ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អំឡុង​កូ​វី​ដ​១៩ កូន​ង្កែ​ប​មាន​ទីផ្សារ​ខ្ពស់​ភ្ញាស់​មិន​ទាន់​អ្នកទិញ​យក​ទៅ​ចិញ្ចឹម

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នរណា​នឹក​ស្មាន​ដល់​ថា វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​លើ​ពិភពលោក​រង្គោះរង្គើ រួម​ទាំង​កម្ពុជា​ផង​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ និង​វិស័យ​សំណង់​នោះ…

ខេត្តស្វាយរៀង ៖ នរណា​នឹក​ស្មាន​ដល់​ថា វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​លើ​ពិភពលោក​រង្គោះរង្គើ រួម​ទាំង​កម្ពុជា​ផង​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ អាកាសចរណ៍ សណ្ឋាគារ និង​វិស័យ​សំណង់​នោះ បែរជា​វិបត្តិ​ជំងឺឆ្លង​មួយ​នេះ​ផ្តល់​ឱកាស​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

ជាក់ស្តែង​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ នេះ​កូន​ង្កែ​ប​មាន​ទីផ្សារ​ខ្ពស់​ភ្ញាស់​មិន​ទាន់​អ្នកទិញ​យក​ទៅ​ចិញ្ចឹម ។ ប្រាកដ​ណាស់ បទ​ពិសោធន៍​តែងតែ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​មាន​ភាព​រីក​ចំរើន និង​អភិវឌ្ឍ​អ្វីមួយ​ឱ្យ​បាន​ល្អ​ប្រសើ​ជាង​មុន ។

តួយ៉ាង​ការ​បើក​កសិដ្ឋាន ឬ​ការ​ប្រកប​អាជីព​ជា​កសិករ​ជា​លើក​ដំបូង​របស់​យើង​ម្នាក់​ៗ សុទ្ធតែ​មាន​ឧបសគ្គ​ក៏​ដូច​ជា ការ​បរាជ័យ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​អាជីព​មួយ​នេះ គឺ​ការ​តាំងចិត្ត​និង​មិន​រា​ថយ​ក្នុង​ការ​បន្ត​ធ្វើ​វា បើ​ទោះបី​បរាជ័យ​ម្តង​ហើយ​ក៏​ដោយ ។

លោក សុខ សា​វន មាន​ទីលំនៅ ក្នុងភូមិ​ប្រ​សូត្រ ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង កំពុង​មមាញឹក​ក្នុង​ការ​ភ្ញាស់ និង​លក់​កូន​កង្កែប ហើយ​ពេល​ខ្លះ​ភ្ញាស់​មិន​ទាន់​អ្នក​មក​ទិញ​នោះ​ទេ ។

ក្នុង​វ័យ ៧៦​ឆ្នាំ លោក សុខ សា​វន បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី ២៥ ខែ សីហា នេះ​ថា «​បច្ចុប្បន្ន ខ្ញុំ​ភ្ញាស់​កូន​កង្កែប​មិន​ទាន់​អ្នកទិញ​ទេ ហើយ​ទើបតែ​មួយ​រយៈ​កូ​វី​ដ​១៩​នេះ ខ្ញុំ​លក់​បាន​ច្រើន​ជា​ពេល​ណា​ទាំងអស់​។ នេះ​ប្រហែលជា​ប្រទេស​វៀតណាម​គេ​បិទ​ព្រំដែន ដូចនេះ​គេ​ចេញចូល​មិន​បាន អ៊ីចឹង​ប្រជាជន​ក្នុងស្រុក​ទិញ​របស់​ក្នុងស្រុក​យើង​។

ចំពោះ​ប្រាក់​ចំណូល ក្នុង​១​វគ្គ​ៗ អាច​រក​ចំណូល​បាន ៨​លាន​រៀល​»​។ កូន​កង្កែប​ដែល​លោក​លក់ គឺ​មាន​អាយុ​ចាប់ពី ១​ខែ​កន្លះ​ឡើង​ទៅ ទើប​អាច​លក់​បាន ហើយ​កូន​កង្កែប​មួយ​ក្បាល​លោក​លក់​ក្នុង​តំលៃ ៥០០​រៀល ឡើង​ទៅ​។ ចំពោះ​ការ​ចិញ្ចឹម​ដើម្បី​លក់​វិញ គេ​អាច​ចិញ្ចឹម​ក្នុង​រយៈពេល​៣​ខែ​អាច​លក់​បាន​ហើយ​។ មួយវិញទៀត​បើ​លក់​យក​សាច់ អាច​ចាប់ពី ១​ម៉ឺន​រៀល​ក្នុង ១​គីឡូ គ្រាម​ឡើង​ទៅ​។

លោក​បន្ត​ថា​កង្កែប​របស់​លោក បាន​ទិញ​ពូជ ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ប៉ុន្តែ​លោក​ថា កង្កែប​មក​ពី​ប្រទេស​ថៃ ធំ​យឺត​ជា កង្កែប​មក​ពី​ប្រទេស​វៀតណាម ។ ចំពោះ​ចំណី​សត្វ​កង្កែប លោក​បាន​ទិញ​ពី​ក្រុមហ៊ុន ដោយ​ក្នុង​មួយ​កា​រ៉ុ​ង ប្រមាណ ៥០ គីឡូរ​ក្រាម ក្នុង​តំលៃ ១១​ម៉ឺន​រៀល​។

លោក សុខ សា​វន បាន​បន្ត​ថា​ក្នុង​ការ​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០១៩ លោក​មាន​ត្រឹមតែ ៤​ទៅ​៥​ទ្រុង​នោះ​ទេ ដោយឡែក​នា​ពេល​បច្ចុប្បន្ន លោក​មាន​ជាង ២០​ទ្រុង ក្នុង​ការ​បង្កាត់​និង​ភ្ញាស់​កូន​កង្កែប ដែល​ក្នុង​នោះ​លោក​បាន​ភ្ញាស់​កូន​កង្កែប ជាង​១០​ម៉ឺន​ក្បាល​ហើយ ប៉ុន្តែ​លោក​ក៏​បាន​លក់​ទៅ​វិញ​បាន​ជាង ៧​ទៅ​៨​ម៉ឺន​ក្បាល​ផង​ដែរ ។

ថ្មី​ៗ​នេះ​លោក​លក់​ក៏​បាន​ជាង ១​ម៉ឺន​កូន និង​ខាង​មន្ត្រី​កសិកម្ម​ក៏​បាន​ទិញ​ពី​លោក ១​ម៉ឺន​ក្បាល​ផង​ដែរ​។ លោក​បន្ត​ថា «​សត្វ​កង្កែប​ស្រួល​ចិញ្ចឹម​ជាង​សត្វ​ត្រី ហើយពី​មុន​ខ្ញុំ​ចិញ្ចឹម​ទាំង​ត្រី​និង​កង្កែប ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ផ្តោត​សំខាន់​តែ​លើ​ការ​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប ហើយ​ខ្ញុំ​ក៏​មាន​កម្មករ ៤​ទៅ​៥​នាក់​សម្រាប់​ជួយ​ផង​ដែរ​»​។

មុន​ទទួល​បាន​ភាព​ជោគជ័យ លោក សុខ សា​វន បាន​ជួប​នូវ​ភាព​បរាជ័យ​ម្តង​រួច​មក​ហើយ ដោយ​ការ​សាកល្បង​ចិញ្ចឹមសត្វ​កង្កែប ដើម្បី​យក​សាច់ ប៉ុន្តែ​ត្រូវ​បាន​ងាប់​អស់ រាប់​ពាន់​ក្បាល ដោយពេល​នោះ​លោក​មិន​ទាន់​មានបទពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​។ លោក​ថា លោក​មើល​តែ​ក្នុង youtube ហើយ​ក៏​ចាប់ផ្តើម​ចិញ្ចឹម ប៉ុន្តែ​ការ​អនុវត្ត​មិនមែន​បែប​នោះ​ទេ​។ លោក​បាន​បន្ត​ថា «​កង្កែប​របស់ខ្ញុំ​ងាប់​រាប់​ពាន់​ក្បាល​ដោយសារ ខ្វះ​ចំណី និង​មិន​ឧស្សាហ៍​ប្តូរ​ទឹកជា​ដើម ដូចនេះ​បន្ទាប់​ពី​មានបទពិសោធន៍​នេះ​ហើយ ខ្ញុំ​រៀន​ជាក់ស្តែង​ពី​អ្នក​មុន​ៗ ហើយនឹង​រៀន​បន្ថែម​ទៀត​ពី youtube​។ បន្ទាប់​ពី​ការ​ចេះ​ចិញ្ចឹម​មក ខ្ញុំ​ក៏​បាន​អភិវឌ្ឍ​ខ្លួន ដើម្បី​ឱ្យ​ចេះ បង្កាត់ និង​ភ្ញាស់​កូន​ប​ង្កែ​ប​តែ​ម្តង​»​។

ដោយ​ឃើញ​ថា វា​មាន​តម្រូវការ​ទីផ្សា​ច្រើន លោកពូ កំពុង​រៀបចំ​ពង្រីក​អាជីវកម្ម​នេះ​ជា​បណ្តើរ​ៗ​ផង​ដែរ​។ ថ្មី​ៗ​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​លើកទឹកចិត្ត និង​គាំទ្រ​ចំពោះ​គម្រោង​ពង្រីក​ផលិតកម្ម​ភ្ញាស់​កូន​កង្កែប ព្រោះ​វា​នឹង​ជួយ​ផ្គត់ផ្គង់​កូន​កង្កែប​ឲ្យ​បាន​គ្រប់​គ្រប់ មាន​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ចង់​ចិញ្ចឹម​ក្នុង និង​ក្រៅ​តំបន់​នេះ និង​សុំ​ជួយ​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ ដល់​កសិករ​ដែល​មក​ទិញ​កូន យក​ទៅ​ចិញ្ចឹម​ផង​ដែរ ដើម្បី​រួម​គ្នា​ផលិត​កង្កែប​សាច់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ