ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រាជ​ការ​ជាង​៥០០នាក់​បាន​ទទួល​សៀវ​ភៅ​សាល​ក្រម​​កាត់​ទោស ឌុច

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ តំណាង​ក្រសួង ស្ថាប័ន​ចំនួន​២៧ និង​អង្គ​ភាព​ក្រោម​ឱវាទ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​៥៣​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ បុគ្គ​លិក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី សរុប​ជាង​៥០០​នាក់ បាន​ទទួល​សៀវ​ភៅ​សាល​ក្រម​កាត់​ទោស​ ឌុច នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១០ នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ពិធី​ប្រគល់​ និង​ទទួល​សៀវ​ភៅ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ អ.វ.ត.ក នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ប្រព្រឹត្ត​ទៅ​ដោយ​មាន

រាជ​ធានី​ភ្នំពេញ ៖ ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ តំណាង​ក្រសួង ស្ថាប័ន​ចំនួន​២៧ និង​អង្គ​ភាព​ក្រោម​ឱវាទ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​៥៣​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ បុគ្គ​លិក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី សរុប​ជាង​៥០០​នាក់ បាន​ទទួល​សៀវ​ភៅ​សាល​ក្រម​កាត់​ទោស​ ឌុច នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១០ នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ពិធី​ប្រគល់​ និង​ទទួល​សៀវ​ភៅ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ អ.វ.ត.ក នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ជា​កិត្តិ​យស​ពី​លោក​ ឆេង សារឿន អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​តំណាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក​ក្រាញ់ តូនី ប្រធាន​ស្តីទី​ការិយា​ល័យ​រដ្ឋ​បាល​នៃ អ.វ.ត.ក (សាលា​ក្តី) និង​លោក​ឃ្នុត រ៉ូសិន​ហក អនុ​ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​នៃ អ.វ.ត.ក ។

ថ្លែង​ទៅ​កាន់​មន្ត្រី​រាជ​ការ​ដែល​ចូល​រួម​ក្នុង​ឱកាស​នោះ លោក​ក្រាញ់ តូនី ប្រធាន​ស្តីទី​ការិយា​ល័យ​រដ្ឋ​បាល​នៃ អ.វ.ត.ក បាន​លើក​ឡើង​អំពី​ដំណើរ​វិវឌ្ឍ​របស់​ អ.វ.ត.ក ដែល​បាន​ឈាន​ដល់​ការ​ប្រកាស​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០១ ប្រឆាំង​នឹង​កាំង ហ្គេច​អ៊ាវ ហៅ​ឌុច នៅ​ថ្ងៃ​ទី​២៦ កក្កដា ថ្មីៗ​នេះ និង​ការ​បោះ​ពុម្ភ​ផ្សាយ​សៀវ​ភៅ​សាល​ក្រម​ជា​ភាសា​ខ្មែរ ភាសា​អង់​គ្លេស និង​ភាសា​បារាំង ។ សាល​ក្រម​នេះ​ជា​សមិទ្ធ​ផល​នៃ​ការ​ខិតខំ​របស់​មន្ត្រី​តុលា​ការ និង​ការ​ធ្វើ​រួម​គ្នា​របស់​ចៅ​ក្រម​ជាតិ និង​អន្តរ​ជាតិ​អស់​រយៈ​ពេល​ជាង​៨​ខែ ។ ព្រឹត្តិ​ការណ៍​មួយ​ដែល​មិនធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រវត្តិ​​តុលា​ការ​អន្តរ​ជាតិ​ដទៃ​ទៀត គឺ​សាធា​រណ​ជន​កម្ពុជា និង​អន្តរ​ជាតិ​ប្រមាណ​៥​ម៉ឺន​នាក់ បាន​មក​ចូល​រួម​ក្នុង​ដំណើរ​ការ​រឿង​ក្តី​លេខ​០០១ តាំង​ពី​ពេល​ចាប់​ផ្តើម​រហូត​ដល់​ពេល​បញ្ចប់ ។

លោក​ចាត់​ទុក​ការចូល​រួម​របស់​សាធា​រណ​ជន​ថា ជា​ការ​ចង់​ឃើញ​យុត្តិ​ធម៌​មួយ​ដែល​ផ្តល់​ដល់​គ្រប់​ភាគី​​ក្នុង​រឿង​ក្តី​នៅ​ក្នុង​ការ​ជំនុំ​ជំរះ​ក្តី​ប្រកប​ដោយ​យុត្តិ​ធម៌ និង​ចង់​ដឹង​ចង់​ឃើញ​អំពី​មូល​ហេតុ​នៃ​អំពើ​ឃោរ​ឃៅ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំង​អស់​នេះ ។ លោក​ក៏​ចាត់​ទុក​​ជោគ​ជ័យ​នៃ​ដំណើរ​ការ​ទាំង​មូល​ជា​ជំហាន​នៃ​ការ​ផ្សះ​ផ្សា​មួយ​ដែល​ចាប់​ផ្តើម​ពី​ការ​ជំរះ​ចម្ងល់​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​ពី​មុន​មក​តាម​រយៈ​ការ​ព្យាយាម​ស្វែង​រក​ចំលើយ​របស់​ចៅ​ក្រម​នៃ អ.វ.ត.ក ដោយ​សំអាង​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់ ។

លោក​បាន​ជំរាប​បន្ថែម​អំពី​សំណុំ​រឿង​០០២ ដែល​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​បញ្ជូន​សំណុំ​រឿង​ជន​ត្រូវ​ចោទ​​៤​រូប គឺ​នួន ជា, ខៀវ​ សំផន, អៀង​ សារី និង​អៀង ធិរិទ្ធ ទៅ​អង្គ​ជំនុំ​ជំរះ​សាលា​ដំបូង​ដើម្បី​ជំនុំ​ជំរះ​ក្តី​ ហើយ​សវនា​ការ​ដំបូង​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​អំឡុង​ឆមាស​ទី​១ ឆ្នាំ​២០១១ ។ បន្ថែម​ពី​លើ​នេះ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​ទទួល​ស្គាល់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​២.១២៣​ ក្នុង​ចំណោម​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទាំង​អស់​ចំនួន​៣.៩៨៨ និង​ពាក្យ​បណ្តឹង​ធម្មតា​ចំនួន​៤.០០០ ។

លោក​ក្រាញ់ តូនី បាន​ហៅ​ដំណើរ​ការ​ អ.វ.ត.ក ថា​ «ជា​ការ​វិវឌ្ឍ​មួយ​ដ៏​គួរ​ឱ្យ​កត់​សំគាល់​នៅ​ក្នុង​វិស័យ​ច្បាប់ ហើយ​ក៏​ឆ្លើយ​តប​ទៅ​នឹង​ការ​ងារ​កំណែ​ទំរង់​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។ វា​បញ្ជាក់​ពី​ភាព​ចាស់​ទុំ​របស់​កម្ពុជា​ក្នុង​ការ​ប្រឈម​នឹង​អតីត​កាល​ដ៏​ខ្មៅ​ងងឹត​របស់​ខ្លួន និង​លទ្ធ​ភាព​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌ និង​ការ​ពិត​​ក្នុង​ក្រប​ខណ្ឌ​សន្តិ​ភាព និង​ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ឈាន​ដល់​ការ​អភិ​វឌ្ឍ» ។ លោក​បាន​សំដែង​សេចក្តី​សង្ឃឹម​ថា តាម​រយៈ​សៀវ​ភៅ​សាល​ក្រម​ដ៏​មាន​សារ​សំខាន់​នេះ ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី នឹង​បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​ទៀត​អំពី​នីតី​វិធី​នៃ​ការ​ជំរះ​ក្តី ​និងការ​អនុ​វត្ត​ច្បាប់​ទៅ​លើ​អង្គ​ហេតុ​ដែល​កើត​ឡើង​ជាង​៣០​ឆ្នាំ​មុន ។

បន្ថែម​ទៅ​លើ​ប្រសាសន៍​របស់​លោក​ក្រាញ់ តូនី លោក​ឃ្នុត រ៉ូសិន​ហក អនុ​ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​នៃ អ.វ.ត.ក បាន​ជំរាប​ជូន​ដល់​មន្ត្រី​​រាជ​ការ​ដែល​មាន​វត្ត​មាន​អំពី​មេ​រៀន​ដែល​កម្ពុជា​អាច​រៀន​សូត្រ​បាន​ពី​ដំណើរ​ការ​របស់ អ.វ.ត.ក ។ ដោយ​មិន​ភ្លេច​សំដែង​ការ​កោត​សរ​សើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​របស់​បុគ្គ​លិក​ជាតិ​នៅ​ អ.វ.ត.ក ខុស​ប្លែក​ពី​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​នានា​នៅ​លើ​ពិភព​លោក​ លោក​រ៉ូសិន​ហក បាន​សង្កត់​​ធ្ងន់​ទៅ​លើ​៤​ចំណុច​ដែល​អាច​ទុក​ជា​មេ​រៀន​សំរាប់​អនុ​វត្ត​តាម​ គឺ​ទី១-​ច្បាប់​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​នៅ អ.វ.ត.ក រួម​ទាំង​ច្បាប់​បង្កើត អ.វ.ត.ក ខ្លួន​ឯង​ច្បាប់​បទ​បញ្ជា​ផ្ទៃ​ក្នុង សេចក្តី​ណែនាំ​ទូទៅ​សំរាប់​បុគ្គ​លិក។ល។ ដែល​ជា​លទ្ធ​ផល​នៃ​ការ​រួម​បញ្ចូល​រវាង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ គឺ​ជា​គំរូ​មួយ​ដ៏​ល្អ​ដែល​គួរ​ឱ្យ​រៀន​សូត្រ​តាម​សំរាប់​ការ​បង្កើត​ច្បាប់​ថ្មីៗ​ទៀត​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នា​ពេល​អនា​គត ។ ទី២-​ច្បាប់​យុត្តិ​សាស្ត្រ​ដែល​ប្រើ​ប្រាស់​ដោយ​អង្គ​ជំនុំ​ជំរះ​នៅ អ.វ.ត.ក ។ ទី-៣ ​ជំនាញ​ និង​ចំណេះ​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ស្ថាប័ន​សាធា​រណៈ និង​ឯក​ជន​នៅ​កម្ពុជា និង​ទី៤-​ការ​គ្រប់​គ្រង​ស្ថាប័ន អ.វ.ត.ក ទាំង​មូល​ រួម​ទាំង​ផ្នែក​រដ្ឋ​បាល​ ហិរញ្ញ​វត្ថុ ភស្តុភារ បច្ចេក​វិទ្យា និង​តុលា​ការ ។ លោក​រ៉ូសិនហក សង្ឃឹម​ថា កម្ពុជា​នឹង​ប្រើ​ប្រាស់​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី អ.វ.ត.ក ដើម្បី​ធ្វើ​ឱ្យ​មាន​កំណែ​ទំរង់​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​នា​ពេល​អនា​គត ។

មាន​ប្រសាសន៍​បិទ​កម្ម​វិធី លោក​ឆេង សារឿន អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​តំណាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សុភា​ចារ្យ​ សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​កោត​សរ​សើរ​ចំពោះ​ការ​ខិតខំ​បំពេញ​ភារ​កិច្ច​របស់​បុគ្គ​លិក​នៃ អ.វ.ត.ក ដើម្បី​សំរេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ផ្តល់​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ។ លោក​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​សៀវ​ភៅ​សាល​ក្រម ឌុច ថា “​នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ការ​សិក្សា​ស្វែង​យល់​​របស់​អ្នក​ច្បាប់​កម្ពុជា អំពី​សាល​ក្រម​នេះ​ និង​អំពី​ការ​ងារ​របស់ អ.វ.ត.ក ដែល​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទំរង់​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា” ។ លោក​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ទៅ​លើ​៤​ចំណុច​របស់ អ.វ.ត.ក គឺ​នេះជា​តុលា​ការ​កូន​កាត់​ចំណាយ​រយៈ​ពេល​ខ្លី និង​ថវិកា​តិច និង​លទ្ធ​ភាព​នៃ​ការ​ចូល​រួម​របស់​សាធា​រណ​ជន​ទៅ​ក្នុង​ដំណើរ​ការ​របស់​តុលា​ការ ។

ការ​ប្រគល់ និង​ទទួល​សៀវ​ភៅ​ប្រព្រឹត្ត​ទៅ​ដោយ​លោក​ក្រាញ់ តូនី ជូន​សៀវ​ភៅ​សាល​ក្រម​ដល់​លោក​ឆេង សារឿន ជា​និមិត្ត​រូប​នៃ​ការ​ប្រគល់​សៀវ​ភៅ​សាល​ក្រម​ដល់​ក្រសួង​ស្ថាប័ន​នានា​ក្នុង​ជួរ​រដ្ឋា​ភិបាល ។ សំរាប់​ក្រសួង ស្ថាប័ន​ទាំង​២៧ និង​អង្គ​​ភាព​ទាំង​៥៣ ក្រោម​ឱវាទ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រសួង​នីមួយៗ​​ទទួល​បាន​សៀវ​ភៅ​សាល​ក្រម​ជា​ភាសា​ខ្មែរ​ពេញ​លេញ​ចំនួន​៥០​ច្បាប់ សង្ខេប​៥០​ច្បាប់ ភាសា​អង់​គ្លេស​២​ច្បាប់ និង​ភាសា​បារាំង​២​ច្បាប់ ។ ដោយ​ឡែក​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​នេះ​ចំនួន​ជាង​៥០០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​សៀវ​ភៅសាល​​ក្រម​ភាសា​ខ្មែរ​ពេញ​លេញ​មួយ​ច្បាប់​ និង​សង្ខេប​មួយ​ច្បាប់ ។ នេះ​គឺ​ជា​ពិធី​ប្រគល់ និង​ទទួល​សៀវ​ភៅ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​តាំង​ពី​ពេល​ដែល អ.វ.ត.ក ចាប់​ផ្តើម​ចែក​សៀវ​ភៅ​សាល​ក្រម ឌុច ពីពាក់​កណ្តាល​ខែ​សីហា ឆ្នាំ​២០១០ ។ រហូត​មក​ដល់​ពេល​នេះ អ.វ.ត.ក នៅ​តែ​បន្ត​ចែក​ចាយ​សៀវ​ភៅ​សាល​ក្រម​ជូន​ដល់​សាធា​រណ​ជន​ដែល​មាន​បំណង​ចង់​បាន ព្រោះជាសៀវភៅកត់ត្រាពីប្រវត្តិ​សាស្ត្រមួយ ៕