ប្រភព​ពី​ទន្លេតូច​ខេត្ដកំពង់ចាម ។ ពេល​ទឹក​ឡើង បាន​ហូរ​បែក​ជា​ពីរ ដោយ​មួយ​ផ្នែក​ហូរ​កាត់​តំបន់​ទំនាប​កំចាយមារ និង​មួយ​ផ្នែក​ទៀត​ហូរ​កាត់​ស្រុក​កញ្ជ្រៀច ខេត្ដព្រៃវែង រួច​មក​ប្រសព្វ​គ្នា​នៅ​អណ្ដូង​ត្របែក ទើប​មក​រួម​គ្នា​នៅ​ឃុំ​ក្រសាំង ហូរ​ធ្លាក់​មក​កំពង់ត្រាច ត្រស់ ពាម​មេត្រី បាត​ត្រាស់ ហូរ​ចូល​ទន្លេ​ក្រា​ច់​យ៉ូ​វ ប្រទេស​វៀតណាម (​ហៅ​ថា​ទន្លេធំ​) ។

ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដម​ហុ​ក ឡង​ឌី ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ដ រៀបចំ​ពិធី​ប្រណាំងទូក នៅ​ទន្លេ​វ៉ៃ​គោ​នេះ ចាប់ពី​ឆ្នាំ​២០០៨ ។ ថ្វីបើ​ពុំ​ទាន់​មានការ​អភិវឌ្ឍ​ទន្លេ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​អ្នកទេសចរ ប៉ុន្ដែ​ក្រសែភ្នែក​អ្នកទេសចរ ដែល​ឆ្លងកាត់​ខេត្ដ តែងតែ​សរសើរ​គ្រប់​គ្នា​ថា ផ្ទៃ​ទឹកទន្លេ​វ៉ៃ​គោ ពិតជា​ល្អ​ប្រសើរ​ណាស់ និង​មាន​សម្រស់​ពី​ធម្មជាតិ​គួរ​ឲ្យ​គយគន់​មិន​ចង់​ឃ្លាតឆ្ងាយ​ឡើយ ។ ក្នុង​ឆ្នាំ​២០០៩ សម្ដេច តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មក​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​លែង​ពូជ​មច្ឆា​ជា​ច្រើន ដែល​បច្ចុប្បន្ន​ទន្លេ​វ៉ៃ​គោ​នេះ សំបូរ​ត្រី​ធម្មជាតិ​គ្រប់​ប្រភេទ។

សាវតារ​ទាក់ទង​នឹង​ស្វាយ​រៀង
ប្រវត្ដិ​ស្វាយ​អង្គ
រឿងព្រេង​ដែល​មាន​ទាក់ទង​ដោយ​នាម «​ស្វាយ​អង្គ​» មាន​ដូច​តទៅ ៖ មាន​សេចក្ដី​តំណាល​ថា កាលពី​រាជធានី​នៅ​លង្វែក មាន​បុរស​ម្នាក់​ឈ្មោះ «​សំ​រិ​ទ្ធ​»​ជា​អ្នក​ខ្លាំងពូកែ​អង់អាច​ណាស់ និង​មានផ្ទះ​នៅ​លើ​ទីទួល​នេះ ។ កាលដែល​ស្រុក​កើត​មាន​ចម្បាំង​ជាមួយ​សៀម ព្រះរាជា​ក៏​ទ្រង់​អំពាវនាវ​ដល់​អាណាប្រជានុរាស្ដ្រ​គ្រប់​ខេត្ដ ខណ្ឌ បើ​នរណា​ខ្លាំងពូកែ​អង់អាច​នោះ សូម​ឱ្យ​ចូល​ខ្លួន​ទៅ​បម្រើ​ក្នុង​កងទ័ព ដើម្បី​បង្ក្រាប​ខ្មាំង​សៀម ដែល​ចូល​មក​រាតត្បាត​អាណាខេត្ដ​ខ្មែរ នៅ​តំបន់​ប្រទល់​ដែន​ក្នុង​ខេត្ដបាត់ដំបង និង​សៀមរាប ។ បុរស​សំ​រិ​ទ្ធ ក៏​ស្ម័គ្រចិត្ដ​ចូលខ្លួន​ទៅ​តាម​ព្រះរាជ​តម្រាស់​អំពាវនាវ​នោះ ។ គាត់​បាន​ប្រុងប្រៀប​រៀបចំ​ខ្លួន និង​ប្រដាប់ប្រដារ មាន​គ្រឿង​សាស្ដ្រាវុធ និង​អាវ​តេជះ​ជាដើម​រួច​ស្រេច លា​ប្រពន្ធ​កូន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​រាជធានី​លង្វែក ដោយ​ថ្មើរជើង ។

លុះ​ទៅ​ដល់​លង្វែក​ហើយ គាត់​បាន​ទៅ​រក​ជួប​មេទ័ព ដើម្បី​ប្រគល់​ខ្លួន​គាត់​តាម​រដ្ឋ​ត្រូវការ ។ ឯ​លោក​មេទ័ព កាលបើ​បាន​ពល​រេ​ហ៏​ល្មម​គ្រប់គ្រាន់​ហើយ ក៏​តាំង​បុរស​សំ​រិ​ទ្ធ ជា​មេទ័ព​ធំ ឱ្យ​លើក​ព្យុ​យាត្រា​ឆ្ពោះទៅ​បាត់ដំបង ដើម្បី​កំចាត់​ពួក​សត្រូវ ។ លុះ​ទៅ​ដល់​សមរភូមិ បុរស​សំ​រិ​ទ្ធ ក៏​ចាប់​ប្រយុទ្ធ​យ៉ាង​ស្វាហាប់ លុះត្រាតែ​ទ័ព​សៀម​បរាជ័យ​រត់​ខ្ចាត់ខ្ចាយ​អស់ ។ ដោយ​ឫ​ទ្ធី​តេជះ​របស់​បុរស​សំ​រិ​ទ្ធ ទ័ព​សៀម​ក៏​បាក់បប​ខ្លបខ្លាច លែង​ហ៊ាន​ចូល​មក​រុក​រាតត្បាត​ទឹកដី​ខ្មែរ​តទៅ​ទៀត ស្រុក​ក៏​បាន​សាន្ដត្រាណ ។

បុរស​សំ​រិ​ទ្ធ ក៏​លើកទ័ព​មក​រាជធានី​លង្វែក​វិញ ហើយ​បាន​ទូល​ព្រះរាជា​តាម​ដំណើរ​ដែល​ខ្លួន​បាន​ទទួល​ជ័យ​ជំនះ​លើ​ទ័ព​សៀម ហើយ​សុំ​ព្រះ​រាជានុញ្ញាត​ក្រាបទូល ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ ព្រះរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​តាម​ការ​សុំ ។ បុរស​សំ​រិ​ទ្ធ បាន​ធ្វើ​ដំណើរ​ត្រឡប់​ឆ្ពោះទៅ​ស្រុក​វិញ មក​ដល់​ភូមិ​ដូនពេញ​ក៏​ឈប់​សម្រាក​នៅ​ទីនោះ​១​យប់ ទើប​ធ្វើ​ដំណើរ​តទៅ​ទៀត ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ឈប់​ស្រាយ​សំពាយ​របស់​គាត់​មើល ។ លុះ​ស្រាយ​ទៅ​ទើប​ដឹង​ថា សំពាយ​នេះ មិនមែន​ជា​របស់​គាត់​ទេ នៅ​ក្នុង​បង្វេច​នេះ ឃើញ​មាន​តែ​សំពត់​១ និង​ផ្លែស្វាយ​ទុំ​ពីរ បី ប៉ុណ្ណោះ ។ គាត់​ដឹង​ថា បង្វេច​នេះ​ច្រឡំ ក្នុង​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ច្បាំង ហើយ​ឈប់​សម្រាក​នៅ​អង្គរ ព្រោះ​ពេល​នោះ​មានការ​ច្រឡូកច្រឡំ​គ្នា​ខ្លះ ហើយ​ផ្លែស្វាយ​នេះ​ទៀត ក៏​ជា​ផ្លែស្វាយ​ដែល​បាន​ពី​អង្គរ​ដែរ ។

បុរស​សំ​រិ​ទ្ធ ក៏​ខំ​រូតរះ​ធ្វើ​ដំណើរ​ទៅ​ដល់​លំនៅ​អាត្មា​ដោយ​សុខសាន្ដ ។ កាលដែល​បាន​ទៅ​ដល់​ហើយ ប្រពន្ធ​គាត់​បាន​យក​គ្រាប់ស្វាយ ដែល​ទុំ​រលួយ​សាច់​អស់​នៅ​ក្នុង​បង្វេច​គាត់ ទៅ​កប់​ដាំ​នៅ​ជាយ​របង មិនយូរ​ប៉ុន្មាន​ស្វាយ​ក៏​ដុះ​ឡើង​បែកមែក​ធាង មាន​ផ្កា​ផ្លែ​ជា​ហូរហែរ​រៀង​មក ។ ស្វាយ​នេះ​អ្នកស្រុក នាំ​គ្នា​ហៅ​ថា «​ស្វាយ​អង្គរ​» ព្រោះ​ជា​ពូជ​ស្វាយ​បាន​មក​ពី​អង្គរ ប៉ុ​នែ្ដ​ត​ៗ​មក​ពាក្យ «​អង្គរ » ហៅ​កាត់ ខ្លី​មក​នៅ​ត្រឹម «​អង្គ​» បានជា​ជាប់​ពាក្យ​ថា ស្វាយ​អង្គ ដល់​សព្វថ្ងៃ ។

ក្រោយមក​បុរស​សំ​រិ​ទ្ធ និង​ភរិយា ក៏​ស្លាប់​បាត់​ទៅ នៅ​តែ​តំណ​កូនចៅ​របស់​គាត់ ។ កូនចៅ​នេះ ខ្លះ​ក៏​ទៅ​នៅ​ឯនោះ ខ្លះ​ក៏​ទៅ​នៅ​ឯនេះ បែក​គ្នា​ទៅ​នៅ​តាម​ប្ដី​តាម​ប្រពន្ធ លុះ យូរ​ៗ​ទៅ ទី​ភូមិ​របស់​គាត់​នេះ ក៏​លែង​មាន​មនុស្ស​នៅ ។ អ្នកស្រុក​ក៏​នាំ​គ្នា​សាង​ជាវ​ត្ដ​អារាម​មួយ​ឡើង ដាក់​នាម​ថា «​វត្ដ​ស្វាយ​អង្គ​» ដោយ​មាន​លោកគ្រូ​ចៅអធិការ​មួយ​អង្គ ជា​អ្នកគ្រប់គ្រង ព្រមទាំង​មាន​ភិក្ខុ​សាមណេរ គង់នៅ​ជា​ច្រើន ។

កន្លង​មក​ទៀត ដោយ​មានការ​ទើស​ទែង​ក្នុង​ទីវ​ត្ដ​ផង មាន​សត្វ​ស្លាប ផ្សេង​ៗ ទំ​នៅ​លើ​ដើម​ស្វាយ​នោះ​ផង នាំ​ឱ្យ​មិន​ស្អាត​ផង មានការ​ខ្វះខាត​គ្រឿង​សេនាសនៈ​ផង លោកគ្រូ​ចៅអធិការ បាន​ឲ្យ​ភិក្ខុ​សាមណេរ កាប់​រលំ​ដើម​ស្វាយ​នោះ តែ​ដោយ​រិ​ទ្ធី​ដើម​ស្វាយ​ធំ​នោះ ភិក្ខុ​សាមណេរ​កាប់​មួយ​ថ្ងៃ​បាន​តែ​ពាក់កណ្ដាល​ដើម នៅ​សល់​ប៉ុន្មាន​នឹង​កាប់​នៅ​ថ្ងៃ​ខាង​មុខ​ទៀត លុះ​ព្រឹក​ឡើង​ស្រាប់តែ​ស្នាម​កាប់​ទាំង​ប៉ុន្មាន ដែល​បាន​កាប់​ខ្លះទៅ​ហើយ​នោះ​ក៏​ដុះ​សាច់ ដុះ​សំបក​គ្រប​ជិត​ដើម​វិញ ។

គួរ​ឱ្យ​អស្ចារ្យ​ណាស់ លោកគ្រូ ក៏​ឲ្យ​ភិក្ខុ​សាមណេរ​កាប់​ទៀត ពី​ថ្ងៃ​ទល់​ល្ងាច តែ​ទោះជា​ខំ​កាប់​យ៉ាងណា ក៏​បាន​ត្រឹមតែ​ពាក់កណ្ដាល​ដើម លុះ​ព្រឹក​ឡើង​ឃើញ​ដុះ​សាច់ ដុះ​សំបក​ដើម​ដដែល​ទៀត ។ ថ្ងៃមួយ​បានឱ្យ​ភិក្ខុ​សាមណេរ​ជា​ច្រើន​អង្គ ដោយ​មាន​ពូថៅ​គ្រប់​ដៃ ហើយ​លោក​ប្រាប់​ថា នាំ​គ្នា​កាប់​ឱ្យ​រលំ​ក្នុងថ្ងៃនេះ​ឱ្យ​ហើយ​ស្រេច​តែ​ម្ដង ។ ដើម​ស្វាយ ទ្រាំ​មិន​បាន​នឹង​ពូថៅ​ច្រើន​ពេក​ក៏​រលំ ប៉ុន្ដែ​ស្លឹក​វា​មិន​បាន​ស្រពោន​ឡើយ បែរ​ទៅ​ជា​ដុះ​មែក​ខ្នែង​ចេញ​ផ្លែផ្កា​ដូច​ធម្មតា ។

នៅ​ពេល​យប់​គេ​ឮ​តែ​សូរ​ស័ព្ទ​ភ្លេងពិណពាទ្យ ប្រគំ​យ៉ាង​លន្លង់លន្លោច ធ្វើ​ឱ្យ​អ្នកស្រុក​ស្ងើច​អស្ចារ្យ មិនយូរ​ប៉ុន្មាន លោកគ្រូ​ចៅអធិការ​ក៏​កើត​ជំងឺ​ឈឺ​ជា​ខ្លាំង រវើរវាយ រហូត​ដល់​ក្លាយទៅជា​ឆ្កួត​វង្វេង ។ ចំណែក​ភិក្ខុ​សាមណេរ កាលបើ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ​ក៏​រត់​ចោល​អារាម​នោះ​អស់​ទៅ ។ ឧបាសក ឧបាសិកា ក៏​នាំ​គ្នា​ទៅ​កសាង​វត្ដ​ថ្មី​ទៀត​នៅ​ចម្ងាយ​ប្រមាណ​ជា​១​គីឡូម៉ែត្រ​ពី​វត្ដ​ស្វាយ​អង្គ​ចាស់​នេះ ដែល​សព្វថ្ងៃ​គេ​ឲ្យ​ឈ្មោះ​ថាវ​ត្ដ​ស្វាយ​ផ្អែម​វិញ ។ ប្រជាពលរដ្ឋ​បាន​និទាន ត​ៗ​គ្នា​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើតឡើង​ជុំវិញ​រឿងហេតុ និង​ហេតុភេទ​អស្ចារ្យ​អំពី​ដើម​ស្វាយ ។

អំពី​ការ​ដាក់​នាម​ទីកន្លែង និង​វត្ត​អារាម មាន​ពាក្យ​ស្វាយ
តំណ​ក្រោយមក អាស្រ័យ​ដោយ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង ជុំវិញ​រឿងហេតុ និង​ហេតុភេទ​អស្ចារ្យ អំពី​ដើម​ស្វាយ ធ្វើ​ឱ្យ​អ្នកស្រុក តែង​មាន​ជំនឿ​លើ​ដើម​ស្វាយ និង​មាន​អ្នក​ភូមិ​ខ្លះ នាំ​គ្នា​ដាំ​ដើម​ស្វាយ​លើ​ភូមិ​ថ្មី ឬ​ទី​ដី​ទំនេរ ទើប​បង្កើត​បាន​ភូមិ​ថ្មី ហើយ​ភូមិ​ថ្មី​ទាំងនោះ តែង​មាន​ជាប់​នាម «​ស្វាយ​» ដូច​ជា ភូមិ​ស្វាយ ស្វាយ​រៀង ស្វាយ​ជ្រំ ស្វាយ​ទាប ស្វាយ​អង្គ ស្វាយ​តឿ ស្វាយចេក ស្វាយ​​យា ស្វាយ​តា​យាន ស្វាយ​រំពារ ព្រៃ​ស្វាយ ស្វាយ​តា​ភ្ល ស្វាយមីង ស្វាយ​ធំ ស្វាយ​ក្ងោក ស្វាយ​ផ្អែម ស្វាយ​ព្រហូត ស្វាយ​ដូន​អី ស្វាយ​ជម្រៅ ស្វាយ​គយ ស្វាយ​ក្អែ ស្វាយ​កណ្ដាល ស្វាយ​គុយ ស្វាយ​អាណា​ត ស្វាយប៉ោ ស្វាយ​រូង ស្វាយ​រលំ ស្វាយ​ជុំ ស្វាយ​ទន្ទឹម ស្វាយ​បទុម ត្រពាំង​ស្វាយ អារក្ស​ស្វាយ បុស្ស​ស្វាយ និង​អង្គ​ស្វាយ ។

ម្យ៉ាងវិញទៀត តាម​ប្រវត្តិ​រឿងរ៉ាវ​ខ្លះ​បាន​រៀបរាប់​ថា មុន​ដំបូង​ទឹកដី​ខេត្តស្វាយរៀង​សម្បូរ​ទៅ​ដោយ​ដើម​ឫស្សី និង​ដើម​ស្វាយព្រៃ មួយ​ភាគ​គឺជា​ព្រៃ​គុប​សម្បូរ​ទៅ​ដោយ​ខ្លុង ឈើទាល គគីរ និង​ព្រៃ​ប្រចាក់ ពុំ​សូវ​មាន​ដើមឈើ​ហូប​ផ្លែ​ទេ ។ តាម​និទាន​ខ្លះ​តំណាល​ថា ក្រោយ​ពី​សង្គ្រាម​មេទ័ព និង​ពល​ទាហាន​ដែល​ឈរជើង​នៅ​ប្រាសាទ​ព្រះ​នាង​ចូ​វ មហេសី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​ដាំ​ដើម​ស្វាយ ចំនួន​៧​ប្រភេទ ប្រជារាស្ត្រ​ហៅ​ថា​ស្វាយ​៧​ដើម គឺ​មាន​ស្វាយក្បាលដំរី ស្វាយ​ខ្ទិះ ស្វាយ​ផ្អែម ស្វាយកែវ​មួ​ង ស្វាយព្រៃ ស្វាយកែវយក្ស និង​ស្វាយ​ព្រំ​សែន ។

ក្រោយមក​កងទ័ព នាយទាហាន​បោះជំរំ​បន្ទាយ​នៅ​ខេត្ត​ស្វាយ​ទាប ខេត្ត​រំដួល និង​ខេត្ត​រោង​ដំរី ក៏​បេះ​ផ្លែ​នោះ​មក​បរិភោគ និង​ទុក​គ្រាន់​ធ្វើ​ពូជ​យក​ដាំ​នៅ​ទីតាំង​បន្ទាយ និង​ខ្លះ​ចូល​និវត្តន៍​ទៅ​រស់​នៅ​តាម​ភូមិកំណើត​ក៏​យក​ពូជ​ស្វាយ​ទៅ​ដាំ​រៀង​ៗ​ខ្លួន ពិសេស​យក​ទៅ​ដាំ​នៅ​ទីទួល​វត្ត​បុរាណ ទើប​ឈ្មោះ​ភូមិ ឃុំ ស្រុក វត្ត​អារាម មាន​ពាក្យ ស្វាយ ច្រើន ។ ជាក់ស្ដែង​ឈ្មោះ​ឃុំ មាន​ចំនួន ៩ គឺ ឃុំ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​អង្គ ឃុំ​ស្វាយ​យា ឃុំ​ស្វាយ​រំពារ ឃុំ​ស្វាយចេក ឃុំ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តឿ និង​ឃុំ​ស្វាយ​រៀង ។ រីឯ​វត្តមាន​១៥ និង​វត្ត​ទួល​បុរាណ ចំនួន​១៦ គឺ វត្ត​ស្វាយ​ជ្រំ វត្ត​ស្វាយ​ផ្អែម វត្ត​ស្វាយ​អង្គ វត្ត​ស្វាយ​ព្រហូត វត្ត​ស្វាយ​ធំ វត្ត​ស្វាយ​យា វត្ត​ស្វាយ​រំពារ វត្ត​ស្វាយ (​វត្ត​ស្វាយ​មាន​២​វត្ត​) វត្ត​ស្វាយ​តា​យាន វត្ត​ស្វាយ​បុ​ទុម វត្ត​ស្វាយ​ទន្ទឹម វត្ត​ស្វាយ​ជុំ វត្ត​ស្វាយ​កណ្ដាល ទួល​ស្វាយ​អណ្ដើក ទួល​ស្វាយ​កន្ត្រៃ ទួល​ស្វាយ​ពុំ​គ្រង ទួល​ស្វាយ​រ៉ាំ និង​មាន​ទួល​វត្ត​ចាស់​ឈ្មោះ​ស្វាយ​ចំនួន ១១ ទៀត ។

រឿងរ៉ាវ​នេះ​ហើយ​ជា​ប្រភព នៃ​ការ​យកឈ្មោះ ស្វាយ ជា​គោល​ក្នុង​ការ​ដាក់ ឈ្មោះ ភូមិ ស្រុក​មួយ​ចំនួន ។ អំឡុង​ពេល​បារាំង ធ្វើ​អាណាព្យាបាល ឆ្នាំ​១៨៦៣ និង​នៅ​ឆ្នាំ​១៨៨៧ គេ​បាន​បង្កើត​ប៉ុស្ដិ៍​រដ្ឋបាល​មួយ​ស្ថិត​នៅ​ភូមិ​ស្វាយ​រៀង ទីប្រជុំជន​ខេត្ដ​បច្ចុប្បន្ន ដែល​គេ​ហៅ​ថា ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​រៀង សម្រាប់​កំណែន​ពន្ធដារ និង​កិច្ចការរដ្ឋបាល ។ នេះ​ជា​មូលដ្ឋាន​ចម្បង​នៃ​ការ​បង្កើត​ឈ្មោះ​ខេត្ដស្វាយរៀង ក្នុងអំឡុងពេល​រៀបចំ​ខេត្ដ​ដំបូង​នៅ​ឆ្នាំ​១៩២២ ។

និមិត្ដសញ្ញា​សម្គាល់​ខេត្ដស្វាយរៀង
កាល​ដើម​ឡើយ មុន និង​ក្រោយ​រៀបចំ​ខេត្តស្វាយរៀង ពុំដែល​មាន​ឯកសារ​ណាមួយ ឬ​ទឡ្ហីករណ៍​​ណាមួយ​ដែល​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​សាវតារ ឬ​និមិត្តសញ្ញា​សម្គាល់​ខេត្ត​ស្វាយរៀង​ឡើយ ។ បើ​តាម​ឯកសារ​មួយ​ចំនួន ដែល​សរសេរ​ក្នុង​ចន្លោះ​ឆ្នាំ ១៨៨៩-១៩០៤ ក៏​ពុំ​ឃើញ​មាន​សញ្ញា​សម្គាល់​អ្វី​ច្បាស់លាស់​ដែរ ។ មុន និង​ក្រោយ​ពេល​ច្របាច់​បញ្ចូល​គ្នា​រវាង​ខេត្ត​ទាំង​បី គឺ ខេត្ត​រមាស​ហែក ខេត្ត​រំដួល និង​ខេត្ត​ស្វាយ​ទាប ក៏​គ្មាន​និមិត្តសញ្ញា​សម្គាល់​អ្វី​ឡើយ ។

អំឡុង​ឆ្នាំ​១៩៤៧ ថ្នាក់ដឹកនាំ​ខេត្ត​បាន​រៀបចំ​រូប​ព្រះ​គោ​ន​ន្ទី​ដាក់​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ត្រង់​រង្វង់​មូល​រូប​គោ​បច្ចុប្បន្ន ។ ម្យ៉ាងទៀត​ដើម្បី​ជា​ការ​រំឭក​ពី​គុណ​របស់​ព្រះ​គោ ក្នុង​រឿង «​ព្រះ​គោ​ព្រះ​កែវ​» ផង និង​បង្ហាញ​ពី​គុណសម្បត្តិ​របស់​តួអង្គ​សត្វ​គោ ដែល​ជួយ​បម្រើ​ដល់​វិស័យ​កសិកម្ម​ក្នុង​ការ​អូស​ទាញ ភ្ជូ​រ​រាស់​ជា​កម្លាំង​ស្នូល ដែល​ប្រជាជន​ខេត្តស្វាយរៀង​ភាគច្រើន​លើស​លប់​រស់​ដោយ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ។ រហូត​មក​ដល់​ឆ្នាំ​១៩៥៧ រូប​គោ​ត្រូវ​បាន​រចនា​លម្អ​បន្ថែម ដោយសារ​អ្នកស្រុក​មួយ​ចំនួន​មាន​ជំនឿ​ថា ជា​រូប​ព្រះ​គោ​ក្នុង​រឿង​ទេវ​កថា​«​ព្រះ​គោ​ព្រះ​កែវ​» មក​ចាប់បដិសន្ធិ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​នេះ និង​តែងតែ​ផ្ដល់​សេចក្ដីសុខ​សប្បាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ