ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ក្រោម​ផ្ទៃ​ទឹក

9 ឆ្នាំ មុន

សំណុំរឿង​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ដែល​ធ្វើ​ឲ្យ​កក្រើក​រាជធានី​ភ្នំពេញ​កាលពី​ចុងឆ្នាំ​២០១៤ បាន​ត្រូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ដែល​ធ្វើ​ឲ្យ​កក្រើក​រាជធានី​ភ្នំពេញ​កាលពី​ចុងឆ្នាំ​២០១៤ បាន​ត្រូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វាយ​សំពង​ធ្ងន់​ៗ​និង​ចំ​គោលដៅ​ទៅ​លើ​ស្ថាប័ន​យុត្តិធម៌ ជា​ពិសេស​ទៅ​លើ​ចៅក្រម ដែល​កាន់​សំណុំរឿង​នេះ​បង្ក​ឱ្យ​មាន​អំពើ​អយុត្តិធម៌​កើតឡើង ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៥ សម្តេច​តេ​ជោ​បាន​ដាក់​ជា​ច​ម្ង​ល់​ថា «​ហេតុ​អ្វី​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ (​សំដៅ​ដល់​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់​) រឿង​ឧក្រិដ្ឋ​ឃាតកម្ម​បែប​នេះ វា​អយុត្តិធម៌​ណាស់ អ្នក​កាន់​ព្រនង់​ម៉េច​ក៏​ជាប់​ឃុំ ចំណែក​អ្នកមាន​កាំភ្លើង​០៨​ដើម បែរជា​រួចខ្លួន​នៅ​ក្រៅ​ឃុំ​បាន ខ្ញុំ​មិន​អាច ទទួល​បាន​ទេ អយុត្តិធម៌​វា​នៅ​កន្លែង​នេះ​» ។

ជា​ការ​ពិត អ្វី​ដែល​សម្តេច​តេ​ជោ​បាន​លើក​ឡើង​នេះ​គឺ ត្រង់​មនុស្ស​កាន់ដំបង​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ បែរជា​អ្នកមាន​អាវុធ​ដល់​ទៅ​៨​ដើម​បាន​នៅ​ក្រៅ​ឃុំ ។ វា​មិនមែន​តែ​ជា​ការ​បង្ហាញ​ប៉ុណ្ណឹង​នោះ​ទេ តែ​បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​មានការ​យល់​ច្រឡំ​ពី​ចំណាត់ការ​នេះ​ថែម​ទៀត ។ គេ​មិន​ត្រូវ​ភ្លេច​ឡើយ​ពី​សម្រែក​ក្រុម​អ្នក​តវ៉ា សុំ​ឱ្យ​ដោះ​លែង​សកម្មជន​ជា​ស្ត្រី​បឹង​កក់​ឬ​សុំ​នៅ​ក្រៅ​ឃុំ ក៏​បាន​លើកយក​ករណី​២​នេះ​មក​ប្រៀបធៀប​គ្នា​ដែរ ហើយ​អ្នក​ដែល​រង​គ្រោះ​ដូច​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​គឺ​ជេរ​តែ ហ៊ុន សែន ។

តាម​ពិត​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សម្តេច​តេ​ជោ​បាន​គោះ​ជួង​ដាស់​ឱ្យ​ភ្ញាក់រលឹក​ទៅ​លើ​អស់លោក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​តុលាការ កុំ​ឲ្យ​កាឡៃ​សំណុំរឿង​ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស ដែល​បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ទៅ​លើ​សំណុំរឿង​ខ្លះ ប៉ុន្តែ​អស់លោក​ចៅក្រម​មួយ​ចំនួន ដើម្បី​តែ​លាភសក្ការៈ​ផ្ទាល់ខ្លួន បាន​បំភ័ន្ត ឬ បង្វែរ​បទចោទប្រកាន់​ផ្សេង​ៗ ធ្វើ​ឲ្យ​ដើមបណ្តឹង​និង​ចុង​ចម្លើយ​ខ្លះ​ទទួល​រង​គ្រោះ​ទាំង​អយុត្តិធម៌​បំផុត ។

ដោយសារ​តែ​ទ​ង្វើ​ខ្វះ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ជា​អ្នក​ច្បាប់ ពី​សំណាក់​អស់លោក​មួយ​ចំនួន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តាធិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​ជា​រៀងរាល់ថ្ងៃ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទៅ​លើ​ស្ថាប័ន​តុលាការ​នោះ​ថែម​ទៀត ។ ជាក់ស្តែង ក្រុម​អ្នក​ភូមិ​ដែល​មានរឿង​វិវាទ​ដីធ្លី​មួយ​ចំនួន ក្រោយ​ពេល​ដែល​តុលាការ​កាត់សេចក្តី​រួចរាល់​ហើយ​នោះ ហើយ​គិត​ថា​សាលក្រម ឬ​សាលដីកា​នោះ​មិន​យុត្តិធម៌​បែប​នេះ​ហើយ បានជា​ពួក​គាត់​តែងតែ​ឡើង​មក​តវ៉ា​និង​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​ភូមិ​គ្រឹះ​ក្នុង​រាជធានី​ភ្នំពេញ ។

ដូច្នេះ​កាំភ្លើង​ធំ​ដែល​សម្តេច​តេ​ជោ បាន​បាញ់​ចេញ​ចំ​ៗ ​គោលដៅ​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​២០១៥ ដូច​ជា​ពាក្យ​ថា «​តុលាការ​ខ្លះ​ឃុបឃិត​ជាមួយ​ចោរ​ជាដើម​នោះ​» បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អបអរសាទរ​និង​ស្រែក «​ជយោ​សម្តេច​ៗ» ។ ដោយឡែក សម្រាប់​អស់លោក លោកស្រី​ជា​ក្រឡាបញ្ជី ចៅក្រម និង​តំណាង​អយ្យការ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត តុលាការសឹក សាលាឧទ្ធរណ៍ តុលាការ​កំពូល​និង​ក្រុម​អ្នក​ច្បាប់​មួយ​ចំនួន​ដែល​កំពុង​ធ្វើខ្លួន​ជា​ឈ្លើងសង្គម ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​ថោកទាប មិន​ស្គាល់​បាប មិន​ស្គាល់​បុណ្យ ឲ្យ​តែ​បាន​លុយ​ធ្វើ​អ្វី​ៗ​ក្បត់​នឹង​មនសិការ​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើកដាក់​ខ្លួន​នោះ​ភ័យ​ញ័រ​រញ្ជួយ ព្រោះ​ខ្លាច​បាត់បង់​តំណែង ឬ មានទោស​ទណ្ឌ​នោះ​ថែម​ទៀត ។

បើ​តាម​ក្រុម​អ្នក​ច្បាប់​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​តាមដាន​សំណុំរឿង​នៅ​តុលាការ​ខ្លះ​បាន​លើក​ឡើង​ថា នៅ​មាន​សំណុំរឿង​ខ្មៅ​ច្រើន​ណាស់​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន គ្រាន់តែ​ខ្មោច​មិន​ទាន់​ស្អុយ​ប៉ុណ្ណោះ ។

ក្រុម​ខាងលើ​បាន​និយាយ​ទៀត​ថា ប្រសិនបើ​ក្រសួង​យុ​ត្តិ​ធ៌​ម និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចាត់វិធានការ​ច្បាប់​និង​ចុះ​ធ្វើ​អធិការកិច្ច​ទៅ​លើ​សំណុំរឿង​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​គរ​ទុក​នៅ​តុលាការ​ពី​ថ្នាក់ទាប​ដល់​កំពូល​នោះ ច្បាស់​ណាស់​ថា ពិតជា​មាន​ប្រធាន​ឬ​អនុប្រធាន​តុលាការ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី​ខ្លះ នឹង​មាន​វាសនា​ដូច លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ធ្វើ​ពិធី​ផ្ទេរតំណែង​កាលពី​ថ្ងៃ​ម្សិលមិញ ឬ អាច​មាន​វាសនា​លើស​នេះ​ទៀត គឺ​ទៅ​ដេក​ជាមួយ​អ្នកទោស​ក្នុង​ពន្ធនាគារ​ដែល​ខ្លួន​ធ្លាប់​កាត់ក្តី​មិន​ខាន ។ ការ​ត្រេកត្រអាល​នឹង​លាភសក្ការៈ​ជ្រុល​ហួសហេតុ ធ្វើ​ឱ្យ​ខ្លួន​យំ​មិន​ចេញ​មិន​ខាន​ឡើយ ។ សាធារណ​មតិ​រង់ចាំ​មើល ថា​តើ​ព្យុះ​ក្រោម​ផ្ទៃ​ទឹក​បែប​នេះ​នឹង​កើតឡើង​នៅ​ទីណា​ទៀត ?