ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរស្រុកភ្នំស្រុក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបិទទីតាំងពិឃាតសុនខដែលជាកន្លែងនាំចេញទៅលក់តាមខេត្ត និងរំដោះសុនខបានជិត២០ក្បាល ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកថ្លែងថា តាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកបានដឹកនាំមន្ត្រីការិយាល័យកសិកម្មស្រុក និងកម្លាំងនគរបាល កម្លាំងកង
រាជអាវុធហត្ថ រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះពិនិត្យទីតាំងពិឃាតសុនខ(ឆ្កែ)លក់១កន្លែង ឃើញកំពុងធ្វើសកម្មភាពកាប់និងស្រុសទឹកក្តៅ១ក្បាល និងកំពុងអាំងសាច់លក់១ក្បាល ហើយនៅក្នុងទ្រុងលើម៉ូតូមានចំនួន៦ក្បាល និងនៅទ្រុងក្បែរផ្ទះមានចំនួន១០ក្បាលទៀត ។
លោកអភិបាលខេត្តថ្លែងទៀតថា សុនខរស់នៅក្នុងទ្រុងសរុបចំនួន១៦ក្បាល ត្រូវបានដឹកយកមកលែងនៅសាលាស្រុក ហើយមន្ត្រីជំនាញបានណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្លាប់សុនខបន្តទៀត បើសិនជារកឃើញធ្វើសកម្មភាពបន្ត នឹងមានវិធានការតាមច្បាប់ ។
លោក យឹម សំណាង ឲ្យដឹងដែរថា គ្រួសារដែលសម្លាប់សុនខលក់នេះ ជាអ្នករស់នៅខេត្តកំពង់ចាម ទើបមកជួលផ្ទះនៅស្រុកភ្នំស្រុកប្រមាណ៣ខែ ដោយប្រកបរបរកាប់សុនខលក់ឱ្យ
អ្នកស្រុក និងនាំចេញទៅលក់នៅខេត្តសៀមរាម ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សាច់សុនខនេះ គឺដឹកតាមរថយន្តឈ្នួលទៅឲ្យគេតាមការកុម្មង់ទិញ ដោយសាច់ស្រស់លក់១គីឡូក្រាម១០.០០០រៀល និងសាច់អាំងក្រៀមលក់នៅផ្ទះ១គីឡូក្រាម១៥.០០០រៀល ។
តាមប្រភពព័ត៌មានថា សុនខដែលយកមកកាប់លក់នេះ គឺបានមកពីការដើរដូរឆ្នាំងចាននៅ
តាមភូមិ ដែលក្នុង១ថ្ងៃដូរបានពី៤ទៅ៥ក្បាល៕
ចែករំលែកព័តមាននេះ