ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​និង​​ចុងភៅ​ប្រុស រួមដៃ​គ្នា​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​ប្ដី​ផឹក​ជិត​៣​ខែ​ទើប​បែក​ការណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ជា​ចុងភៅ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា បាន​ដាក់​ថ្នាំ​ងងុយដេក​ និង​ថ្នាំ​រាគ ក្នុង​ទឹក ​និង​ចំណីអាហារ​ឲ្យរូបគាត់បរិភោគ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ជា​ចុងភៅ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា បាន​ដាក់​ថ្នាំ​ងងុយដេក​ និង​ថ្នាំ​រាគ ក្នុង​ទឹក ​និង​ចំណីអាហារ​ឲ្យរូបគាត់បរិភោគ ជិត​៣​ខែ​មក​ហើយ រហូត​មាន​ជំងឺ​ក្រពះ ខណៈ​ដែល​មាន​អ្នកចូលរួម​ផ្សំ​គំនិត​គ្នាម្នាក់​ទៀត គឺជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែ​ម្តង កំពុង​រត់គេច​ខ្លួនបាត់ ​ផង​ដែរ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ស្រេង ចាន់​ណា ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​មក​ធ្វើ​ការងារ​ជា​ចុងភៅ ស្នាក់​នៅផ្ទះ​កើតហេតុ លេខ​៩១១C ផ្លូវ ៧៥ BT ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែក​ស្ត្រី​ជាប់​សង្ស័យ​មានឈ្មោះ តាំង លី​ណា ហៅ​លី​តា អាយុ​២៥​ឆ្នាំ ដែល​កំពុង​រត់គេច​ខ្លួន ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ្វុ​ង លី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​ងារ​ជា​បុគ្គលិកក្រុមហ៊ុនមួយ ស្នាក់​នៅផ្ទះ​ដូច​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ឧសភា ២០២០ ជនសង្ស័យ​ឈ្មោះ ស្រេង ចាន់​ណា ហៅ​ត្រេ​ន បាន​មក​សុំ​ការងារ ​ធ្វើ​ជា​ចុងភៅ ពី​ជន​រង​គ្រោះ​​ឈ្មោះ ហ្វុ​ង លី​ម ភេទ នៅផ្ទះ​លេខ​កើតហេតុ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។ លុះ​មក​ដល់អំឡុងខែសីហា ឆ្នាំ​២០២០​នេះ ជន​រង​គ្រោះ មាន​អាការប្លែកទៅៗ ចេះតែ​ឈឺក្រពះ និង​ឈឺពោះ​រាគ​រុះ​ខុស​ពី​ធម្មតា ក៏​បាន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ទើប​ដឹង​ថា កើតជំងឺក្រពះ ដែលការ​ឈឺនេះបណ្តាល​មក​ពី​ប្រើប្រាស់​ថ្នាំ​ងងុយដេក​ច្រើន​ពេក ពេល​នោះ ជន​រង​គ្រោះ​ឈ្មោះ ហ្វុ​ង លី​ម មានការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ តាំង លី​ណា ហៅ​នី​តា និង​ជនសង្ស័យ​ឈ្មោះ ស្រេង ចាន់​ណា ហៅ​ត្រេ​ន​(​ជា​ចុងភៅ​) ថាជា​អ្នក​ដាក់​ថ្នាំ​ងងុយដេក​នៅ​ក្នុង​ទឹក និង​ក្នុង​ចំណីអាហារ​ឲ្យ​គាត់​បរិភោគជារាងរាល់ថ្ងៃ ពីព្រោះ​រូប​គាត់​មិន​ដែល​ប្រើប្រាស់​ថ្នាំ​ងងុយដេក​ទេ នា​ពេល​កន្លង​មក ។

ប្រភព​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១ បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ​២០២០​នេះ ជន​រង​គ្រោះ បាន​ហៅ​ជនសង្ស័យ​(​ជា​ចុងភៅ​) មក​សាកសួរ​អស់​រយៈពេល​យ៉ាង​យូរ ទើប​ជនសង្ស័យ ព្រម​ឆ្លើយ​សារភាព​ថា រូបគេ និង​ឈ្មោះ តាំង លី​ណា ហៅ​នី​តា ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ បាន​ដាក់​ថ្នាំ​ងងុយដេក និង​ថ្នាំ​រាគ នៅ​ក្នុង​ទឹក និង​ក្នុង​ចំណីអាហារ ជា​ប្រចាំ​ឲ្យ​ជន​រង​គ្រោះ​បរិភោគ តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០ ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

បន្ទាប់​ពី​ឮដូច្នោះ ជន​រង​គ្រោះ​ឈ្មោះ ហ្វុ​ង លី​ម បាន​ឃាត់ខ្លួន​ជនសង្ស័យ នាំ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​ទំពន់​ទី​១ ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ស្ត្រីជន​សង្ស័យ​ឈ្មោះ តាំង លី​ណា បាន​រត់គេច​ខ្លួន​បាត់ ។

ទោះជា​យ៉ាងណា ចំពោះ​មូលហេតុពិត នៃ​ការ​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​ប្ដី​ផឹក​ជា​ប្រចាំ​រាល់ថ្ងៃ ​ជិត​៣​ខែ​មក​ហើយ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថាតើ​ដាក់​ការថ្នាំ​ដើម្បី​សម្លាប់ប្តី ឫ​មួយ​ដាក់​ឲ្យ​ប្តី​ដេកលង់លក់ ងាយស្រួលលួច​ផិតក្បត់ ?

បច្ចុប្បន្ន យុវជន​ជនសង្ស័យ​ឈ្មោះ ស្រេង ចាន់​ណា ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ