ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​​ក្នុង​ប្រឡាយ​បឹង​ត្របែក​ជិត​៤០០​តោន ​ត្រូវ​កាយ​ចាក់ចោល​រាល់​៣​ខែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ បាន​អះអាង​ថា គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ គឺ​មាន​សំរាម​ដែល​ត្រូវ​កាយ និង​កើប​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​មិន​តិច​ជាង​១០០​ឡាន​នោះ​ទេ ដែល​មាន​ទម្ងន់​ប្រមាណ​៤០០​តោន ដែល​ត្រូវ​បាន​កាយ និង​កើប​យក​ទៅ​ចាក់ចោល​ជា​រៀង​រាល់​៣​ខែ​ម្តង ទោះជា​អាជ្ញាធរ​មានការ​អប់រំ​ណែនាំ​យ៉ាងណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ បាន​អះអាង​ថា គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ គឺ​មាន​សំរាម​ដែល​ត្រូវ​កាយ និង​កើប​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​មិន​តិច​ជាង​១០០​ឡាន​នោះ​ទេ ដែល​មាន​ទម្ងន់​ប្រមាណ​៤០០​តោន ដែល​ត្រូវ​បាន​កាយ និង​កើប​យក​ទៅ​ចាក់ចោល​ជា​រៀង​រាល់​៣​ខែ​ម្តង ទោះជា​អាជ្ញាធរ​មានការ​អប់រំ​ណែនាំ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ និង​មួយ​ផ្នែក​សំរាម​បាន​ហូរ​តាម​ទឹកភ្លៀង​ចូល​ក្នុង​ប្រឡាយ​ក៏​ដោយសារ​ការ​មិន​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

លោក ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក និង​បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ​ថា អង្គភាព​លូ​ទឹក និង​បូមទឹក មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ និង​កើប​ដឹក​សំរាម​ជា​ច្រើន​ចេញពី​ប្រឡាយ​បឹង​ត្របែក ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន​ចុះ​ទៅ​ស្ថានីយ​ងាយស្រួល​ក្នុង​ការ​បូមទឹក​ចេញ​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក​បន្ត​ថា ក្រោម​ការ​ណែនាំ​ដោយ​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ បាន​យកចិត្តទុកដាក់​ក្នុង​ការ​ស្តារ និង​កាយ កើប​សំរាម​ពី​ប្រឡាយ​ចំនួន​៣ គឺ​ប្រឡាយ​បឹង​ត្របែក ប្រឡាយ​បឹង​សាឡា​ង និង​ប្រឡាយ​បឹង​ទំពុន​ជា​ប្រចាំ ដែល​ប្រឡាយ​នេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញ​ទៅ​ក្រៅ​ក្រុង ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ មើល​មិនឃើញ​ពី​សារៈសំខាន់ និង​បែរជា​យក​សំរាម​ទៅ​បោះ​ចូល​ក្នុង​ប្រឡាយ​នោះ​ទៅ​វិញ ។

លោក ដួង ចាន់​សា​រ៉ាត់ បានអោយ​ដឹង​ទៀត​ថា សម្រាប់​ខែប្រាំង​មិនសូវ​សំបូរ​សំរាម​ទេ ប៉ុន្តែ​នៅ​ខែវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​សំរាម​ហូរ​មក​កាន់តែ​ច្រើន​បណ្ដាល​ឱ្យ​សំរាម​កកស្ទះ​នៅ​ក្នុង​ប្រឡាយ​តែ​ម្តង ។

លោក​បន្ត​ថា តាម​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៣​ខែ​ធ្វើការ​កាយ​ស្ដារ និង​កើប​សំរាម​ដឹក​ចេញ​ម្ដង តែបើ​សំរាម​ច្រើន​ហើយ​កកស្ទះ​ខ្លាំង​យើង​អាច​ធ្វើការ​កាយ​កើប​ដឹក​ចេញ​ជាក់ស្ដែង មិនបាច់​ចាំ​ដល់​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​អោយ​ប្រ​ព​ន្ធ័​ទឹក​ហូរ​បាន​លឿន ។

ចំណែក​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​មាន​ប្រសាសន៍​អោយ​ដឹង​ថា ប្រឡាយ​បឹង​ត្របែក ពិសេស​នៅ​ក្រោយ​ស្ថានីយ​បឹង​ត្របែក​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើល​មិនឃើញ​ទឹក​ក្នុង​ប្រឡាយ ទៅ​ហើយ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ភ្លាម​ៗ​តែ​ម្តង ដើម្បី​ធ្វើ​យ៉ាងណា​អាច​បូមទឹក​រំដោះ​បាន និង​បញ្ជៀ​សការ​លិចលង់​ជូន​ប្រជាពលរដ្ឋ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ