ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ស​.​យ​.​ក​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព ដោយ​ប្រើ​កម្មវិធី App

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​រៀបចំ​កម្មវិធី​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក​របស់​ខ្លួន ។ កម្មវិធី​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​រៀបចំ​កម្មវិធី​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក​របស់​ខ្លួន ។ កម្មវិធី​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៨ សីហា​ឆ្នាំ​២០២០ ក្នុង​គោលបំណង​បង្ហាញ​ប័ណ្ណ​សមាជិកភាព​ទម្រង់​ថ្មី​ដែល​រចនា​យ៉ាង​ពិសេស​ប្រកបដោយ​ភាព​ទាក់ទាញ​សម្រាប់​ផ្តល់​ជូន​ដល់​សមាជិក សមាជិកា រួម​ជាមួយនឹង កម្មវិធី App ស​.​ស​.​យ​.​ក​. ដែល​នឹង​ក្លាយជា​បណ្តាញ​ទំនាក់ទំនង​ថ្មី​មួយ​ដែល​មានមុខ​ងារ​ផ្សេង​ៗ​បម្រើ​អត្ថប្រយោជន៍​ដល់​សមាជិក សមាជិកា ដែល​ជា​អ្នក​ប្រើប្រាស់​។

​សហព័ន្ធ​យុវជន​កម្ពុជា បាន​ផ្តួចផ្តើម​គំនិត​ឱ្យ​មានការ​រៀបចំ​ជា​ប័ណ្ណ​សមាជិកភាព​ទម្រង់​ថ្មី និង​កម្មវិធី «App» ស​.​ស​.​យ​.​ក​. នេះ​ឡើង​ក្នុង​គោលបំណង​៖ (១) ដើម្បី​ថ្លែងអំណរគុណ និង​ទទួលស្គាល់​ចំពោះ​ការ​ចូលរួម​ឥត​ស្រាក​ស្រាំ​របស់​សមាជិក សមាជិកា គ្រប់​ៗ​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​លើ​ដំណើរ​បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​កន្លង​មក និង​ទៅ​អនាគត (២) ផ្តល់​ជា​វេទិកា​ថ្មី​មួយ​ដែល​ផ្សារ​ភ្ជាប់​យុវជន សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ទៅ​នឹង​ដំណើ​រវិ​វត្ត​នៃ​បច្ចេកវិទ្យា ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​(៣) បង្ហាញ​ពី​មោទនភាព​របស់​ក្រុម​គ្រួសារ ស​.​ស​.​យ​.​ក​. ចំពោះ​អតីតកាល និង​សមិទ្ធផល​របស់​ខ្លួន​នា​ពេល​កន្លង​មក និង​ការ​បោះ​ជំហាន​ទៅ​អនាគត ជាមួយ​ទំនើប​ភាព​បច្ចេកវិទ្យា ជីវភាព​បែប​ថ្មី ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​អនាគត​ប្រកបដោយ​ក្តី​សង្ឃឹម​របស់​កម្ពុជា​។

ក្នុង​រយៈពេល ៧ ឆ្នាំ​ចុង​ក្រោយ ផើ្ត​ម​ចេញពី​កិច្ច​ការងារ​សម្រាប់​យុវជន ស​.​ស​.​យ​.​ក​. បាន​ក្លាយជា​វេទិកា​ជំរុញ​ការ​ចូលរួម​របស់​យុវជន​គ្រប់​រូប គ្រប់​ស្រទាប់ គ្រប់​និន្នាការ ក្នុង​សកម្មភាព​ការងារ​សង្គម និង​មនុស្សធម៌ ជា​ពិសេស​កិច្ច​ការងារ​ស្ម័គ្រចិត្ត​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​។​ថ្លែង​ក្នុង​កម្មវិធី លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា ក្រុម​គ្រួសារ ស​.​ស​.​យ​.​ក​.​ទូ​ទាំង​ប្រទេស ។​

លោក​បាន​បញ្ជាក់​ថា​៖ « កិត្តិនាម ការ​ទទួលស្គាល់ និង​ភាព​ភាព​ជោគជ័យ​របស់ ស​.​ស​.​យ​.​ក​. គឺ​កើត​ចេញពី​ការ​ចូលរួម​របស់​សមាជិក សមាជិក ស​.​ស​.​យ​.​ក គ្រប់​ៗ​រូប ក្នុង​ការ​ផ្តល់​ក្តី​ស្រលាញ់ លះបង់​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន មក​ចូលរួម​ជាមួយ​គ្នា​សម្រេច​នូវ​ស្នាដៃ​មួយ​ដែល​កើត​ចេញពី​ការ​ស្ម័គ្រចិត្ត ជា​ពិសេស​ការ​រួម​ដំណើរ​ជាមួយ​គ្នា ក្នុង​បេសកកម្ម បុព្វហេតុ​ជាតិ មាតុភូមិ​កន្លង​មក និង​ទៅ​អនាគត​»​។ សូម​ជម្រាប​ជូន​ថា ប​ណ្ណ័​សមាជិកភាព ស​.​យ​.​យ​.​ក​. ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នេះ គឺជា​ប័ណ្ណ​សមាជិកភាព​ដំបូង​គេ នៃ​អង្គការ​/​សមាគម ដែល​មាន​ទម្រង់​ជា​ប័ណ្ណសម្គាល់ខ្លួន​ផង និង​ជា​ប័ណ្ណ​ដែល​អាច​បម្រើ​ឱ្យ​ការ​ទូរ​ទាត់​ចំណាយ​នានា​ផង​ដែរ​។

លើស​ពីមុខ​ងារ​ជា​ប័ណ្ណ​ផ្លូវការ​សម្រាប់​សម្គាល់​នូវ​អត្តសញ្ញាណ​របស់​សមាជិក សមាជិកា​ផ្ទាល់ ប័ណ្ណ​សមាជិកភាព​នេះ​ត្រូវ​បាន​រចនា​ឡើងជា​ទម្រង់ Pre-Paid UNIONPAY Card ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ប្រតិបត្តិការ​សម្រាប់​ការ​ទិញ​ទំនិញ​នានា នៅ​បណ្តា​ហាង​ទំនិញ ភោជនីយដ្ឋាន ដែល​ជា​ដៃគូរ​សហការ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ។

ដោយឡែក សម្រាប់​កម្មវិធី App ស​.​ស​.​យ​.​ក​. នឹង​ជួយ​សម្រួល​ដល់​សមាជិក សមាជិកា​ទាំងអស់ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជិត​ស្និត​រវាង​គ្នា និង​គ្នា ក្រោម​ស្មារតី​ជា​គ្រួសារ​តែ​មួយ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ការ​ប្រឹក្សា​យោបល់ ការ​ចែករំលែក​ពី​សកម្មភាព និង​ព្រឹត្តិការណ៍​នានា នៅ​លើ​ផ្ទាំង​ព័ត៌មាន​របស់​កម្មវិធី App ស​.​ស​.​យ​.​ក ផ្ទាល់​តែ​ម្តង​។ ទន្ទឹម​នេះ តាម​រយៈ​កម្មវិធី App ស​.​ស​.​យ​.​ក​. នេះ​ផង​ដែរ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់ ឧ​អាច​ពិនិត្យ​របាយការណ៍​ប្រតិបត្តិការ​សាច់ប្រាក់​គណនី UYFC Pre-Paid UNIONPAY Card របស់​ខ្លួន​។

លើស​ពី​នេះ​ទៅ​ទៀត តាម​រយៈ​កម្មវិធី App នេះ​ដែរ នឹង​អនុញ្ញាត​ឱ្យ​មហាជន ជា​ពិសេស​យុវជន​ដែល​មាន​បំណង​ចូលរួម​ជា​សមាជិក ស​.​ស​.​យ​.​ក​. អាច​ចុះ​ឈ្មោះ​បាន​តាម​ទម្រង់​ជា​ប្រព័ន្ធ​អន​ឡាញ ដែល​នេះ​ជា​យន្តការ​ថ្មី​មួយ​សម្រាប់ ស​.​ស​.​យ​.​ក​. ក្នុង​ការ​រៀបចំ​ព​ន្លឿ​ន​ការ​ធ្វើ​បច្ចុប្បន្នភាព និង​សម្រួលការ​ចុះ​ឈ្មោះ​សមាជិក​ថ្មី​។ ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក លោ​ល ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក​. ទទួល​បន្ទុក​ការងារ​រៀបចំ​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក បាន​លើក​ឡើង​ថា​៖ “​ការ​បញ្ចូល​សមាជិកភាព​សម្រាប់​ប្រព័ន្ធ​ថ្មី​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​តាម​កាលបរិច្ឆេទ តាម​គោលដៅ​រាជធានី​ខេត្ត​និ​មួយ​ៗ​។

ថ្ងៃនេះ​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម និង​ធ្វើការ​សាកល្បង​មួយ​កម្រិត ហើយ​ជា​បន្តបន្ទាប់ សមាជិក សមាជិកា​ទូ​ទាំង​ប្រទេស​នឹង​បាន​ចូលរួម​គ្រប់​ៗ​គ្នា​”​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​រណសិរ្ស​ទូលំទូលាយ​របស់​យុវជន​កម្ពុជា​ដែល​បន្តសកម្មភាព​ពី​សមាគមយុវជន​កម្ពុជា និង​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ជាមួយនឹង​សកម្មភាព និង​សមិទ្ធផល​ដែល​សម្រេច​បានជា​បន្តបន្ទាប់ ស​.​ស​.​យ​.​ក​. បាន និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន ដោយ​ប្រកាន់​ភ្ជាប់​នូវ​សច្ចៈ​ធម៌ ប្រវត្តិសាស្ត្រ ដែល​យុវជន​ជំនាន់​ក្រោយ​អាច​ស្វែង​យល់​ច្បាស់​ពី​ពលិកម្ម​គ្រប់​បែប​យ៉ាង​របស់​អតីត​យុវជន​ជំនាន់​មុន ក្នុង​ការ​ការ​ស្ម័គ្រចិត្ត​លះបង់​កម្លាំងកាយ ចិត្ត និង​ទាំង​ជីវិត ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ឯកភាព ដើម្បី​បុព្វហេតុ​រួម​របស់​កម្ពុជា​។

ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​ក្នុង​បរិបទ​ថ្មី​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ស​.​ស​.​យ​.​ក​. នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​យុវជន យុវនារី​កម្ពុជា ទាំង​ស្មារតី ចំណេះដឹង និង​ជំនាញ ដើម្បី​ក្លាយជា​យុវជន​ដ៏​ឆ្នើម ជា​ធនធាន​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​អាច​ប្រកួតប្រជែង​ក្នុង​ឆាក​អន្តរជាតិ និង​អាច​រួម​គ្នា​ពង្រឹង​កិត្យានុភាព​កម្ពុជា​នៅ​កម្រិត​តំបន់ និង​ពិភពលោក​។

ជាក់ស្តែង ការ​រៀបចំ​ប័ណ្ណ​សមាជិកភាព​ថ្មី និង​ការ​បង្កើត​កម្មវិធី “App” ស​.​ស​.​យ​.​ក​. នេះ​ឡើង ក៏​ជា​ការ​ចូលរួម​ចំណែក ដ៏​សំខាន់​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​ធនធានមនុស្ស​ដែល​មាន​ជំនាញ​មធ្យម និង​កម្រិត​ខ្ពស់ ហើយ​មាន​សមត្ថភាព​នៅ​ក្នុង​ការ ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​កាលានុវត្តភាព​នានា​ក្នុង​បរិបទ​ដិ​វត្ត​ន៍​ឧស្សាហកម្ម​៤.០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ