ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និមិត្តសញ្ញា​ខេត្តពោធិ៍សាត់​បាន​ត្រូវ​ក្រសួងមហាផ្ទៃ​ឯកភាព​ឱ្យ​ប្រើប្រាស់

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ក្រុមប្រឹក្សា​ខេត្តនិង​គណៈ​អភិបាលខេត្ត ប្រជុំ​ពិនិត្យ​និង​អនុម័ត​លើ និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ដើម្បី​សុំ​ការ​សម្រេច ពី​ក្រសួងមហាផ្ទៃ​យក​មក​ប្រើប្រាស់​លើ​លិខិត​រដ្ឋ​បាល​ជា​ផ្លូវការ​រួច​មក ពេល​នេះ​សម្តេច​ក្រឡា​ហោម ស ខេ​ង…

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ក្រុមប្រឹក្សា​ខេត្តនិង​គណៈ​អភិបាលខេត្ត ប្រជុំ​ពិនិត្យ​និង​អនុម័ត​លើ និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ដើម្បី​សុំ​ការ​សម្រេច ពី​ក្រសួងមហាផ្ទៃ​យក​មក​ប្រើប្រាស់​លើ​លិខិត​រដ្ឋ​បាល​ជា​ផ្លូវការ​រួច​មក ពេល​នេះ​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ តាម​ប្រកាស​លេខ​៣៤៧១​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ ។

ក្នុង​ប្រកាស​នេះ ត្រង់​ប្រការ​៣ បាន​ចែង​ថា និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ ដាក់​នៅ​កន្លែងធ្វើការ​ងារ ដាក់​នៅ​លើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវ​ការ ប្រើប្រាស់​ក្នុង​ពិធី​នានា​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ករណី​ផ្សេង​ៗ​ទៀត​ដែល​ចាំបាច់ ។

ចំពោះ​និមិត្តសញ្ញា​នេះ​មាន​ធាតុ​ផ្សំ «​ទឹក ដី មនុស្ស និង​ប្រវត្តិសាស្ត្រ​» ដែល​បង្ហាញ​ពី​ប្រភព​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​ក្នុង​ការ​អភិ​វ​ឌ្ឍ ផ្តើម​ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ប្រជា​ពលរដ្ឋ​លើ​ទឹកដី​ដ៏​អំណោយផល ទើប​យើង​អាច​កំណត់​បានជា​និមិត្តសញ្ញា​សម្គាល់​ខេត្ត​ដូច​ខាង
ក្រោម ៖

ទី​១-​រូប​មនុស្ស​ជិះសេះ​ស្ពាយ​ដាវ ៖
តំណាង​ឱ្យ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ឧកញ៉ា​ពញា​សួគ៌ា លោកតា ឃ្លាំង មឿង រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ដែល​សុខចិត្ត​លះបង់​ធ្វើ​ពលី​កម្ម​បូជា​នូវ​អាយុ​ជីវិត​ឥត​ស្តាយស្រណោះ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ សាសនា ព្រះមហាក្សត្រ និង​ជា​គំរូ​ដ៏ល្អ​មួយ​សម្រាប់​ដល់​មនុស្ស​ជំនាន់​ក្រោយ ឱ្យ​ខិត​ខំ​ការពារ​កសាង​ជាតិ​មាតុភូមិ​ឱ្យ​បាន​គង់វង្ស និង​រុងរឿង ។

ទី​២-​រូប​តំបន់​ជួរ​ភ្នំក្រវាញ​(​ផ្ទៃ​ខាងក្រោយ​រូប​សេះ​) ៖
ភ្នំក្រវាញ​ជា​ឈ្មោះ​ភ្នំ​មួយ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ​ធម្មជាតិ អនុ​ផល​ព្រៃឈើ រុក្ខជាតិ​ជា​ឱសថ​បុរាណ និង​ជា​ជម្រក​នៃ​សត្វព្រៃ​គ្រប់​ប្រភេទ​។ ជួរ​ភ្នំក្រវាញ គឺជា​ប្រភព​នៃ​ទឹក​សម្រាប់​ការងារ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំង​ជា​ប្រភព​ថាមពល​វា​រី​អគ្គិសនី និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប​ដ៏​មាន​សក្ដា​នុ​ពល​នៃ​ខេត្ត ។

ទី​៣-​រូប​ដី​ឬ​ផែន​ថ្ម​ដែល​សេះ​ឈរ​ពីលើ ៖
តំណា​ង​ឱ្យ​ធនធាន​រ៉ែ​ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ខេត្ត​ដូច​ជា ប្រភព​រ៉ែ​ថ្មកែវ ដែល​ជា​ថ្ម​មាន​តែ​មួយ​គត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ថ្ម​ដែល​គេ​យក​ទៅ​ច្នៃ​ជា​ផលិតផល​សិល្បៈ​សូន​រូប​ផ្សេង​ៗ ។

ទី​៤-​ដើម​ពោធិ៍​និង​ក្រូចពោធិ៍សាត់ ៖
ដើម​ពោធិ៍ គឺ​តំណាង​ឱ្យ​ប្រវត្តិ​នៃ​ឈ្មោះ​របស់​ខេត្តពោធិ៍សាត់ ដែល​មក​ពី​ពាក្យ​ដើម​គឺ​(​ពោធិ៍​-​រសាត់) មាន​ចំនួន​១២​សន្លឹក តំណាង​ឱ្យ​គុណ​អ្នក​ម្តាយ ។ ក្រូចពោធិ៍សាត់​តំណាង​ឱ្យ​ផលានុផល​ផ្លែ​ឈើ​ដែល​ត្រូវ​បាន​ដាំ​ក្នុង​សម័យ​អាណានិគមនិយម​បារាំង ក្នុងភូមិ​ដប់​បាត ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ ដំបូង​គេ​នៅ​កម្ពុជា ដោយ​ស្ថានីយ​ស្រាវ​ជ្រាវ​ដើម​ក្រូច​មុន​ឆ្នាំ​១៨៦៣ ហើយ​មាន​ចំនួន​២១​ផ្លែ តំណាង​ឱ្យ​គុណ​លោកឪពុក ។

ទី​៥-​ផ្ទៃ​ទឹក និង​ត្រី ៖
តំណាង​ឱ្យ​បឹង​ទន្លេសាប​ដែល​ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ និង​ជា​ដែន​ជម្រក​មច្ឆជាតិ​គ្រប់​ប្រភេទ ដែន​ជម្រក​ជីវចម្រុះ និង​សម្រាប់​បម្រើ​ឱ្យ​តម្រូវការ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ពោធិ៍សាត់ ។

ទី​៦-​រូប​កួរស្រូវ​ក្រង​ជា​រង្វង់​ស្នែងក្របី ៖
បង្ហាញ​អំពី​ភាព​សម្បូរ​បែប​នៃ​ដំណាំ​ស្រូវ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​កសិកម្ម​ដ៏​ធំ​ទូលាយ ជា​គ្រឹះ​រឹង​មាំ​សម្រាប់​ខឿនសេដ្ឋកិច្ច​ជាតិ ។

ទី​៧-​បូ​(​ពណ៌​ក្រហម ខៀវ និង​បៃតង​) ៖
តំណា​ង​ឱ្យ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ទាំងមូល​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នាំ​គ្នា​ស្តារ​និង​លើក​ស្ទួយ​ក្នុង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ។

ទី​៨-​អក្សរ​«​ខេត្តពោធិ៍សាត់​» ៖
បញ្ជាក់​ថា​ប្រជា​ជន​ខេត្តពោធិ៍សាត់ គោរព​យ៉ាង​ខ្ជាប់ខ្ជួន និងបំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ជ្រក​ក្រោម​បាវចនា ជាតិ សាសនា ព្រះ​មហាក្សត្រ ។

ទី​៩-​ក្រវាញ ៖
គឺជា​រុក្ខជាតិ​ផ្តល់​នូវ​ដើម ផ្កា និង​ផ្លែ សម្រាប់​ប្រើប្រាស់​ជា​អាហារ និង​ឱសថ​មានឈ្មោះ​ល្បីល្បាញ​ជា​យូរលង់​ណាស់​មក​ហើយ ជាមួយ​ឈ្មោះ​ជួរ​ភ្នំក្រវាញ​និង​របាំ​បេះ​ក្រវាញ ។

និមិត្តសញ្ញា​ខេត្តពោធិ៍សាត់​នេះ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ ដែល​កើត​ចេញពី​ការ​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា​រវាង​ក្រុមប្រឹក្សា​ខេត្ត​ជាមួយ​គណៈ​អភិបាលខេត្ត ក្នុង​អាណត្តិ​ទី​៦​ឆ្នាំ​២០២០ ពិសេស​ក្នុង​ពេល​ដែល​ឯកឧត្តម ម៉ៅ ធនិន ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ