ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានសម្តែងនូវការហួសចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ខណ:មាន់ចិញ្ចឹមរបស់ខ្លួនបាត់ជារៀងរាល់ថ្ងៃ ដែលអ្នកខ្លះបាត់ជាង២០ក្បាល ខ្លះបាត់មេមាន់ទើបនឹងញាស់ចោលកូនតូចៗយំពេញទ្រុងរីឯខ្លះទៀតបាត់រហូតដល់ស្ងាត់អស់ពីទ្រុងតែម្តង ។
មាន់ទាំងនេះគឺពួកគាត់ចិញ្ចឹមជាលក្ខណ:គ្រួសារ ដោយលែងឱ្យដើរស៊ីចំណីនៅក្បែរៗផ្ទះ ។
ចំណែកអ្នកខ្លះទៀត ទិញពូជមាន់ជល់តម្លៃរាប់រយដុល្លារ ពេលលែងតែមួយភ្លែតក៏បាត់ស្រមោលតែម្តង ។
អ្វីដែលហួសចិត្តនោះ គឺក្រោយពីតាមដានគ្រប់គ្នាទៅ ស្រាប់តែឃើញអង្គប់ជាប់មាន់នៅក្នុងដីឡូត៍មួយកន្លែង កាលពីវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅកន្លែងស្តុកសំរាមដែលមានមេការឈ្មោះ ចិន នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីពលរដ្ឋឈ្មោះ ប៉េង អាន ហៅប្រុស អាយុ៤៥ឆ្នាំ បានរៀបរាប់ថា គាត់ធ្លាប់បាត់មាន់អស់ជាច្រើនក្បាលមកហើយ ដោយបាត់ទាំងមេបណ្តើរកូន បាត់មាន់ឈ្មោលទុកធ្វើបា និងបាត់មាន់ទម្ងន់ជិត១គីឡូក្រាមអស់ជាច្រើនក្បាល ហើយបាត់តែពេលថ្ងៃប៉ុណ្ណោះ ។
គាត់និយាយទៀតថា ពេលឃើញមាន់របស់ខ្លួនបាត់កាន់តែច្រើនឡើងៗ ខណ:លែងឱ្យដើរស៊ីចំណីនៅក្បែរៗផ្ទះ ក៏មានការសង្ស័យ ទើបចាប់ផ្តើមតាមសង្កេតមើល ស្រាប់តែប្រទះឃើញមានគេដាក់អង្គប់១យ៉ាងធំ នៅក្នុងដីជាកន្លែងស្តុកសំរាមដែលមានម្ចាស់ឈ្មោះ ចិន ។ ភ្លាមៗនោះគាត់ក៏ប្តឹងអនុប្រធានភូមិប៉ាហ៊ីត្បូង ឱ្យទៅពិនិត្យ និងប្តឹងនគរបាលប៉ុស្តិ៍ប៉ៃលិនផងដែរ ។
ចំណែកអ្នកផ្សេងទៀតមានការហួសចិត្តយ៉ាងខ្លាំង ខណៈឃើញអ្នកជិតខាងដាក់អង្គប់ចាប់មាន់នៅក្បែរៗផ្ទះរបស់ខ្លួនបែបនេះ គឺមានដាក់នុយជាអង្ករ និងចំណី ដើម្បីពេលមាន់ចូលស៊ីគឺភ្លាត់ជាប់តែម្តង មិនថាមាន់ធំ ឬតូចនោះឡើយ ។
ពួកគាត់ជាម្ចាស់មាន់និយាយថា មិនសុខចិត្តឱ្យអ្នករស់នៅផ្ទះក្បែរគ្នាបន្តប្រព្រឹត្តអំពើបែបនេះ
ទេ គឺចង់ឱ្យនគរបាលចាត់ការតាមនីតិវិធី ដោយអប់រំធ្វើកិច្ចសន្យាឱ្យរាងចាល ។
ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ប៉ៃលិនបានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធ នឹង
ម្ចាស់ផ្ទះលួចដាក់អង្គប់ចាប់មាន់របស់អ្នកភូមិរាល់ថ្ងៃ ហើយបានចុះទៅពិនិត្យជាក់ស្តែង ខាងប៉ុស្តិ៍នឹងកោះហៅបុរស៤នាក់ ជាកម្មករដឹកជញ្ជូនសំរាមក្រុងប៉ៃលិនទៅសាកសួរបំភ្លឺ ព្រោះមានភ័ស្តុតាងពិតប្រាកដ ៕
ចែករំលែកព័តមាននេះ