ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ គួរតែ​ប្រយ័ត្ន​កុំ​ធ្វេស​ប្រហែស​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា ៖ ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ ខួរក្បាល (Acute…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា ៖ ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ ខួរក្បាល (Acute Subdural Haematoma) គឺជា​ការ​កកឈាម​ក្រោយ​ពី​ការ​ប៉ះទង្គិច​រហូត​ដល់​រយៈពេល​មួយ​អាទិត្យ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ជំងឺ​ឈាមកក​ចន្លោះ​ស្រោមខួរ​ទាំងអស់ (subdural haematoma)​។

លោក​វេជ្ជបណ្ឌិត ទ្រី ធី បាន​បញ្ជាក់​ថា ៖ ជា​ទូទៅ​វា​កើតឡើង​បន្ទាប់​ពីរ​ងរ​បួស​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អ្នកបើកបរ​ភាគច្រើន បើកបរ​ក្នុង​សភាព​ស្រវឹង មិន​មាន​មួក​ការពារ បើកបរ​លើស​ល្បឿន​កំណត់ ការ​ធ្លាក់​ពីលើ​ទី​ខ្ពស់ និង​ការ​រអិល​ដួល​បោក​ក្បាល​ជាង​ដើម​។​ល​។

ជំងឺ​នេះ ទាមទារ​ឲ្យ​អ្នកជំងឺ​ចូល​សម្រាក​ពេទ្យ​ជា​បន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នកជំងឺ​អាច​ឈាន​ទៅ​ដល់​ការ​វះកាត់ យក​ឈាមកក​នៅ​ក្នុង​ខួរក្បាល​ចេញ​។ ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ខួរក្បាល​របស់​មនុស្ស​ខូច​ដោយសារ​២​របៀប ៖

១- បណ្ដាល​មក​ពី​ការ​បែក​សរសៃ​វែ​ន ដែល​ជា​សរសៃ​នាំ​ឈាម​ចេញពី​ខួរក្បាល​ទៅ​បេះដូង​និង​សួត
២- បណ្ដាល​មក​ពី​ការ​បែក​សរសៃ​អាក់ទែ ដែល​ជា​អ្នក​នាំ​ឈាម​ពី​បេះដូង​ទៅ​កាន់​ខួរក្បាល
៣- ការ​ខូចខាត​ដល់​ជាលិកា​ខួរក្បាល​ដែល​បណ្ដាល​ឲ្យ​មានការ​ហូរ​ឈាម​ក្នុង​ខួរក្បាល ។
ទន្ទឹម​គ្នា​នេះ​ដែរ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅ​លើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​ស​សៃ​ឈាម​ខួរក្បាល ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើ​ឱ្យ​មានការ​ហើម និង​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ខួរក្បាល​ដែល​ជា​អ្នកបញ្ជា​វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង​។

ក​) ការ​ប៉ះពាល់ ៖
ជំងឺ​ឈាមកក​ស្រួច​ស្រាវ​ចន្លោះ​ស្រោមខួរ ASH មាន​ហានិភ័យ​ខ្ពស់​រហូត​អាច បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង​ជីវិត​បាន​។ អាយុ​គឺជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​ការ​វិវត្តន៍​របស់​អ្នកជំងឺ​៖

-អាយុ​ក្រោម 40​ឆ្នាំ​មាន​ហានិភ័យ 20% នៃ​ការ​ស្លាប់
-អាយុ​ចាប់ពី 40 ឆ្នាំទៅ 80​ឆ្នាំ​មាន​ហានិភ័យ 65% នៃ​ការ​ស្លាប់
-ចាប់ពី 80​ឆ្នាំ​ឡើង​ទៅ​មាន​ហានិភ័យ​នៃ​ការ​ស្លាប់ 88%

ការ​ជា​សះស្បើយ​ពី​ជំងឺ​នេះ ត្រូវ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​ដុំ​ឈាម​តូច​ឬ​ធំ ការ​មក​ដល់​មន្ទីរពេទ្យ​លឿន​ឬ​ក៏​យឺត​។ ជួនកាល​អ្នកជំងឺ​ត្រូវ​ញាំញី​ដោយ​ស្នាក​ស្នាម​របួស​ដែល​ជា​សំណល់​របស់​ជំងឺ​នេះ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្តជា​រៀង​រហូត​ក៏​មាន​ដែរ​។

ខ​) រោគ​សញ្ញា​៖
រោគ​សញ្ញា​នៃ​ជំងឺ​ឈាមកក​ស្រួច​ស្រាវ​នៅ​ក្នុង​ស្រទាប់​ខួរក្បាល ASH អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​ការ​ប៉ះទង្គិច​ក្បាល មាន​ដូច​ជា ៖

-ការ​ឈឺក្បាល​ខ្លាំង ឬ​តិច
-ការ​ក្អួតចង្អោរ ឬ​មាន​អារម្មណ៍​មិន​ស្រណុក
-ការ​វង្វេង
-ការ​ផ្លាស់​ប្ដូរ​បុគ្គលិកលក្ខណៈ ឬ​ផ្លាស់​ប្តូរ​អារម្មណ៍​ភ្លាម​ៗ
-ទន់​ត្របកភ្នែក ងងុយ​ជាប់​រហូត
-ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ
-ការ​មើលឃើញ​ព្រិល​ៗ ឬ​បែក​រូបភាព​ជា​ពីរ
-ទន់ ឫ​ពិការ​មួយ​ចំហៀង​ខ្លួន
-ការ​បាត់បង់​ស្មារតី ឬ​សន្លប់​។

គ​) ការ​ព្យាបាល ៖
ការ​ព្យាបាល​អាស្រ័យ​ទៅ​លើ​ដុំ​កំណក​ឈាម ឈាម​ដែល​មាន​ទំហំ​តូច ភាគច្រើន​អាច​ព្យាបាល​ដោយ​ថ្នាំ និង​ការ​តាមដាន​។ រីឯ​ដុំ​ឈាម​ដែល​មាន​ទំហំ​ចាប់ពី​១០ មី​លី​ម៉ែត្រ ឬ​ធំ​ជាង​នេះ នឹង​ត្រូវ​ធ្វើការ​វះកាត់​យក​ចេញ​ដោយ​ក្រុម​វេជ្ជ​ប​ណ្ដិ​ត​ជំនាញ និង​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

ការ​ជា​សះស្បើយ​ពី​ជំងឺ​មិន​ដូច​គ្នា​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​អ្នកជំងឺ​ត្រូវ​ចំណាយពេល​មួយ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឲ្យ​បានជា​សះស្បើយ​មក​វិញ​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​(physiotherapists) ក្រុម​គ្រូពេទ្យ​ព្យាបាល​សំលេង (speech therapists)​ផង​ដែរ​។ ចូរ​ចាំ​ថា អ្នកជំងឺ​អាច​នឹង​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត​នូវ​សភាព​ផ្លូវ​កាយ ផ្លូវចិត្ត និង​ការ​ចង​ចាំ​របស់​គាត់​។

លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ ប្រសិនបើ​លោក​អ្នក​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ក្បាល​ហើយ​មាន​រោគ​សញ្ញា ឬ​អាកា​រៈ​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​បន្ទាន់ ដើម្បី​ស្វែងរក​ជំងឺ​ឈាមកក​ក្នុង​ខួរក្បាល​ឬ​ស្រទាប់​ខួរក្បាល និង​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ