រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតតារាចម្រៀង និងសម្តែងរតនៈ ពិសី បានប្រកាសប្តឹងអ្នកដែលបានហេគហ្វេសប៊ុករបស់នាង ។ កន្លងមកនាងបានជួបរឿងបែបនេះម្តងជាពីរដងរួចមកហើយ ។
កាលពីពេល ថ្មីៗនេះរតនៈ ពិសី បានព្រមានឲ្យអ្នកដែលបានហេគហ្វេសប៊ុករបស់នាងត្រៀមខ្លួនពីការប្តឹងរបស់នាង ដ្បិតនាងបានស្រាវជ្រាវស្គាល់អត្តសញ្ញាណរួចហើយ ។ តាមរយៈហ្វេសប៊ុករបស់ខ្លួនរតនៈ ពិសី បានសរសេរបង្ហោះសារថា «អ្នកពូកែហេគ អាខោនខ្ញុំត្រៀមខ្លួនចូលគុកឲ្យហើយទៅ ! ខ្ញុំដឹងទីតាំង ដឹងអត្ដសញ្ញាណអ្នកឯងហើយ ! ចាំថ្ងៃគេចូលធ្វើការវិញដឹងគ្នាហើយ ! លើកនេះ មិនឲ្យរួចខ្លួនទេ »។
រតនៈ ពិសី ថា លើកនេះនាងនឹងមិនលើកលែងឡើយ ហើយនាងនឹងធ្វើឲ្យចាស់ដៃតែម្តង ព្រោះរឿងបានកើតឡើងច្រើនសាហើយ ។
ករណីនេះមិនមែនទើបតែកើតមានឡើងសម្រាប់ រតនៈ ពិសី នោះឡើយ ពោលវាបានកើតឡើងស្រដៀងគ្នានេះមកលើនាងម្តងជាពីរដងរួចហើយ ។ កន្លងមកមានហ្វេសប៊ុកខ្លះបានប្រើប្រាស់់រូបភាពរបស់នាង និងបានបង្ហោះរូបអាសអាភាសជាបន្តបន្ទាប់ផងដែរ ។ ចំណុចនេះ រតនៈ ពិសី ធ្លាប់បានលើកឡើងថា មានម្ចាស់ហ្វេសប៊ុកខ្លះបានប្រើប្រាស់រូបរបស់នាង ដើម្បីជាការទាក់ទាញឲ្យមានអ្នកចូលមើលច្រើន ហើយខ្លះទៀតបានបង្ហោះរឿងផ្តេសផ្តាស ដែលនាងមិនបានដឹងខ្លួនឡើយ ។
រតនៈ ពិសី បញ្ជាក់ថា ប្រសិនបើម្ចាស់ហ្វេសប៊ុកទាំងអស់នោះយករូបនាងទៅភ្ជាប់ដោយបង្ហោះរឿង ធម្មតាៗនោះមិនអីទេ តែភាគច្រើនគឺយកទៅលេងដោយបង្ហោះរឿងផ្តេសផ្តាសច្រើន ។ ចំណុចនេះកន្លងមកនាងក៏បានព្រមានអ្នកទាំងអស់នោះបញ្ឈប់សកម្មភាពជាបន្ទាន់ មុនពេលនាងចាត់ការតាមផ្លូវច្បាប់ ។ រតនៈ ពិសី ជាតារាលេចធ្លោមួយដួងខាងបង្ហាញសម្រស់សិចស៊ី ៕
ចែករំលែកព័តមាននេះ