ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បំណុល មាន​ឥទ្ធិពល​ដូច​ម្តេច​មក​លើ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​យើង?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​លោក​អ្នក​បាន​ធ្លាប់​ដឹង​ទេ​ថា អ្វី​ដែល​ជា​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​យើង ? យោង​តាម​ការ​ពន្យល់​ពី​អត្ថន័យ​នេះ អ្នកឯកទេស​ម្នាក់​បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សុទ្ធ​គឺ​ចង់​សំដៅ​ទៅ​លើ​ទ្រព្យសម្បត្តិ​ដែល​យើង​មាន​សរុប យក​មក​ទូទាត់​ជាមួយ​បំណុល​ចេញ ។លោក…

រាជធានី​ភ្នំពេញ ៖ តើ​លោក​អ្នក​បាន​ធ្លាប់​ដឹង​ទេ​ថា អ្វី​ដែល​ជា​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​យើង ? យោង​តាម​ការ​ពន្យល់​ពី​អត្ថន័យ​នេះ អ្នកឯកទេស​ម្នាក់​បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សុទ្ធ​គឺ​ចង់​សំដៅ​ទៅ​លើ​ទ្រព្យសម្បត្តិ​ដែល​យើង​មាន​សរុប យក​មក​ទូទាត់​ជាមួយ​បំណុល​ចេញ ។
លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បាន​បន្ត​ថា ដើម្បី​គណនា​រក​ទ្រព្យសម្បត្តិ​សរុប​ដែល​យើង​មាន យើង​ត្រូវ​យក​មក​ដក​ជាមួយ​បំណុល​ដែល​យើង​កំពុង​ជំពាក់ ឬ​ជាប់​ជាមួយ​ធនាគារ​ជាដើម​(​មិន​រាប់​អ្នក​មិន​មាន​បំណុល​នោះ​ទេ​) ។

លោក​បាន​បន្ត​ថា «​ទ្រព្យសម្បត្តិ​សរុប​របស់​យើង គឺជា​ទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​យើង អាច​មាន​ដូច​ជា ផ្ទះ ឡាន ដី អគារ គ្រឿងអលង្ការ ឬ​សំភារៈ​ប្រើប្រាស់​នានា លុយ​ដែល​មាន​ក្នុង​ធនាគារ ក្នុង​ទូរ​ដែក ឬ​ក៏​លុយ​ដាក់​ក្រោម​គ្រែរ​។​ល​។ ប៉ុន្តែ​សួរ​ថា តើ​ទ្រព្យសម្បត្តិ​ទាំងអស់​នឹង​បាន​លុយ​មកពីណា ដើម្បី​យក​ទៅ​ទិញ​វា ដូចនេះ​វា​អាច​មាន​ពីរ​ប្រភេទ ទី​១ ប្រភព​លុយ​នោះ​បាន​មក​ពី​ខ្លួនឯង​ផ្ទាល់ ដែល​យើង​រកស៊ី​បាន​នឹង​យើង​យក​ទៅ​ទិញ​របស់របរ យើង​យក​ទៅ​វិនិយោគ​លើ​អចលនទ្រព្យ​នានា ។

ហើយ​ប្រភព​ទី​២​ទៀត វា​អាច​បាន​មក​ពី​លុយ​ដែល​ជា​ប្រភេទ​បំណុល ដូចនេះ​មាន​បងប្អូន​ខ្លះ បាន​លុយ​ទិញ​របស់​ទាំងនោះ ដោយសារ​ការ​ជំពាក់ ឬ​ការ​ខ្ចី​លុយ​គេ​ទិញ ។ ដូចនេះ​បំណុល​អាច​មាន​ប្រភព​មក​ពី បងប្អូន មិត្តភក្តិ ឬ​ក៏​អាច​ខ្ចី​ពី​ធនាគារ និង​ពី​មីក្រូហិរញ្ញវត្ថុ​ជាដើម ចឹ​ង​បំណុល​ទាំងនេះ អ្នកខ្លះ​ខ្ចី​លុយ​ដើម្បី​ការ​វិនិយោគ​របស់​គាត់​ទៅ​លើ​អចលនទ្រព្យ រីឯ​អ្នកខ្លះ​ទៀត​ខ្ចី​ឬ​មាន​បំណុល​ដោយសារ ទិញ​ឡាន​ទំនើប ទិញ​សំភារៈ​ថ្លៃ​ៗ ដូច​ជា​ទូរស័ព្ទ ឬ​ម៉ូតូ​ជាដើម ។ ដូចនេះ​លុយ​ដែល​យើង​ប្រើ​នេះ វា​អាច​ចេញ​មក​ពី​ទុន​ខ្លួនឯង និង​ទុន​ដែល​យើង​ខ្ចី​ពី​បំណុល​។

ដូចនេះ​លោក​ថា បើ​យើង​យក​ទ្រព្យសម្បត្តិ​ទាំងអស់​មក​បូក​ដក ជាមួយ​បំណុល​ហើយ ចឹ​ង​យើង​អាច​ដឹង​ហើយ​ថា យើង​សល់​ប៉ុណ្ណា តើ​យើង​ចង់​សល់​បំណុល​ច្រើន​ជាង​ទ្រព្យសម្បត្តិ​សុទ្ធ​ឬ​យ៉ាងណា ចឹ​ង​យើង​អាច​ប្រើ​វិធីសាស្ត្រ​នេះ​បាន​។ ហើយ​វា​ក៏​អាច​ជួយ​យើង ឱ្យ​ដឹង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​សល់​ទ្រព្យ​ប៉ុណ្ណា ដូចនេះ​យើង​ត្រូវ​ធ្វើការ​ប្រៀបធៀប​វា​ប្រចាំឆ្នាំ​ផង​ដែរ​។ វា​ក៏​បាន​ជួយ​ក្នុង​ការ​វាស់វែង ថា​តើ​មួយ​ឆ្នាំ​ៗ​នឹង យើង​បាន​ធ្វើ​សកម្មភាព​ត្រូវ ដើម្បី​បង្កើន​ទ្រព្យ​យើង​ឬ​អត់​។ នៅ​ស្រុក​ក្រៅ គេ​គណនា​បែប​នេះ ទើប​ដឹង​ថា​អ្នកជា​សេដ្ឋី​លំដាប់​ទី​ប៉ុន្មាន ហើយ​គេ​ដឹង​ថា​សេដ្ឋី​ណា មាន​លុយ​ប៉ុណ្ណា សល់​ទ្រព្យ​ប៉ុណ្ណា​។ លោក​បាន​បន្ត​ថា មិនមែន​បំណុល​ទាំងអស់​សុទ្ធតែ​មិនល្អ​នោះ​ទេ បំណុល​ខ្លះ​យើង​មាន​ដើម្បី​បង្កើន​ទ្រព្យ តែ​បំណុល​ខ្លះ​ទៀត​ធ្វើ​ឱ្យ​មិន​ចំណេញ​នោះ​ទេ​។

លោក ស៊ា​ន ធនិន បាន​និយាយ​ថា «​ការ​បង្កើន​ទ្រព្យសម្បត្តិ​ប្រចាំឆ្នាំ​មាន​ពីរ​ព​ប្រភេទ ទី​១ ទ្រព្យ​ដែល​បង្កើន​តំលៃ មាន​ដូច​ជា​ការ​ទិញ ដី ផ្ទះ អគារ ខុន​ដូរ ជាដើម ទាំងនេះ​ពី​ឆ្នាំទៅ​មួយ​ឆ្នាំ​កើន​តំលៃ ហើយ​អាច​ឡើង​ដល់​កំ​រឹត​ខ្ពស់​ទៀត​ផង​។ ទ្រព្យ​ទី​២ គឺ​ទ្រព្យ​បន្ថយ​តំលៃ មាន​ដូច​ជា ឡាន ម៉ូតូ ទូរស័ព្ទ​ទំនើប​ៗ ជាដើម​។ ឧទាហរណ៍​ថា មាន​លុយ ៤​ទៅ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មនុស្ស​ម្នាក់​យក​ទៅ​ទិញ​ដី មនុស្ស​ម្នាក់​ទៀត​យក​ទៅ​ទិញ​ឡាន​ទំនើប​ថ្មី ចឹ​ង​មួយ​ឆ្នាំ​ក្រោយមក តើ​ឡាន​ទំនើប​នោះ​អាច​លក់​កើន​តំលៃ​ឬទេ ចុះ​ងាក​មក​មើល​អ្នក​យក​ទៅ​ទិញ​ដី​វិញ មួយ​ឆ្នាំ​ក្រោយ​អាច​កើន​លើ​តំលៃ​ដែល​យើង​បាន​ទិញ នេះ​បើសិនជា​ចំ​កន្លែង​អភិវឌ្ឍ​ណាមួយ​»​។

ដូចនេះ​ប្រសិនបើ​យើង​យក​លុយ​ដែល​យើង​មាន​ទៅ​បង្កើន​លើ​ទ្រព្យ ដែល​ធ្លាក់​តំលៃ​ជា​ប្រចាំឆ្នាំ នោះ​វា​នឹង​ទាញ​ទ្រព្យសម្បត្តិ​សុទ្ធ​ប្រចាំឆ្នាំ​របស់​យើង​ថយ​ចុះ​ហើយ​។ មាន​អ្នកខ្លះ​លោក​សួរ​លោក​ថា ចឹ​ង​មាន​តែ​មិនបាច់​មាន​របស់របរ​ប្រើប្រាស់ ឬ​ជិះឡាន​ជិះ​អី​ទេ​ឬ? លោក​ក៏​បាន​បន្ត​ឆ្លើយ​ថា វា​ពិតជា​មានបាន ប៉ុន្តែ​ត្រូវ​មានការ​គិតពិចារណា​ខ្ពស់​មុន​សម្រេចចិត្ត កុំ​ធ្វើខ្លួន​ហឺ​ហារ ឬ​ប្រើប្រាស់​របស់​លើស​ពី​សមត្ថភាព​របស់​ខ្លួន​។ លោក​ក៏​បាន​បន្ថែម​ថា ដូចនេះ​សរុប​មក មនុស្ស​ម្នាក់​ៗ តែង​មាន​ជំរើស​រៀង​ៗ​ខ្លួន​ក្នុង​ជីវិត​របស់​ពួក​គេ ចង់​កើន​ទ្រព្យ​វិនិយោគ​លើ​ទ្រព្យ​ដែល​កើន​ទ្រព្យ ចង់​ហឺ​ហារ​ទិញ​របស់​ដែល​ថយ​ការ​កើន​ទ្រព្យ​។

លោក​បាន​បន្ត​ថា ងាក​មក​បំណុល​វិញ​ម្តង មិនមែន​បំណុល​ទាំងអស់​សុទ្ធតែ​អាក្រក់​នោះ​ទេ បំណុល​ខ្លះ​ល្អ យើង​ខ្ចី​គេ​មក​ដើម្បី​ទិញ​ដី ផ្ទះ អចលនទ្រព្យ​នានា ឬ​បើក​អាជីវកម្ម​នានា ដែល​វា​នឹង​បាន​ផល​ច្រើន​មក​វិញ​។ រីឯ​បំណុល​មួយ​ប្រភេទ​ទៀត​នោះ គឺ​បំណុល​ដែល​មិន​បាន​ចំណេញ​មក​វិញ ឧទាហរណ៍​ថា យើង​ទៅ​បង់​រំ​លោះ ម៉ូតូ ឡាន ទូរស័ព្ទ ទំនើប​ៗ សម្រាប់​ហឺ​ហារ ទាំងនេះ​ជា​បំណុល​ដែល​យើង​ប្រើប្រាស់​ខុស​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ