ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​មិន​រសាត់​បញ្ច្រាស​ទឹក

9 ឆ្នាំ មុន

អ្នក​តាមដាន​ជុំវិញ​ការ​ផ្លាស់​ប្តូរ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មួយ​ថ្ងៃក្រោយ​ពី​មាន​ប្រតិកម្ម​ធ្ងន់​ៗ និង​ចំ​ៗ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ភាព​មិន​ប្រក្រតី​

អ្នក​តាមដាន​ជុំវិញ​ការ​ផ្លាស់​ប្តូរ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មួយ​ថ្ងៃក្រោយ​ពី​មាន​ប្រតិកម្ម​ធ្ងន់​ៗ និង​ចំ​ៗ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ភាព​មិន​ប្រក្រតី​លើ​ចំណាត់ការ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដោយ​ចៅក្រម​សាលាដំបូង ពិតជា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ទោះបីជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រឹង​បកស្រាយ​ថា មិន​ទាក់ទង​ដល់​ការ​រិះគន់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្តី ។ ជា​ទូទៅ ការ​ទម្លាក់​គ្រាប់បែក​ដែល​មាន​ប្រសិទ្ធភាព​បំផុត​លើ​ស្ថាប័ន​តុលាការ ទាល់តែ​បែប​នេះ​ទើប​ភ្លឺភ្នែក មិនមែន​ទឹកភ្នែក​រាប់​លាន​តំណក់​របស់​ពលរដ្ឋ​តូចតាច​ដែល​ស្រែកយំ​នោះ​ទេ ។

ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ដោះ​លែង​ឪពុក​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ឱ្យ​នៅ​ក្រៅ​ឃុំ គឺជា​រឿង​ចាប់ផ្តើម​តែ​ប៉ុ​ណ្ណោះ ហើយ​បន្ទាប់​ពី​នោះ​មក​រឿងរ៉ាវ​មិន​ប្រក្រតី​ជា​ច្រើន​ទៀត ក៏​ត្រូវ​បាន​ទម្លាយ​ចេញ​ជា​បន្តបន្ទាប់​ដូច​ជា ការ​ដោះ​លែង​ជន​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឱ្យ​នៅ​ក្រៅ​ឃុំ ការ​យក​នាយទាហាន​ឋានៈ​ឧត្តមសេនីយ៍៍​ឱ្យមក​អុង​អាត់​ក្នុង​សាលាដំបូង និង​ជា​ជំនិត​អ្នករក​ប្រាក់​ឱ្យ​ប្រធាន វា​កាន់តែ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ច្បាស់​ក្រឡែត​ថា ក្នុង​រយៈពេល​ជាង​១០​ខែ​ក្នុង​ការ​ផ្ទេរ​ភារកិច្ច​ពី​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ មក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​របស់​លោក អាំង មាលតី បាន​បង្កើត​ឱ្យ​មាន​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន​ផង​ដែរ ។ ពិតជា​មិន​ខុស​ទេ​ដែល​សកម្មភាព​របស់​អតីត​ប្រធាន​សាលាដំបូង​រូប​នេះ មើលទៅ​ហាក់ដូចជា​ទឹក​ស្ងប់​អត់​ត្រី តែ​ការ​ពិត​ព្យុះ​ពិតជា​បាន​បោកបក់​ក្រោម​ផ្ទៃ​ទឹក​ដែល​ស្ងប់​នោះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ និយាយ​ពិត​ត្រង់​ទៅ បើសិនជា​សម្តេច​តេ​ជោ​មិន​បាន​គោះ​ជួង​ទេ​នោះ មន្ត្រី​តុលាការ​ដែល​នាំ​គ្នា​ដេក​លើ​គំនរ​ច្បាប់​នោះ​ច្បាស់​ជា​មិន​ភ្ញាក់​សរសៃ​ឡើយ ដោយសារ​តែ​ពួក​គេ​បាន​បាត់បង់​មនសិការ​វិជ្ជាជីវៈ កាឡៃ​ស​ឱ្យទៅ​ជា​ខ្មៅ​ដើម្បី​លាភសក្ការៈ​របស់​ខ្លួន ។ ភាព​មិន​ប្រក្រតី​ក្នុង​ស្ថាប័ន​តុលាការ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ ហើយ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​នយោបាយ​របស់​រាជរដ្ឋាភិបាល​តែ​ម្តង ដែល​ជា​រឿយ​ៗ​សម្តេច​តេ​ជោ​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​ក្រុម​អ្នកនយោបាយ​ប្រឆាំង និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ថា ជា​អ្នកគ្រប់គ្រង​លើ​អំណាចតុលាការ បុ​៉​ន្តែ​ផ្ទុយ​ទៅ​វិញ ជនខិលខូច​ក្នុង​ស្ថាប័ន​នេះ​បាន​ឆក់​ឱកាស​ធ្វើ​អ្វី​ៗ​ដើម្បី​លាភសក្ការៈ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

ពេល​នេះ​ក្រុម​អ្នក​តាមដាន​កំពុង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​សើ​ុ​ប​អង្កេត​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​តម្លាភាព​បុ​៉​ន​ណា​លើ​សំណុំរឿង​មិន​ប្រក្រតី ដែល​ទាក់ទិន​ទៅ​ដល់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ភ្លាម​ៗ បន្ទាប់​ពី​មានការ​រិះគន់​ធ្ងន់​ៗ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ។ ជា​ការ​ពិត ពាក្យចាស់​បាន​ពោល​ថា «​ដំរី​ងាប់​យក​ចង្អេរ​ទៅ​បាំង​មិន​ជិត​នោះ​ទេ​» ហើយ​ក៏​ជា​សារ​មួយ​ដល់​ជន​ពុក​រលួយ​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាប័ន​តុលាការ ដើម្បី​ឆ្លុះ​បញ្ចាំង​មើល​ស្រមោល​ខ្លួនឯង​ឱ្យ​ច្បាស់​ថា តើ​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា ឱ្យ​ស័ក្តិ​សមជា​អ្នក​ច្បាប់​ប្រកាន់​ភាព​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ​មួយ​មាន​នីតិរដ្ឋ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នកមាន​អំណាច និង​ក្រោម​ឥទ្ធិពល​ទឹកប្រាក់​ទិញ​ទឹកចិត្ត ឱ្យ​មើលឃើញ​ស​ជា​ខ្មៅ ឬ​កាឡៃ​ខ្មៅ​ទៅ​ជាស ។

ជា​ការ​កត់សម្គាល់ ក្នុង​ស្ថានភាព​ដែល​កំពុង​តែ​ធ្វើ​ឱ្យ​មានការ​តាមដាន​នេះ មតិ​មហាជន​ភាគច្រើន​និយាយ​ថា ស្ថាប័ន​តុលាការ​ដែល​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ ដោយសារ​តែ​កន្លង​មក​នាំ​គ្នា​បំពេញចិត្ត​តែ​អ្នកមាន​អំណាច ឬ​ក្រុមហ៊ុន​ដែល​មាន​លុយ ទីបំផុត​ខ្លួនឯង​ក្លាយជា​ចំណាប់ខ្មាំង​កាឡៃ​សំណុំរឿង​តាមតែ​អំពើ​ចិត្ត ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ដែល​ថា «​អ្នក​កាន់​ព្រនង់​បន្ត​ដាក់គុក​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ បែរជា​អ្នកមាន​អាវុធ​រហូត​៨​ដើម​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​… អយុត្តិធម៌ វា​នៅ​កន្លែង​នេះ​» ។ ពិត​ណាស់ ច្បាប់​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការងារ​យុត្តិធម៌​មិនអាក្រក់​ទេ តែ​មនុស្ស​ដែល​កាន់​ច្បាប់​ទៅ​វិញ​ទេ​ដែល​អាក្រក់ ។ និយាយ​នេះ មិន​បាន​ចោទ​ទៅ​ដល់​អស់លោក​ជា​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ឬ​ក្រឡាបញ្ជី​ដែល​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​សម្រាប់​បុគ្គល​មួយ​ចំនួន​តែ​បុ​៉​ណ្ណោះ​ដែល​មិនល្អ​ធ្វើ​ឱ្យ​ស្ថាប័ន
តុលាការ​ត្រូវ​អាម៉ាស់មុខ​ដោយសារ​តែ​ទ​ង្វើ​របស់​ខ្លួន ។

អ្នកវិភាគ​និយាយ​ថា ចង់​នរណា​និយាយ​ថា​យ៉ាងម៉េច​ក៏​ដោយ​ចុះ តែ​ឥទ្ធិពល​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​បកស្បែក​អ្នក​កាន់​ច្បាប់​ខិលខូច​មួយ​ចំនួន គឺ​មាន​តែ​សម្តេច​តេ​ជោ​នេះ​ហើយ​ទើប​មាន​ប្រសិទ្ធភាព ហើយ​ប្រតិកម្ម​របស់​សម្តេច គឺ​មិនមែន​ជា​ការ​ចោទប្រកាន់​ដោយ​ខ្វះ​មូលដ្ឋាន​ឡើយ ទីបំផុត​គ្រាន់តែ​ចង្អុលបង្ហាញ​ភ្លាម ក៏​លេច​ចេញ​រឿងរ៉ាវ​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កត់សម្គាល់ ។ យ៉ាងណា​ក៏​ដោយ ទូក​មិន​ដែល​រសាត់​បញ្ច្រាស​ទឹក​នោះ​ទេ និយាយ​ឱ្យ​ចំ​ទៅ​ការ​ផ្លាស់​ប្តូរ​តែ​មួយប៉ប្រិចភ្នែក​បាន​បង្ហាញ​ពី​ការ​ប្រែប្រួល​ភ្លាម​ៗ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មតិ​មួយ​ចំនួន​បាន​ចោទសួរ​ថា បើ​ការ​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​ណាមួយ​ត្រូវ​បាន​រក​ឃើញ​មែន​នោះ តើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ត្រូវ​រួចខ្លួន​ឬ​មានទោស ? សម្រាប់​អ្នក​ច្បាប់​ពិតជា​ដឹងខ្លួន​ជាង​អ្នក​ណា​ទាំងអស់ គឺ​ត្រូវ​តែ​មានទោស​ដោយ​ចៀស​មិន​ផុត​ឡើយ ។ អំពើ​ពុក​រលួយ​ដែល​បាន​កើតឡើង​ក្នុង​ស្ថាប័ន​តុលាការ​ពិតជា​អាក្រក់​ពេក​ណាស់ ។ ដោយសារ​តែ​បញ្ហា​ពុក​រលួយ​ស៊ី​រូង​ផ្ទៃក្នុង​នេះឯង ទើប​ពលរដ្ឋ​តូចតាច​បាន​ត្រឹម​ឈរ​សម្រក់​ទឹកភ្នែក​ព្រោះតែ​ទទួល​នូវ​ភាព​អយុត្តិធម៌ ៕
ដោយ សា​ឯម ផល្គុន