ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​បរិបទ​ថ្មី​នេះ​អ្នកបម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ចាំបាច់​ត្រូវ​ចេះ​ប្រើ​អន​ឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ពិភពលោក​ទាំងមូល​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ខំ​ឱ្យ​ការ​រស់នៅ របស់​មនុស្ស​ត្រូវ​ផ្លាស់​ប្ដូ​ទម្លាប់​ថ្មី ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏​ជួប​ប្រទះ​នូវ​ការ​ប្រែប្រួល​មិន​តិច​ឡើយ សូ​ម្បី​តែ​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក៏​មិន​អាច​អនុវត្ត​តាម​ស្ដង់ដា​ដដែល​ដូច​មុន​បាន​ដែរ គឺ​ចាំបាច់​ត្រូវ​មានការ​ពង្រឹងគុណភាព​ជាង​មុន​។ ជុំវិញ​បរិបទ​នេះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ពិភពលោក​ទាំងមូល​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ខំ​ឱ្យ​ការ​រស់នៅ របស់​មនុស្ស​ត្រូវ​ផ្លាស់​ប្ដូ​ទម្លាប់​ថ្មី ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏​ជួប​ប្រទះ​នូវ​ការ​ប្រែប្រួល​មិន​តិច​ឡើយ សូ​ម្បី​តែ​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក៏​មិន​អាច​អនុវត្ត​តាម​ស្ដង់ដា​ដដែល​ដូច​មុន​បាន​ដែរ គឺ​ចាំបាច់​ត្រូវ​មានការ​ពង្រឹងគុណភាព​ជាង​មុន​។

ជុំវិញ​បរិបទ​នេះ គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ ក៏​ដូច​ជា​ក្រសួងទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​នូវ​ដំណោះស្រាយ​ថ្មី​ៗ​ជា​ច្រើនពី​ក្នុង​ប្រជុំ គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ (​គ​.​ជ​.​អ​.​ទ​) ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ឆមាស ទី​២ ឆ្នាំ​២០២០ ដែល​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គេ​បាន លើក​ឡើង​នូវ​ចំណុច​សំខាន់​ជា​ច្រើន ក្នុង​នោះ​ក៏​មានការ​ជំរុញ​ឱ្យ​ការ​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ត្រូវ​អនុវត្ត​ឱ្យ​បាន​ច្រើន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឬ​អន​ឡាញ​។ មួយវិញទៀត រាល់​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នានា ត្រូវ​តែ​បញ្ចូល​ចំណេះដឹង​អំពី​វិធាន សុវត្ថិភាព​ទេសចរណ៍ ដែល​ជា​កាតព្វកិច្ច​ចាំបាច់​សម្រាប់​អ្នកបម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ចាប់ពី​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​នេះ​តទៅ​មុខ​។

ពាក់ព័ន្ធ​នឹង​ស្ដង់ដា​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ​ទៀត​សោត លោក ទ្រី ឈី​វ ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ទ បាន​ថ្លែង​ថា ចាប់តាំងពី​ប្រទេស​ជា​សមាជិក​អាស៊ាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួលស្គាល់​អ្នកជំនាញ ទេសចរណ៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក (MRA) នៅ​ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ជា​សមាជិក បាន​អនុវត្ត​ការ​បណ្ដុះបណ្ដាល​នៅ​តាម​សាលា និង​សាកលវិទ្យាល័យ​វិជ្ជាជីវៈ​មួយ​ចំនួន នូវ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន ៣២​មុខ​ជំនាញ ដែល​ស្ថិត​នៅ​ក្នុង​ផ្នែក​សណ្ឋាគារ និង​ផ្នែក​សេវាកម្ម​ធ្វើ​ដំណើរ​។

សម្រាប់​កម្ពុជា​ក៏​បាន​ដាក់ចុះ​នូវ​កម្មវិធី​ទាំង​អស់នេះ នៅ​តាម​សាលា មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​រួច​មក​ហើយ​។ ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​បាន​គាំទ្រ និង​ចាត់​ទុក​កម្ពុជា​ថា​បាន​នាំមុខ​គេ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀម MRA នេះ ហើយ​ពួក​គេ​ក៏​បាន​ស្នើ​ឱ្យ កម្ពុជា​រៀបចំ​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​ម៉ាស្សា​។ ចំពោះ​ស្ដង់ដា​នេះ កម្ពុជា​បាន​រៀបចំ និង​បាន​អនុវត្ត​ការ​បណ្ដុះបណ្ដាល​ជោគជ័យ​ជា​បន្តបន្ទាប់​មក​ហើយ ហើយ​ក្រសួងទេសចរណ៍​បាន បំ​លែង​ពី​ស្ដង់ដា​ជាតិ ទៅ​ជា​ស្ដង់ដា​អាស៊ាន​រួច​ហើយ​ដែរ​។

លោក​ថា អ្នកបម្រើ​ការ​ក្នុង​ផ្នែក​ម៉ាស្សា​ទាំងអស់ មុន​ចេញ​ធ្វើការ​ពេញ​សិទ្ធិ ត្រូវ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ពី​គ្រូ​បង្គោល​អាស៊ាន ដែល​មានការ​ទទួលស្គាល់ ត្រឹមត្រូវ ផ្អែក​លើ​គុណ​វ​ឌ្ឍិ និង​គុណភាព​អាស៊ាន​។ អ្នក​ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​នីមួយ​ៗ ពី​គ្រូ​បង្គោល​អាស៊ាន​រួច​ហើយ ពួក​គេ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ណា​ក៏​បានឱ្យ​តែ​ស្ថិត​ក្នុង​តំបន់​អាស៊ាន តែ​ក៏​ត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​ទទួល និង​ប្រទេស​បញ្ជូន​ផង​ដែរ ពោល​គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ការងារ​នៃ​ប្រទេស​នីមួយ​ៗ​។

នៅ​ឆ្នាំ​២០២១ ខាង​មុខ អាស៊ាន​ក៏​បាន​ដាក់ចុះ​ស្ដង់ដា MICE ចំនួន ៣២​មុន​ជំនាញ​ថ្មី​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ ព្រឹត្តិការណ៍​ធំ​ៗ កិច្ចប្រជុំ​ធំ​ៗ ព្រឹត្តិការណ៍​តាំងពិព័រណ៍​ជាដើម​។ ដូច្នេះ​ស្ដង់ដា​បណ្ដុះបណ្ដាល អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ក្នុង​ក្រប​ខណ្ឌ MRA នឹង​ឡើង​ដល់​ចំនួន ៧២​មុន​ជំនាញ ដោយ​បូក​ទាំង​ស្ដង់ដា​ក្នុង​ផ្នែក​សណ្ឋាគារ និង​ផ្នែក​សេវាកម្ម​ធ្វើ​ដំណើរ​ចំនួន ៣២​មុខ​ជំនាញ ស្ដង់ដា​ម៉ាស្សា​ចំនួន ៦​មុខ​ជំនាញ និង​ស្ដង់ដា MICE ចំនួន ៣២​មុខ​ជំនាញ​ថ្មី​ទៀត​។

នា​ឱកាស​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ផ្តោត​លើ​ការ​ណែនាំ​យ៉ាង​ដូច្នេះ​ថា គ្រប់ការ​រៀបចំ​ស្ដង់ដា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំង​ចាស់ និង​ថ្មី​សរុប​ចំនួន ៧០​មុខ​ជំនាញ​នេះ ត្រូវ​តែ​ដាក់​បញ្ចូល​នូវ​ស្ដង់ដា​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន​អនុវត្ត​ការងារ​ឱ្យ​ស្រប​ទៅ​នឹង​បរិបទ​ថ្មី​ៗ ដែល​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​សម្រាប់​សភាពការណ៍​ប្រែប្រួល​នៅ​ថ្ងៃ​មុខ​ទៀត​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ទៀត​ថា សម្រាប់​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ គឺ​ត្រូវ​ជំរុញ​ការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឬ​អន​ឡាញ​ឱ្យ​បាន​ផុសផុល ពីព្រោះ​ប្រជាជន នៅ​លើ​ពិភពលោក​នា​បរិបទ​ថ្មី​នេះ ចង់​ឬ​មិន​ចង់ ពួក​គេ​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់នៅ​បែប​ថ្មី (New Normal Life) ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ចំនួន​ដែល​ធ្លាប់​អនុវត្ត​ផ្ទាល់​ពី​មុន​នោះ ក៏​ត្រូវ​ប្ដូរ​មក​អនុវត្ត​ពី​ចម្ងាយ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​នេះ​ជា​ចាំបាច់​។ លោក​ថា យើង​ត្រូវ​តែ​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​របស់​យើង គិត​ថា​ការ​ធ្វើការ ឬ​ការ​រៀនសូត្រ​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ទម្លាប់​ធម្មតា​ៗ ដែល​អ្នក​ណា​ៗ​ក៏​ត្រូវ​ចេះ​ប្រើប្រាស់​វា​ដែរ​។ ធ្វើ​បែប​នេះ គឺ​ដើម្បី​រុញ​ចំណេះដឹង​ផ្នែក​អន​ឡាញ​នេះ ឱ្យ​ជ្រាប​ដល់​គ្រប់​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​ដល់​ពេល​នោះ យើង​នឹង​សម្រេច​បាន​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណភាព​ពិត​ប្រាក​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ