ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡាបាល់ទាត់​នឹងបែប​ណា​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ សវនាការ​បាន​បញ្ចប់ បន្ទាប់​ពី ការ​សាកសួរ​ដេញដោល​អស់​រយៈពេល​ច្រើន​ម៉ោងលើ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​«​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​» តាម​មាត្រា​៣៩៣នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៣…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ សវនាការ​បាន​បញ្ចប់ បន្ទាប់​ពី ការ​សាកសួរ​ដេញដោល​អស់​រយៈពេល​ច្រើន​ម៉ោងលើ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​«​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​» តាម​មាត្រា​៣៩៣នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៣ ដល់ឆ្នាំ​២០១៩ ដែល​មាន​ទំហំ​ទឹកប្រាក់​បាត់បង់​ប្រមា​ណ​៥៩.៧៣៦​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​បន្ទាប់​ពី​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ​បាន​លើក
ពេល​ប្រកាស​សាលក្រម​ពី​ជោគវាសនា​ជន​ជាប់ចោទ​ដែល​ជា​អតីត​អគ្គលេខាធិការ​រង​សហព័ន្ធកីឡាបាល់ទាត់​ទៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​។

សូម​រំឭក​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ម៉ៃ តុលា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​«​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​» យោង​តាម​មាត្រា​៣៩៣នៃ​ក្រមព្រហ្មទណ្ឌ ។ លោក ម៉ៃ តុលា ដែល​ជា​ជន​ត្រូវ​ចោទ បច្ចុប្បន្ន​មាន​អាយុ​៤៨​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាត់​បញ្ជូន​លោក ម៉ៃ តុលា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុក​រលួយ ។ សំណុំរឿង​នោះ​ស្ថិត​នៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ស៊ើបសួរ ។ ក្រោយ​ពី​ស៊ើបសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ក្រោម​បទ​«​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​» បន្ទាប់​មក​សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ប៉ុន្តែ ដោយសារ​ល្ងាច​ហើយ និង​ផុត​ម៉ោង​រដ្ឋបាល ទើបជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា នាំ​ទៅ​សាកសួរ​ម្តង ទៀត រហូត​ដល់​វេលា​ថ្ងៃត្រង់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន ។
លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បាន​ត្រូវកងរាជអាវុធ ហត្ថលើ​ផ្ទៃ​ប្រទេស​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ និង​បាន​បំពេញ បែបបទ​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​បន្ត​នីតិវិធី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា អតីត​និង​មន្ត្រី​សហព័ន្ធកីឡាបាល់ទាត់​កម្ពុ​ជាមួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌​ចំនួន៤​នាក់​ដែល​មាន លោក ម៉ៃ តុលា លោក ទុ​យវិច្ឆិកា លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភា​រម្យ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ។

ដោយឡែក លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

ទាក់ទង​នឹង​ករណី​ខាងលើ​នេះ លោក កែវសា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ ទាត់កម្ពុជា​(FFC)​បាន​ថ្លែង​ថា អំឡុង​ការ​សហការរវាង​មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​ររៀបចំ​ការ​ប្រកួត​របស់ Tiger Street football តាំងពី​ឆ្នាំ​២០១៣​មក​ដល់​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា មន្ត្រី​សហព័ន្ធ​ទាំង​៤​រូប​ខាងលើ​នេះ មានការ​កិបកេង​ប្រាក់​ប្រមាណ​ជាង​៣០% ដោយ​គ្មាន​មូលហេតុ និង​មិន​បាន​ចូល​មក​សហព័ន្ធសោះ ។ ក្រោយ​ពី​ការ​បង្កើត​គណៈកម្មការ​វិន័យសហព័ន្ធ​បាន​រក​ឃើញ​បន្ថែម​ទៀត​ថា ត្រឹម​អំឡុង​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ មានការ​កិបកេង​ប្រាក់ចំនួន​៥៩.៧៣៦​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។

ដោយសារ​អំពើ​នេះ​ហើយ ទើបបាន​ជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បើក​ការ​ប្រជុំ​ជា​ច្រើន​លើក រហូត​ឈាន​ដល់​ការ​ដាក់​វិន័យ និង​ព្យួរ​សកម្មភាព​បាល់ទាត់​របស់​ពួក​គេ​ទាំង​៤​នាក់ រហូត​មួយ​ជីវិត​តែ​ម្ដង ដែល​សាមីខ្លួន​ទាំង​៤​រូប​ក៏​បាន​សារភាព​ចំពោះ​ទោស​កំហុស​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ