ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​វ័យ​ជំទង់​ជាង​៩០% អាច​ស្គាល់​ប្រភេទ​អាហារ​យ៉ាងតិច​ចំនួន​៥ ក្នុង​ចំណោម​១០​ប្រភេទ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ តាម​ការ​វាយតម្លៃ​ចុង​ក្រោយ​នៃ​គម្រោង​រយៈពេល​បី​ឆ្នាំ​របស់​អង្គការ Save the Children បាន​បង្ហាញ​ថា គម្រោង​របស់​អង្គការ​បាន​បង្កើន​ចំណេះដឹង​ស្តី​ពី​អាហារូបត្ថម្ភ​ដល់​កុមារ​វ័យ​ទាំង​ពីរ​ភេទ​ជាង​៩០% អាច​ស្គាល់​ប្រភេទ​អាហារ​យ៉ាងតិច​ចំនួន​៥ ក្នុង​ចំណោម​១០​ប្រភេទ…

ខេត្តកំពង់ចាម ៖ តាម​ការ​វាយតម្លៃ​ចុង​ក្រោយ​នៃ​គម្រោង​រយៈពេល​បី​ឆ្នាំ​របស់​អង្គការ Save the Children បាន​បង្ហាញ​ថា គម្រោង​របស់​អង្គការ​បាន​បង្កើន​ចំណេះដឹង​ស្តី​ពី​អាហារូបត្ថម្ភ​ដល់​កុមារ​វ័យ​ទាំង​ពីរ​ភេទ​ជាង​៩០% អាច​ស្គាល់​ប្រភេទ​អាហារ​យ៉ាងតិច​ចំនួន​៥ ក្នុង​ចំណោម​១០​ប្រភេទ ក្នុង​ខេត្តកំពង់ចាម បើ​ប្រៀបធៀប​ជាមួយ​ការ​ចាប់ផ្តើម​គម្រោង​ដំបូង​ដោយ​មាន​ប្រមាណ​ត្រឹមតែ ២២% ប៉ុណ្ណោះ​ដែល​បានដឹង ។

គម្រោង​នេះ​មាន​គោលដៅ​ធ្វើ​ឱ្យ​លទ្ធផល​អាហារូបត្ថម្ភ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ចំណោម​ក្រុម​មនុស្ស​វ័យ​ជំទង់​ទាំង​បុរស និង​ស្ត្រី​ដែល​មាន​វ័យ​១៥ ដល់​១៩​ឆ្នាំ ចំនួន​៥​ពាន់​នាក់ នៅ​ក្នុង​សាលា​ចំនួន​៧ ដែល​ស្ថិត​ក្នុងស្រុក​ចំនួន​២​នៃ​ខេត្តកំពង់ចាម ។

លោកស្រី​អេ​លី​ហ្សា​ប៊ែ​ត ភៀស Elizabeth Pearce នាយិកា​នៃ​អង្គការ Save the Children ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា​«​យើង​ឃើញ​មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន ចំពោះ​ឥរិយាបថ​របស់​កុមារ​វ័យ​ជំទង់​ដូច​ជា ពួក​គេ​ចាប់ផ្តើម​បរិភោគ​អាហារ​ពេល​ព្រឹក មិន​បរិភោគ​អាហារ​ឬ​ភេ​ជ្ជ​សៈ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ផ្អែម​ខ្លាំង និង​ចាប់ផ្តើម​បរិភោគ​អាហារ​ដែល​មាន​តុល្យភាព រួម​ទាំង​បន្លែ​និង​ផ្លែ​ឈើ​»​។

លោកស្រី Pearce បាន​គូសបញ្ជាក់​ទៀត​ថា គម្រោង​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ទៅ​លើ​សកម្មភាព​ដែល​មាន​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ដូច​ជា ការ​ប្រើប្រាស់​ទូរស័ព្ទ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ទៅ​លើ​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ជំទង់ ។ លោកស្រី​មាន​សុទិដ្ឋិនិយម​លើ​គម្រោង​នេះ​ថា សាលារៀន សហគមន៍ មណ្ឌល​សុខភាព និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នឹង​ទទួលខុសត្រូវ​បន្ត​លើ​សកម្មភាព​អាហារូបត្ថម្ភ​សម្រាប់​មនុស្ស​វ័យ​ជំទង់​ក្នុង​តំបន់​របស់​ពួក​គាត់​។

លោកស្រី​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​និរន្ត​ភាព​នៃ​គម្រោង វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នក​ពាក់ព័ន្ធ រួម​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​កម្មវិធី​ជាតិ​ស្តី​ពី​អាហារូបត្ថម្ភ​បន្ត​ប្រើប្រាស់​កញ្ចប់​សម្ភារៈ​អប់រំ ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបថ ក្នុង​ការ​អប់រំ​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ជំទង់ និង​ធានា​ពង្រីក​នូវ​ការ​អនុវត្ត​ល្អ​ទាំងនេះ​ទូ​ទាំង​ប្រទេស​។

យោង​តាម​ការ​ស្ទង់​មតិ​ប្រជាសាស្ត្រ​និង​សុខភាព​នៅ​កម្ពុជា​ឆ្នាំ ២០១៤ បានឱ្យ​ដឹង​ថា កុមារ​វ័យ​ជំទង់​ប្រមាណ​មួយ​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​គាំទ្រ​ផ្នែក​តម្រូវការ​អាហារូបត្ថម្ភ និង​សុខភាព​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ​។ ជាង​មួយ​ភាគ​បួន​នៃ​កុមារី​វ័យ​ជំទង់ មាន​បញ្ហា​ខ្វះ​ទម្ងន់ ខណៈ​ប្រមាណ​ជា​ពាក់កណ្តាល​នៃ​កុមារី​ទាំងនោះ​មាន​សភាព​ស្លេកស្លាំង​ទៀត​ផង​។

លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​គោលដៅ​បានឱ្យ​ដឹង​ថា កុមារី​វ័យ​ជំទង់​ភាគច្រើន​មិនសូវ​ខ្វាយខ្វល់​ពី​អាហារូបត្ថម្ភ ហើយ​ជា​ញឹកញាប់​ពួក​គេ​ចូល​ចិត្ត​បរិភោគ​អាហារ​សំបូរ​ខ្លាញ់​ច្រើន និង​ផ្អែម​ខ្លាំង​។ កត្តា​នេះ​ពិតជា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា និង​ការ​ផ្ចង់​ក្នុង​ថ្នាក់រៀន​របស់​ពួក​គេ​។ លោកស្រី Pearce បញ្ជាក់​ថា «​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ជំទង់​គួរតែ​ប​ញ្ចៀ​ប​ទៅ​ក្នុង​កម្មវិធី​សិក្សា​សាលា ក៏​ដូច​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អាហារូបត្ថម្ភ​របស់​រដ្ឋាភិបាល រួម​មាន​ផែនការ​សកម្មភាព និង គោលការណ៍​ណែនាំ​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ (NSFSN) ឆ្នាំ​២០១៩ ដល់​២០២៣»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​សមិទ្ធផល​នៃ​គម្រោង​នេះ កុមារ​វ័យ​ជំទង់​ចំនួន ៧៧​នាក់​(​ក្នុង​នោះ​មាន​ស្រី ៤៨​នាក់​) ត្រូវ​បាន​ជ្រើសរើស​ជា​ភ្នាក់ងារ​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ជំទង់​ក្នុង​សាលា​គោលដៅ និង​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ឱ្យ​ក្លាយជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់​ប្តូរ ដោយ​លើកកម្ពស់​ការ​អប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង ក្នុង​ចំណោម​មិត្ត​ភ័ក្តិ​របស់​ពួក​គេ អំពី​សុខភាព និង​អាហារូបត្ថម្ភ​។

អង្គការ Save the Children បាន​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ជំទង់ នៅ​ឆ្នាំ​២០១៨ ដោយ​ទទួល​បាន​មូ​និ​ធិ​ពី​ក្រុមហ៊ុន GSK ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​ធំ​ជាងគេ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ