ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​បន្លែ​ត្រី​សាច់​ចល័ត​ដឹក​តាម​ម៉ូតូ​ភាគច្រើន​ជា​ស្ត្រី​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ កុំ​ថ្ងូរ​ថា​ក្រ​…​បើ​យើង​មិន​រក​…​មើល​នែ ! ស្ត្រី​ម្នាក់​បាន​ច្នៃ​ម៉ូតូ​ដឹក​បន្លែ គ្រប់​ប្រភេទ​និង​សាច់ លក់​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រឿង​អី​មិន​ញញឹម​នឹង​ចំណូល​ជាទី​ពេញចិត្ត​ព្រោះ​ទីណា​ក៏​មាន​ម៉ូយ​ចាំ​ទិញ​ដែរ ។ ខ្លាច​តែ​ខ្ចិ​ល​ទ្រមក់​…​ហើយ​សាញ​មិន​ជំនះ​បង្កើត​មុខរបរ…

ខេត្តតាកែវ ៖ កុំ​ថ្ងូរ​ថា​ក្រ​…​បើ​យើង​មិន​រក​…​មើល​នែ ! ស្ត្រី​ម្នាក់​បាន​ច្នៃ​ម៉ូតូ​ដឹក​បន្លែ គ្រប់​ប្រភេទ​និង​សាច់ លក់​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រឿង​អី​មិន​ញញឹម​នឹង​ចំណូល​ជាទី​ពេញចិត្ត​ព្រោះ​ទីណា​ក៏​មាន​ម៉ូយ​ចាំ​ទិញ​ដែរ ។ ខ្លាច​តែ​ខ្ចិ​ល​ទ្រមក់​…​ហើយ​សាញ​មិន​ជំនះ​បង្កើត​មុខរបរ ហើយ​ស្រែ​កថា​ក្រ ស្រែ​កថា​ពិបាក​រកស៊ី ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តតាកែវ​ភាគច្រើន​ជា​ស្ត្រី ចាប់​យកមុខ​របរ​លក់​បន្លែ សាច់​តាម​ម៉ូតូ​ដឹក​ចង​យ៉ាង​រយីងរយោង​ដើម្បី​ជួយ​សម្រួល​ជីវភាព មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ចោល​កូន ចោល​ប្រពន្ធ​-​ប្តី​ទេ។

អ្នកស្រី យឹ​ម ច​ន្ថា អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​រវៀង ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​កំពុង​រៀប​ចំ​បន្លែ​គ្រប់មុខ​ដាក់​លើ​ម៉ូតូ​យ៉ាង​សំពីងសំពោង នៅ​កន្លែង​លក់​បន្លែ​បោះ​ដុំ​និង​លក់រាយ​មួយ ស្ថិត​នៅ​ខាងជើង​ផ្សារ​តាកែវ​ញញឹម​ស្រស់​និយាយ​ប្រាប់​កោះសន្តិភាព​ថា គាត់​ចាប់​មុខរបរ​លក់​បន្លែ​គ្រប់មុខ​គ្រប់​ម៉ាក មាន​ត្រី​ខ្លះ សាច់​ជ្រូក​ខ្លះ​តាម​ម៉ូតូ​ច្នៃ​នេះ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។

ា​រៀងរាល់ថ្ងៃ​វេលា​ម៉ោងជាង​៣​ជិត​ភ្លឺ គាត់​ជិះ​ម៉ូតូ​ចេញពី​ភូមិ​សំដៅ​មក​ផ្សារ​លក់​បន្លែ​គ្រប់មុខ​ដែល​បោះ ដុំ​និង​លក់រាយ​នៅ​ខាងជើង​ផ្សារ​តាកែវ ។ គាត់​ទិញ​ត្រី សាច់​ជ្រូក សាច់​គោ​បន្លែ​គ្រប់មុខ​ដូច​ជា​ស្ពៃក្តោប ត្រកួន ត្រសក់ ស្ពៃ ប៉េងប៉ោះ ត្រយូងចេក ជីគ្រប់មុខ និង​បន្លែ​ផ្សេង​ៗ​ទៀត ចង​សំពីងសំពោង​តាម​ម៉ូតូ ។ លុះដល់​ម៉ោង​៦​គាត់​ដឹក​បន្លែ​ទៅ​ដាក់​លក់​នៅ​មុខ​ផ្ទះ រហូត​ដល់​ជិត​ម៉ោង​៨ ទើប​រើ​ដាក់​ក្នុង​ជាល​ដឹក​តាម​ម៉ូតូ​ជិះ​លក់​ចល័ត​តាម​ភូមិ​នានា​រហូត​ដល់​បាយ​ថ្ងៃត្រង់ ទើប​គាត់​មក​ផ្ទះ​ទោះ​លក់​អស់ ឬ​មិន​អស់​ក៏​ដោយ​ទុក​លក់​បន្ត ។

អ្នកស្រី ច​ន្ថា បាន​បញ្ចា​ក់ថា មុខរបរ​លក់​បន្លែ​ត្រី​សាច់​ចល័ត​នេះ​ត្រូវ​ចំណាយ​ដើមទុន​អស់ពី​៤០​ទៅ​៥០​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​ចំណេញ​៤​ឬ​៥​ម៉ឺន​រៀល ហើយ​តាំងពី​គាត់​ចាប់​យកមុខ​នេះ​មក​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​អាចរ​ស់បាន​ដោយ​មិនបាច់​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​បែកបាក់​ប្តី​ប្រពន្ធ​នោះ​ទេ ។

បុរស​ឈ្មោះ ស្រស់ អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​រៀប​និង​ជិះ​ម៉ូតូ​ដឹក​បន្លែ​ចេញ បាន​ឆ្លៀត​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​មួយរ​យៈមក​ឃើញ​ថា មិនសូវ​កាក់កប​គាត់​ក៏​ចាប់​យកមុខ របរ​លក់​ត្រី សាច់​ជ្រូក សាច់​គោ​និង​បន្លែស្រស់​គ្រប់មុខ​លក់​តាម​ម៉ូតូ​ចល័ត​តាម​ភូមិ ឃុំ​នានា​នៅ​តាម​ជាយ​ខេត្ត ។ គាត់​ថា យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ​រក​ចំណូល​តិច​បំផុត​៧​ម៉ឺ​ន​រៀល​ដែរ តែ​វា​ចំណាយ​កម្លាំង​ពលកម្ម​ក្នុង​ការ​បើក​ម៉ូតូ​ពី​ជិត​ភ្លឺ​ដល់​រសៀល​ផង​ដែរ ។

លោក ស្រស់ បាន​បន្ថែម​ថា ក្រោយ​ពី​គាត់​ចាប់​មុខរបរ​នេះ​ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន មិន​ខ្វះខាត​ដូច​កាលពី​ធ្វើ​ចំណាកស្រុក​ទេ ។ កាល​ទៅ​ចំណាកស្រុក​រាល់​ខែ​រក​លុយ​ផ្ញើ​មក​ឲ្យ​ប្រពន្ធ​ចាយ​មិន​គ្រាន់​នោះ​ទេ គឺ​ខ្ជី​មុន​សង​ក្រោយ​រហូត ។ គាត់​ថា ក្រោយមក​ក៏​ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​ចាប់​យកមុខ​របរ​នេះ​ចិញ្ចឹម​គ្រួសារ រហូត​មក​ដល់​បច្ចុប្បន្ន វា​មិន​ធ្វើ​ជា​មហាសេដ្ឋី​ទេ តែ​វា​អាច​ដោះស្រាយ​ប្រចាំ​ថ្ងៃ​បាន​ធូរ ។

លោក ជា ស្រស់ រំលឹក​ថា កុំ​ថ្ងូរ​ថា​ក្រ​បើ​យើង​មិន​រក​…​សូ​ម្បី​តែ​គេ​ជា​ស្ត្រី​បាន​ច្នៃ​ម៉ូតូ ដឹក​បន្លែ សាច់​លក់ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រឿង​អី​មិន​ញញឹម​នឹង​ចំណូល​…​ខ្លាច​តែ​ខ្ចិ​ល ហើយ​សាញ​មិន​ជំនះ​បង្កើត​មុខរបរ ហើយ​កុំ​ស្រែ​កថា​ពិបាក​រកស៊ី ។ លោក​ថា ទោះបី​ហត់​មែន ប៉ុន្តែ​ក៏​មិន​ខ្វះ​ហូប​ដែរ គឺ​ហូប​ឆ្ងាញ់​ជាង​ចំណាកស្រុក ។ ព្រោះ​សាច់​ដែល​លក់​រាល់ថ្ងៃ ទុក​ខ្លះ​ធ្វើ​ម្ហូប​ហូប​ឆ្ងាញ់​គ្រប់ពេល ។

អ្នកស្រី​ចាន់ ស្រី​និង​ប្តី​រស់នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទាំង ខេត្តតាកែវ​ដែល​កំពុង​រៀបចំ​បន្លែ​ដាក់​លើ​ម៉ូតូ​បាន​ឆ្លៀត​ប្រាប់​ថា ដឹក​បន្លែ​គ្រប់មុខ​និង​ត្រី​សាច់​គោ ជ្រូក យក​ទៅ​លក់​នៅផ្ទះ ស្ថិត​នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។ គាត់​ថា ជា​រៀល​រាល់​ព្រឹក​ព្រលឹម​វេលា​ម៉ោង​៤​គាត់​និង​ប្តី​ជិះ​ម៉ូតូ​ច្នៃ ដាក់​ជាល​មក​ខាងជើង​ផ្សារ​តាកែវ​ដែល​ជា​កន្លែង​លក់​បន្លែ​បោះ​ដុំ​និង​រាយ ។ គាត់​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ គឺ​គាត់​ទិញ​យក​ទៅ​ដាក់​លក់​នៅ​មុខ​ផ្ទះ​របស់​គាត ។ ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់​រក​ចំណូល​មិន​តិច​ពី​៨០​ម៉ឺន​រៀល​នោះ​ទេ ។ គាត់​ថា បើ​ទោះ​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ស្ងប់ស្ងាត់​ក៏​ពិតមែន តែ​វា​មិន​ប៉ះពាល់​ដល់​មុខរបរ​លក់ដូរ​របស់​គាត់​ប្រចាំ​ថ្ងៃ​ដែរ ។ រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​គាត់​សន្សំ​លុយ​ពី​ការ​លក់​បន្លែ​គ្រប់មុខ ត្រី សាច់​គោ​ជ្រូក​អាច​សាងសង់​ផ្ទះ​ឈើ​ពីរ​ខ្នង​រួចរាល់​ហើយ​ដែរ មិនបាច់​ចំណាកស្រុក​ទេ ។

អ្នកស្រី ចាន់ ស្រី បាន​បញ្ជាក់​ថា ទីតាំង​លក់​បន្លែ​គ្រប់​ប្រភេទ​នៅ​ខាងជើង​ផ្សារ​តាកែវ​ភាគច្រើន​ដឹក​ពី​វៀតណាម​មក ហើយ​ភាគតិច​ណាស់​ជា​បន្លែ​របស់​ខ្មែរ ។ កន្លង​មកនេះ​តាម​អ្នកស្រី​ដឹង​គឺ​មិន​ដែល​ឃើញ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ចុះ​មក​ពិនិត្យ​គុណភាព​បន្លែ​ទាំងនោះ​ម្តងណា​ឡើយ គាត់​គិត​ថា សង្ស័យ​មាន​ប្រើ​គីមី​ផង​ក៏​មិនដឹង ព្រោះ​គ្មាន​មន្ត្រី​ជួយ​ពិនិត្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ