ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួនប្រពន្ធ​​ទាំងរំលងអធ្រាត្រ ប្តីកាន់រូបថត​ប្រកាសស្វែងរក​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​បុរស​ម្នាក់​ឈ្មោះ​ភាព ភាន់ អាយុ​២៧​ឆ្នាំ​ ​ជា​កម្មករ​ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង​ ៖ ​បុរស​ម្នាក់​ឈ្មោះ​ភាព ភាន់ អាយុ​២៧​ឆ្នាំ​ ​ជា​កម្មករ​ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង ​បាន​ប្រកាសស្វែង​រកប្រពន្ធ​ឈ្មោះ​ស៊ឹ​ម​គង់ ហៅ​ចរិយា អាយុ​២៤​ឆ្នាំ​ ​ជាក​ម្មការិ​នី បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​២៦ ​សីហា ឆ្នាំ​​២០២០​ នៅ​ភូមិ​ក្បាលថ្នល់ ​ឃុំ​ត្នោត ​ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង មិនដឹង​ថា នាង​ទៅ​ទីណា បើ​បងប្អូន​ណា​បានឃើញនាង​​នៅ​ទីណា តាម​ភិនភាគ​រូបថត​នេះ​ សូម​ផ្តល់​ព័ត៌មាន​ផង​។

​ការ​អំពាវនាវរបស់បុរសជា​ប្តី​​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ ​សីហា​ ២០២០​ នៅ​ភូមិ​ក្បាលថ្នល់ ​ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង។

​បើ​តាម​ប្រភពពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៥​ សីហា ឆ្នាំ​​២០២០ ​បុរស​ជា​ប្តី​បាន​ស្តីបន្ទោស​ប្រពន្ធ​មិន​ឲ្យ​ទៅ​ទាក់ទង​ធ្វើការ​នៅ​ខាង​អចលនទ្រព្យ​ទេ ហើយ​ក៏​នាំ​ប្រពន្ធ​ឲ្យ​ទៅ​ធ្វើការ​នៅ​រោងចក្រ​វិញ ។ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​ប្រកែក ដោយ​និយាយ​ប្រាប់​ប្តី​ថា «រោងចក្រ​កាត់ដេរ​ខោអាវ ខ្ញុំ​ឈប់​ធ្វើ​ហើយ» ។

តាម​​ប្រភព​ដដែល​បាន​បន្ត​ថា និយាយ​រួច​ បុរសជា​ប្តី​ក៏​ដឹក​​ឪពុកមាទៅ​ឃុំ​ច្រេស រហូត​ដល់​ម៉ោង​៧​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ។ បន្ទាប់មក​​ប្តី​ក៏​ដួស​បាយ​ហូប​មុន រហូត​ដល់​ម៉ោង​៩​យប់​ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​ដេក​មួយស្របក់​ក្រោយមក​ ស្ត្រី​ជា​ប្រពន្ធ​បាន​ក្រោក​ឡើង​ទៅ​ដួស​បាយ​ហូប ចំណែក​បុរស​ជា​ប្តី​បាន​ដេក​បន្ត​លង់លក់ ។

តាមប្រភពដដែលបានបន្តទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១​និ​ង​១០​នាទី​យប់​រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៦​ សីហា​ ​ឆ្នាំ​២០២០​ ពេល​ប្តី​ក្រោ​ក​ឡើង ស្រាប់តែ​បាត់​ប្រពន្ធ​ មិនដឹង​នាង​ចេញ​ទៅ​ណា បន្ទាប់មក​ប្តី​ក៏​ក្រោក​ឡើង​ដើរ​រក ប៉ុន្តែ​មិនឃើញ​នាង​នៅ​ក្នុងផ្ទះ​ ឬ​នៅក្នុង​បរិ​វេ​ណ​ផ្ទះ​នោះ​ទេ រហូត​ដល់​ព្រឹកថ្ងៃទី​២៦ សីហា ​ទើប​ប្តី​ប្រាប់​ឪពុកក្មេក​ឱ្យ​​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ត្នោត​​ជួយ​អន្តរាគមន៍​តាម​រកតែម្តង​​។

ការ​​តាម​​រក​ស្ត្រីជាប្រពន្ធ​ខាងលើ​នេះ ​រហូត​ដល់​ថ្ងៃ​ទី​២៧ ​សីហា ឆ្នាំ​២០២០ ​នេះ ​ពុំ​ទាន់​លេច​ឮដំណឹង​សោះ ​ទើប​បុរស​ជា​ប្តី​អំពាវនាវ​សូម​ឲ្យ​សមត្ថកិច្ច​ក៏​ដូច​មហាជន​ បើ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ភិនភាគ​ដូច​រូបថត​នេះ ​សូម​ជួយ​ផ្តល់​ព័ត៌មាន​ឱ្យ​គាត់​ផង​ តាមរយៈ​ទូរ​សព្ទ័​លេខ​០៩៧ ២៣ ៤៣ ៩៩០ ។ ​ហើយបុរសជា​ប្តីបាននិយាយថា «​បើ​ប្រពន្ធ​សម្លាញ់​បានឃើញ​ដំណឹងនេះហើយ​ សូម​ត្រឡប់​មក​ផ្ទះ​វិញ ​ប្តី​ចាំ​ទទួល» ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ