ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទោច​ថ្ពាល់​លឿង​១​ក្បាល​ត្រូវ​បាន​ប្រគល់​ឱ្យ​​សួនសត្វ​ភ្នំ​តា​ម៉ៅ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រគល់​សត្វ​ទោច​១​ក្បាល​ទៅ​ឲ្យ​ឧទ្យាន​សួនសត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ…

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រគល់​សត្វ​ទោច​១​ក្បាល​ទៅ​ឲ្យ​ឧទ្យាន​សួនសត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី​បន្ត​ការ​ថែទាំ ជួយ​សង្គ្រោះ និង​ស្ដារ​លទ្ធភាព​នីតិសម្បទា​ឡើង​វិញ បន្ទាប់​ពី​សត្វ​ទោច​១​ក្បាល​នេះ​ពិនិត្យ​ឃើញ​ថា មាន​សភាព​ភ័យ​ខ្លាច និង​ស្ត្រេ​ស​កម្រិត​ស្រាល​។

គួរ​​រំលឹក​​ថា កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​អភិរក្ស​សត្វព្រៃ​ខាងលើ​បាន​ទទួលយក​សត្វ​ទោច​១​ក្បាល​នេះ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​តាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។ ទន្ទឹម​នេះ​ក្រុមការងារ​ក៏​បាន​ពន្យល់​អំពី​លក្ខណៈ​បច្ចេកទេស​ច្បាប់ និង​ការ​អភិរក្ស​សត្វព្រៃ​ប្រភេទ​មាន​ដោយ​កម្រ មាន​ដោយ​បង្គួរ និង​ជិត​ផុត​ពូជ ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម​អភិរក្ស​និង​ការពារ​សត្វព្រៃ​និង​ជីវៈចម្រុះ​ទាំងអស់​គ្នា​។

សត្វ​ទោច​ថ្ពាល់​លឿង ជា​ថនិកសត្វ​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ មានឈ្មោះ​ជា​ភាសា​អង់គ្លេស Yellow-cheeked Gibbon ត្រូវ​បាន​កំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា CITES ហើយ​ក៏​ត្រូវ បាន​ចាត់ចូល​ក្នុងបញ្ជី ក្រហម នៃ​អង្គការ​សហភាព​អន្តរជាតិ អភិរក្ស​ធនធាន​ធម្មជាតិ (IUCN) ព្រោះ​ពួកវា​ជា​ពពួក​សត្វ​កំពុង​រង​គ្រោះ​ថ្នាក់ ហើយ​ក៏​កំពុង​ប្រឈម​នឹង​ការ​លួច​ប្រមាញ់​របស់​មនុស្ស និង​ការ​បាត់​បង់​ទី​ជម្រក​។ ហេតុនេះ សូម​រួម​គ្នា​ថែរក្សា និង​ការពារ​សម្បត្តិ​ធម្មជាតិ ​ព្រមទាំង​​សត្វព្រៃ​ឲ្យ​បាន​ឋិត​ឋេ​រ​គង់វង្ស និង​យូរអង្វែង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ