ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រួម​គ្នា​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​អំពើ​ជួញដូរ​មនុស្ស អំពើ​អាជីវកម្ម​ផ្លូវភេទ និង​ការ​បន្ត​រាតត្បាត​នៅ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ជាស​កល​គឺ​បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ ហើយ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ នឹង​បន្ត​រុញច្រាន​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឱ្យ​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ជីវភាព និង​ងាយស្រួល​ចាញ់បោក​ការ​អូស​ទាញ​របស់​មេខ្យល់ ដែល​ធ្វើការ​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្លាក់ខ្លួន…

ខេត្តកំពង់ចាម ៖ «​អំពើ​ជួញដូរ​មនុស្ស អំពើ​អាជីវកម្ម​ផ្លូវភេទ និង​ការ​បន្ត​រាតត្បាត​នៅ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ជាស​កល​គឺ​បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ ហើយ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ នឹង​បន្ត​រុញច្រាន​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឱ្យ​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ជីវភាព និង​ងាយស្រួល​ចាញ់បោក​ការ​អូស​ទាញ​របស់​មេខ្យល់ ដែល​ធ្វើការ​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្លាក់ខ្លួន ទៅ​ក្នុង​អន្ទាក់​នៃ​ទម្រង់​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​។

ជាមួយ​នោះ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ និង​កងកម្លាំង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ពិ​ច្ច័​យ​លើ​ករណី​នេះ និង​យកចិត្តទុកដាក់​ក្នុង​ការ ទប់ស្កាត់​មិន​ឱ្យ​មាន​ចំណាកស្រុក ដោយ​ខុសច្បាប់​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០២០ ក្នុង​សិក្ខាសាលា​ស្ដី​ពី កិច្ច​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​សំណុំរឿង​ជួយ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង ក្រុង​កំពង់ចាម​។

លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា អំពី​ទិន្នន័យ​នៃ​សំណុំរឿង ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​ដែល​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ទទួល​បាន​ក្នុង​អំឡុង​ឆ្នាំ​២០១៩ និង​៨​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២០​។ ក្នុង​ឆ្នាំ​២០១៩ ទទួល​បាន​ចំនួន ១៩​សំណុំរឿង និង​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ ទទួល​បាន​ចំនួន​១៣​សំណុំរឿង​។

អយ្យការ​អម​សាលាដំបូង​ខេត្ត កត់សម្គាល់​ដែរ​ថា​សំណុំរឿង​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម ផ្លូវភេទ​ភាគច្រើន​គឺជា​ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​បុគ្គល​ដែល​ជាប់សែស្រឡាយ​គ្នា ឬ​ជា​អ្នក​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ហើយ​ស្រុក​ចំនួន​៣ ដែល​តែងតែ​ប្រឈម​នឹង ករណី​ជួញដូរ​ក្នុង​នោះ មាន ស្រុក​ចម្ការលើ ស្រុក​ស្ទឹង​ត្រង់ និង​ស្រុក​កងមាស​។ ហេតុ​ដូច្នេះ​ហើយ​ទើប​អញ្ជើញលោក​អធិការ នគរបាល​ស្រុក​ទាំង​៣​ឱ្យមក​ចូលរួម​ក្នុង​សិក្ខាសាលា​។ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មាន​ប្រសាសន៍​បន្ត​ថា ការ​អរុណ​នៃ​សំណុំរឿង​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ហាក់​មិន​មានការ​ថយ​ចុះ​នៅឡើយ​បើ​ប្រៀបធៀប​ទិន្នន័យ​២០១៩ និង​៨​ខែ​ដំបូង ឆ្នាំ​២០២០​។

ទូរលេខ​មិន​មានការ​ថយ​ចុះ​គឺជា​ចំណែក​ក្នុង​ការ​ដាស់តឿន ឲ្យ​គ្រប់​គ្នា​បន្ត​សហការ និង​ប្រយុទ្ធ​ប្រឆាំង ជា​ដាច់ខាត​បន្ថែម​ទៀត នៅ​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​។ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម គឺ​បាន​កំណត់​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ​គឺជា​ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងារ​អាទិភាព​ផ្សេង​ទៀត​ដែល​ខ្លួន​នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត ដោយហេតុ​ថា បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ គឺជា​ឧក្រិដ្ឋកម្ម​មួយ ដែល​មាន​ចរិត​ធ្ងន់ធ្ងរ ឲ្យ​ជន​រង​គ្រោះ​ភាគច្រើន​នៃ​អំពើ​នេះ​គឺជា​ស្ត្រី​កុមារ និង​ក្រុម​គ្រួសារ​ដែល​មាន ជីវភាព​ក្រីក្រ​។

រូប​លោក​មាន​ជំនឿ​ថា ស្មារតី​អនុវត្ត​ច្បាប់​ស្មារតី​សហការ និង​សាមគ្គី​គ្នា​រវាង​តួអង្គ និង​ភាគី​ដែល​ពាក់ព័ន្ធ​គឺ​ពិតជា​នាំ​ឲ្យ​យើង​ទទួល​បាន ភាព​ជោគជ័យ​ក្នុង​ការ​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​របស់​យើង ដែល​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ពួក​មេខ្យល់ និង​ជនល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​រួម​នឹង​ធ្វើការ​ផ្ដន្ទាទោស​លើ​ជន​ទាំងនោះ​តាម​បទបញ្ញត្តិ​ច្បាប់​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តកំពង់ចាម​បាន​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ និង​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​បន្ត​យុទ្ធនាការ​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​អំពី​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ដោយ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ក្រុង ដើម្បី​បញ្ជ្រាប​ចំណេះដឹង និង​ពន្យល់​ពី​ហានិភ័យ​ដែល​អាច​កើតឡើង ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស​ខេត្ត រូប​លោក​ប្រកាន់​នូវ​ជំហរ​ដាច់ខាត​ដោយ​សហការ​ជាមួយ​អយ្យការ អម​សាលាដំបូង​ខេត្ត និង​ក្រុមការងារ​ជំនាញ​នៃ​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដោយ​បង្កើន​ការ​ទប់ស្កាត់ និង​ស្វែងរក​បទល្មើស និង​បង្ក្រាប​កាន់តែ​ម៉ឺងម៉ាត់ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច មិន​អនុញ្ញាត​ឲ្យ​ជនល្មើស អន្តរការី​(​មេខ្យល់​)​មានឱកាស​ពង្រីក​សកម្មភាព​បង្ក​ភាព​រង​គ្រោះ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត កំពង់ចាម​ឡើយ​។

ជាមួយ​នោះ​ក៏​សូម​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ គ្រប់​ថ្នាក់​ខេត្ត​ក្នុង​ខេត្ត​ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ស្រុក សូម​មេត្តា​អង្កេត និង​ធ្វើការ​កត់សម្គាល់​នូវ​ទំនោ​នៃ​ទម្រង់ ក្នុង​ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ក្នុង​សម័យ​បច្ចេកវិទ្យា​ដែល​មេខ្យល់​ជន​រង​គ្រោះ អាណាព្យាបាល​របស់​ជន​រង​គ្រោះ និង​ជនល្មើស​បាន​ធ្វើការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​សង្គម ឬ​ក្នុង​ទម្រង់​ផ្សេង​ៗ ដែល​បញ្ជា​ចៀស​ពី​ការ​តាមដាន ឬ​ក្រសែភ្នែក​របស់​អាជ្ញាធរ​។ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ គឺជា​ឧក្រិដ្ឋកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​ពោល​គឺ​ជន​រង​គ្រោះ​មួយ​ចំនួន បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ឧក្រិដ្ឋកម្ម​នេះ​គឺ​អាច​ប្រឈម​នឹង​ការ​បាត់បង់​សតិ ញៀន​គ្រឿងញៀន ក្លាយជា​ស្ត្រី​បម្រើ​ផ្លូវភេទ នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​បាត់បង់​អាយុជីវិត​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ