ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​បើករត់​ទាល់​តែ​ធ្លាក់​ទន្លេ ទើប​គាត់​​ស្ងៀម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​ឡិច​ស៊ី​ស​RX350 ក្នុង​ល្បឿន​លឿន​បាន​បុក​បង្គោល​ដែក ដែល​ដាក់​ហាម​មិន​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់​ផ្សារ​រាត្រី​ទីក្រុង​កោះ​ពេជ្រ ហើយ​មិន​ព្រម​ឈប់​ទេ បាន​ព្យាយាម​បើក​រត់គេចទៅ​បុក​រនាំង​ដែក​របស់​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ដាក់​បាំង​តាម​ដងផ្លូវ​ខ្ទាត​រាយ​ប៉ាយ​រង​ការ​ខូចខាត ។ ចំណែក​រថយន្ត​នោះ​ក៏​នៅ​តែ​បន្ត​បើក​រត់គេច…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​ឡិច​ស៊ី​ស​RX350 ក្នុង​ល្បឿន​លឿន​បាន​បុក​បង្គោល​ដែក ដែល​ដាក់​ហាម​មិន​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់​ផ្សារ​រាត្រី​ទីក្រុង​កោះ​ពេជ្រ ហើយ​មិន​ព្រម​ឈប់​ទេ បាន​ព្យាយាម​បើក​រត់គេចទៅ​បុក​រនាំង​ដែក​របស់​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ដាក់​បាំង​តាម​ដងផ្លូវ​ខ្ទាត​រាយ​ប៉ាយ​រង​ការ​ខូចខាត ។

ចំណែក​រថយន្ត​នោះ​ក៏​នៅ​តែ​បន្ត​បើក​រត់គេច រហូត​ជ្រុល​ទៅ​បុក​ទម្លុះ​ខឿន​ដែល​គេ​រៀប​លម្អ​បាំង​តាម​មាត់ច្រាំង​ទន្លេ បណ្តាល​ឲ្យ​រថយន្ត​ហោះ​ផ្លោង​ចូល​ទៅ​ក្នុង​ទឹកទន្លេ ត្រង់​ចំណុច​ក្បែរ​ស្ពាន​ឥន្ទធនូ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដដែល កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​កើតហេតុ ខណៈ​ពេល​កម្លាំង​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ដល់​វេលា​ដែល​ត្រូវ​ធ្វើការ​បិទ​ច្រក ផ្អាក​ឈប់​ឲ្យ​ចេញ​-​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​បរិវេណ​ទីក្រុង​កោះ​ពេជ្រ​ទៅ​ហើយ ។ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AF-9666 ក្នុង​ស្ថានភាព​ស្រវឹង​ជោក​តាម​បណ្តោយ​ផ្លូវ​វរជន ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ព្រោះ​អាង​យប់​ស្ងាត់ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​តម្រូវ​ឲ្យ​បត់​ឆ្វេង​ស្រប​តាម​មាត់ទន្លេ ពេល​នោះ​ស្រាប់តែ​រថយន្ត​ខាងលើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​បើកបរ​សំដៅ​ឆ្ពោះទៅ​ត្រង់ ។ រួច​ក៏​ជ្រុល​ទៅ​បុក​ទម្លុះ​ខឿន​ថ្ម​ដែល​គេ​រៀប​លម្អ​បាំង​មាត់ទន្លេ បណ្តាល​ឲ្យ​បែកបាក់​ខ្ទាត​រាយ​ប៉ាយ​រង​ការ​ខូចខាត​អស់​ទំហំ​ប្រវែង​ប្រមាណ​ប្រាំ​ម៉ែត្រ ។ រីឯ​រថយន្ត​ក៏​បាន​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយមក ​ក៏​មាន​កម្លាំង​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​បាន​មក​ដល់ និង​បាន​បញ្ជាក់​ថា រថយន្ត​បង្ក​នេះ​គឺ​បាន​ព្យាយាម​បើក​រត់គេច​ពី​ពួក​គាត់​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ។ នៅ​មុន​ពេល​កើតហេតុ រថយន្ត​នោះ​បាន​បើក​ទៅ​បុក​បង្គោល​ដែក​ដែល​ដាក់​បាំង​ហាម​មិន​រថយន្ត​បើក​ឆ្លងកាត់ នៅ​ត្រង់​ចំណុច​ច្រកចូល​ផ្សារ​រាត្រី​ទីក្រុង​កោះ​ពេជ្រ បណ្តាល​ឲ្យ​ខូចខាត​មួយ​បង្គោល ។

បន្ទាប់​មក​ពួក​គាត់​ក៏​បម្រុង​ហៅ​ម្ចាស់​រថយន្ត​ឲ្យ​ចុះ​មក​ដោះស្រាយ​គ្នា ប៉ុន្តែ​ពេល​នោះ​រថយន្ត​បង្ក​បែរជា​ព្យាយាម​បើក​រត់គេច​ខ្លួន ភ្លាម​នោះ​ពួក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​។ ពេល​ដែល​បើក​រត់គេច​ខ្លួន​រថយន្ត​នោះ​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​រនាំង​ដែក​ដែល​សម្រាប់​ដាក់​បិទផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​បន្តិច បន្តួច ។ ចំណែក​រថយន្ត​នៅ​តែ​បន្ត​បើក​រត់គេច​ទៅ​មុខជា​បន្ត​ទៀត រហូត​ជ្រុល​ទៅ​បុក​ធ្លាក់​ចូល​ទឹកទន្លេ​តែ​ម្ដង ។ ចំណែក​អ្នកបើកបរ​គេ​ឃើញ​បើកទ្វារ​រថយន្ត​ចេញ​ដើរ​យ៉ាង​ទ្រេតទ្រោត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​រួម​ទាំង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ