ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Messi ឬ​លោក Bartomeu ដែល​នឹង​ត្រូវ​ដើរ​ចេញពី​ក្លិប Barcelona ?

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ សំនួរ​ជា​ច្រើន​ត្រូវ​បាន​ចោទសួរ​ថា តើ​ក្លិប Barcelona នឹង​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុម Lionel Messi ដើរ​ចេញ ឬ​ក៏​បញ្ឈប់​តួនាទី​របស់​ប្រធាន​ក្លិប​លោក…

អេ​ស្ប៉ា​ញ ៖ សំនួរ​ជា​ច្រើន​ត្រូវ​បាន​ចោទសួរ​ថា តើ​ក្លិប Barcelona នឹង​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុម Lionel Messi ដើរ​ចេញ ឬ​ក៏​បញ្ឈប់​តួនាទី​របស់​ប្រធាន​ក្លិប​លោក Josep Maria Bartomeu​?

គិត​មក​ទល់​ពេល​នេះ បញ្ហា​របស់ Barca កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​លើ​បណ្តាញសារព័ត៌មាន​ជុំវិញ​ពិភពលោក​។ ក្រោយ​ពី​ការ​លេច​ចេញ​ដំណឹង ដែល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ប្រាប់​ក្លិប​ដោយ​ផ្ទាល់​ថា រូបគេ​មិន​មាន​បំណង​ចង់​បន្ត​ជាមួយ​ក្លិប​យក្ស​នៅ​តំបន់​កា​តា​ឡាន់​ទៀត​ទេ​។ ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Camp Nou ដើម្បី​ទាមទារ​ឱ្យ​ក្លិប​បញ្ចប់​តំណែង​ប្រធាន​ក្លិប​គឺ​លោក Bartomeu​។

គូសបញ្ជាក់​ថា អ្នកគាំទ្រ​មានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​កន្លង​មក​របស់​លោក Bartomeu​។ ចាប់តាំងពី​លោក​បាន​សម្រេច​បញ្ចប់​តួនាទី អ្នកចាត់ការ​ទូទៅ​ក្លិប​លោក Ernesto Valverde ហើយ​តែងតាំង​លោក Quique Setién ឡើង​មក​ជំនួស​វិញ​។ ការ​ដឹកនាំ​របស់​លោក Setién មិន​បាន​ជួយ Barca ទទួល​បាន​ជោគជ័យ​នោះ​ទេ ដោយ​បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​ជើងឯក La Liga ជាមួយ Real Madrid និង​ភ្លាត់​ចាញ់​ក្រុម Bayern Munich យ៉ាង​អាម៉ាស់​បំផុត​នៅ Champions League ទៀត​ផង​។ មុន​ពេល​ត្រូវ​ក្លិប​បណ្តេញចេញ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា នឹង​មានការ​ជួប​ប្រជុំ​រវាង​ក្រុមប្រឹក្សា​ទាំងអស់ រួម​ទាំង​អ្នកចាត់ការ​ទូទៅ​ថ្មី លោក Ronald Koeman ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជ្រួលច្របល់​មួយ​នេះ​។ រង់ចាំ​មើល​ថា តើ​នឹង​មានរឿង​អ្វី​កើត​បន្ត​ទៀត? (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ