ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រោះស្ពានសម័យបារាំង​​ និង​មាន​​បញ្ជា​​ឱ្យ​កាយដី​​​លុប​វិញ​បន្ទាន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០២០ បាន​បញ្ជា​ឱ្យ​ឈ្មួញ​ដែល​កាយ​ដី​ចំណី​មាត់​ស្ទឹង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​រហូត​កាយ​ដល់សសរស្ពាន​ដែក…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ
២០២០ បាន​បញ្ជា​ឱ្យ​ឈ្មួញ​ដែល​កាយ​ដី​ចំណី​មាត់​ស្ទឹង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​រហូត​កាយ​ដល់សសរស្ពាន​ដែក ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ឱ្យ​ចាក់​ដី​លុប​ហើយ​កិន​បង្ហាប់ដូច​ដើម​វិញ ។ ឯកឧត្តម​អភិបាលខេត្ត ថ្លែង​ថា កាលពី​ថ្ងៃ​ទី
២០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​បាន​ទទួល​ព័ត៌មាន​ថា មាន​ឈ្មួញ​លួច​កាយ​ដី​ចំណី​មាត់​ស្ទឹង​ហើយ​ថ្លើមធំ​ហ៊ាន​កាយ​រហូត​ដល់​ជើង​ស្ពានដែក​ពី​សម័យ​បារាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ ដែល​បង្ក​ការ​ប្រឈម​គ្រប់​បែប​យ៉ាង ។

ឯកឧត្តម​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ដែល​មាន​កងរាជអាវុធហត្ថ​និង​នគរបាល​ចុះ​ទៅ​ហាមឃាត់និង​ឃាត់​ចាប់​គ្រឿងចក្រ​មាន​អេ​ស្កា​វ៉ា​ទ័​រ​៣​គ្រឿង រថយន្ត​ដឹក​ដី​៩​គ្រឿង និង​ប៊ុល​ដូ​ហ្សែ​៊​រ​១​គ្រឿង នាំ​យក​ទៅ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ដើម្បី​មាន​វិធានការ​តាម​ច្បាប់ ។ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ចាប់​គ្រឿងចក្រ​ដែល​កាយ​ដី​ចំណី​មាត់​ស្ទឹង​ទឹកថ្លា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ឯក​ឧត្តម​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​និង​ពិភាក្សា និង​បាន​តម្រូវ​ឱ្យ​ឈ្មួញ​ដែល​កាយ​ដី​ចំណី​មាត់​ស្ទឹង​នៅ​ចំណុច​ខាងលិច​ជាប់​ស្ពាន​ទឹកថ្លា និង​កាយ​រហូត​ដល់​សសរ​ស្ពានដែក​សម័យ​បារាំង ដោយ​សម្រេច​ឱ្យឈ្មោះ អុ​ឹ​ង ប៊ុ​ន​ហួរ ថៅកែ​ឡឥដ្ឋ ដែល​កាយ​ដី​ចំណី​មាត់​ស្ទឹង​គ្មាន​ច្បាប់​អនុញ្ញាត​នេះ ចាក់​លុប​ចំណី​មាត់​ស្ទឹង​និង​សសរ​ជើង​ស្ពាន​ឱ្យ​ដូច​ដើម​វិញ​ហើយ​កិន​បង្ហាប់ ។

ចំណែក​ម្ចាស់​ឡឥដ្ឋ​ឈ្មោះ អុ​ឹ​ង ប៊ុ​ន​ហួរ និយាយ​ថា ជា​ការ​ពិត គាត់​ធ្វើ​ឡឥដ្ឋ​នៅ​ក្បែរ​មាត់​ស្ទឹង​ទឹកថ្លា​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​កាយ​ដី​ចំណី​មាត់​ស្ទឹង​យក​មក​ធ្វើ​ឥដ្ឋ​រហូត​មក មិន​ដែល​មាន​បញ្ហា​ទេ ដោយ​គ្រាន់តែ​អាជ្ញាធរ​ភូមិ សង្កាត់​បានដឹង ។លុះ​ក្រោយមក ដោយ​ឃើញ​ថា​ចំណី​មាត់​ស្ទឹង​ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា​គោក​រាក់ ទើប​គាត់​កាយ​ដី​យក​ទៅ​ដាក់​នៅ​ចំណុច​ដី​ល្វែង តែ​ដោយ​ក្រុម​អ្នក​កាយ​ដី​បាន​កាយ​ដល់​ជើង​សសរស្ពាន​ដែល​បង្ក​ផល​ប៉ះពាល់ ហើយ​អាជ្ញាធរ​ក្រុង​សិរី​សោ​ភ័ណ និង​ខេត្ត បាន​មក​ពិនិត្យ​ឃើញ​ខុស​ឱ្យ​ចាក់​ដី​លុប​វិញ គឺ​គាត់​ធ្វើ​តាម​ការ​ណែនាំ​ដោយ​គ្មាន​ជំទាស់​ឡើយ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណបាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ក្រុង ទៅ​ណែនាំ​លោក​អុ​ឹ​ង ប៊ុ​ន​ហួរ ម្តង​ហើយព្រោះ​គាត់​បាន​ឲ្យ​កម្មករ​និង​គ្រឿងចក្រ​របស់​គាត់កាយ​យក​អាចម៍ដី​ពី​មាត់​ស្ទឹង និង​ចំណី​ស្ទឹងសិរី​សោភ័ណ​ត្រង់​ក្បាល​ស្ពាន​ទឹកថ្លា​ក្នុង​ទំហំប្រមាណ​ជិត​៣០.០០០​ម៉ែត្រក្រឡា ដើម្បី​យក​ធ្វើជា​កម្ម​សិទ្ធិឯកជន​ម្តង​រួច​មក​ហើយ ។ ប៉ុន្តែ​ទោះបីមានការ​ហាមឃាត់​ក្តី ក៏​លោក អុ​ឹ​ង ប៊ុ​ន​ហួរ នៅតែ​បន្ត​ឲ្យ​កម្មករ​និង​គ្រឿងចក្រ​របស់​គាត់បន្ត​កាយ​យក​អាចម៍ដី​ពី​មាត់​ស្ទឹង​ដដែល​ដោយមិន​ញញើត​នឹង​ច្បាប់​ឡើយ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ បាន​ត្រូ​ត​ពិនិត្យ​លម្អិត​បន្ថែម​ទៀត​លើ​សកម្មភាព​រំលោភ​ខាងលើ ហើយនឹង​ប្រើ​ឧបករណ៍​និយាម​ការ​ភូមិសាស្ត្រ​(GPS)​ចុច​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ជាក់លាក់ ។លោក​អភិបាលក្រុង បាន​បញ្ជាក់​ថា លើក​ទី​១-​លោក​ចុះ​ទៅ​ឲ្យ​បញ្ឈប់​ការ​កាយ លើក​ទី​២-​លោក​ចុះ​ទៅ​ឃាត់​រថយន្ត​ដឹក​ដី​៩​គ្រឿង ត្រាក់ទ័រ​១​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​៣​គ្រឿង ធ្វើ​កិច្ចសន្យា បើ​មាន​លើក​ក្រោយ​ទៀត​នឹង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ។

ស្ពានដែក​ដែល​កសាង​ពី​សម័យ​បារាំង​មាន​អាយុកាល​ជិត​៩០​ឆ្នាំ
លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័​ណ បាន​ប្រាប់​ថា ស្ពានដែក​ដែល​ត្រូវ​បាន​កសាងនៅ​សម័យ​បារាំង មក​ដល់​បច្ចុប្បន្ន​មាន​អាយុកាល​ជិត​៩០​ឆ្នាំ​ហើយ ។ ក្រោយ​ពេល​ចាត់​វិធានការ​ឱ្យ​ឈ្មួញ​កាយ​ដី​លុប​សសរស្ពាន​វិញ លោកជំទាវ ម៉ៅ ម៉ា​ល័យ ភរិ​យា​​ឯកឧត្តម​ឧ​ប​នាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​ណែនាំ​ឱ្យ​មន្ត្រីរាជការ​និង​កង​កម្លាំង យក​ថ្នាំ​ពណ៌​ច្រែះ​ឬ​ពណ៌​ឈាម​ជ្រូក​ទៅ​លាប ដើម្បី​លម្អ​ស្ពានដែក​ដែល​កសាង​ពី​សម័យ​បារាំង​នេះ​រក្សា​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

លោក សុក ចាន់​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ថ្លែង​ថា ស្ពានដែក​នេះ​ត្រូវ​បាន​កសាង​និង​ជា​កេរដំណែល​សម័យ​អាណានិគម​និយម​បារាំង​នៅ​ឆ្នាំ​១៩៣១ ដែល​ជា​ដែក​ប្រភេទ UVHL ធ្វើ​ឆ្លងស្ទឹង​ទឹកថ្លា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត​ភ្ជាប់​ពី​ក្រុង​សិរី​សោភ័​ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ក្រោយ​ពេល
ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥ និង​កសាង​ស្ពានបេតុង​ថ្មី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​ស្នើ​សុំ​ទុក​ស្ពានដែក​ដែល​កសាង​ពី​សម័យ​បារាំង​ដែល​មាន​អាយុកាល​រហូត​ពេល​នេះ​៨៩​ឆ្នាំ​ហើយ ដើម្បី​រក្សា​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ស្ពានដែក​នេះ​ជា​អនុ​ស្សារី​យ៍​ដែល​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ធ្លាប់​នៅ​ការពារ​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ