ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC សម្រេច​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​៥​បន្ថែម​ដើម្បី​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បានអោយ​ដឹង​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥​ដើម្បី​រៀបចំ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បានអោយ​ដឹង​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥​ដើម្បី​រៀបចំ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ CDC បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចំនួន​៥​ដែល​ស្នើ​សុំ​វិនិយោគ​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ជិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ប្រមាណ​ជាង​៨០០​នាក់​ផង​ដែរ ។

តាម​សេចក្តី​ប្រកាស​ដដែល​នេះ​បានអោយ​ដឹង​ថា​ក្រុមហ៊ុន​ទាំង​៥​ដែល​ស្នើ​សុំ​វិនិយោគ​នោះ រួម​មាន ១)​គម្រោង​បង្កើត​រោងចក្រ​ផលិត​កា​រ៉េ​ម ដែល​មាន​ទីតាំង វិនិយោគ​ស្ថិត​នៅ​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៦​កន្លែង​។ ២) គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១១៧​កន្លែង ។ ៣) គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​លេខ​១៣០ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣១​កន្លែង​។

ចំណែក​ក្រុមហ៊ុន​ស្នើ​សុំ​វិនិយោគ​ទី​៤ ជា​គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ៣៩,៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២០​កន្លែង ។ និង ទី​៥) ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា របស់​ក្រុមហ៊ុន CAM-ICARE CO., LTD. មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង ។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្ដី ក៏​ប៉ុន្តែ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​តែ​មាន​ក្រុមហ៊ុន​ស្នើ​សុំ​វិនិយោគ​ជា​បន្តបន្ទាប់ ។ ទន្ទឹម​នឹង​នោះ​ដែរ បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​បង្ហាញ​ដែរ​ថា​ក្នុង​ពេល​ជួប​វិបត្តិ​នេះ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ផង​ដែរ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ផ្អាក​សកម្មភាព​ការងារ និង​បិទទ្វារ​លែង​ដំណើរការ និង​ធ្វើ​អោយ​កម្មករ និយោជិត​រាប់​ម៉ឺន​នាក់​ត្រូវ​បាត់បង់​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ