ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ចិញ្ចឹមត្រី និង​ភ្ញាស់​កូន​ត្រី​ក្នុង​សម័យ​កូ​វី​ដ​-១៩ បាន​កាក់កប​ខ្លាំង

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចំណាយ​ពេលវេលា​សឹងតែ​កន្លះ​ជីវិត​នឹង​អាជីវកម្ម​ភ្ញាស់​កូន​ត្រី បន្ទាប់​ពី​បាន​ខាតបង់ ម្តង​រួច​ហើយ តែ​មិន​រា​ថយ​នៅ​តែ​បន្ត​អនុវត្ត និង​រៀន​បន្ថែម​ពី​បច្ចេកទេស​នានា​រហូត​បាន​ទៅ​រៀន ពី​ក្រៅប្រទេស​ផង​ដែរ​។ ក្នុង​វ័យ​៦៦​ឆ្នាំ លោក…

ខេត្តកំពង់ស្ពឺ ៖ ចំណាយ​ពេលវេលា​សឹងតែ​កន្លះ​ជីវិត​នឹង​អាជីវកម្ម​ភ្ញាស់​កូន​ត្រី បន្ទាប់​ពី​បាន​ខាតបង់ ម្តង​រួច​ហើយ តែ​មិន​រា​ថយ​នៅ​តែ​បន្ត​អនុវត្ត និង​រៀន​បន្ថែម​ពី​បច្ចេកទេស​នានា​រហូត​បាន​ទៅ​រៀន ពី​ក្រៅប្រទេស​ផង​ដែរ​។ ក្នុង​វ័យ​៦៦​ឆ្នាំ លោក កែន ហេង បាន​ចាប់​អាជីព និង​បាន​ចំណាយពេល​ជា​ច្រើន ឆ្នាំ​ក្នុង​ការ​បើ​កសិដ្ឋាន​ភ្ញាស់​កូន​ត្រី​ទាំងនោះ​។ កាល​ដំបូង​នៃ​អាជីវកម្ម​នេះ​លោក មាន​ត្រឹមតែ​ស្រះ​ភ្ញាស់ កូន​ត្រី​ត្រឹមតែ​៤​ស្រះ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មាន​ស្រះ​ទឹក​ដល់​ទៅ​២០​ស្រះ​ឯនោះ និង​មានពូជ​កូន​ត្រី​ប្រហែលជា​៥​ប្រភេទ ដើម្បី​ធ្វើការ​បង្កាត់​ពូជ និង​ភ្ញាស់​។

កូន​ត្រី​ដែល​លោក​ភ្ញាស់​ហើយ លោក​លក់​កូន​១​ក្បាល តម្លៃ​ត្រឹមតែ​១០០​រៀល ហើយ​លោក​បាន​ណែរ​នាំ​ពី​វិធី​ចិញ្ចឹម​ផង​ដែរ​។ បច្ចុប្បន្ន ក្នុង​អំឡុង​កូ​វី​ដ​-១៩ ចាប់តាំងពី​ខែឧសភា​មក លោក​លក់​បានជា​មធ្យម​៥​ពាន់​ទៅ​៦​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ ដោយ​ចំនួន​នេះ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ​គឺ​ការ​លក់​បាន​ច្រើន​ជាង​ឆ្ងាយ​។ លោកពូ​បាន​បន្ត​ថា ក៏​ព្រោះ​គេ មិនដឹង​ជា​ទៅ​ណា និង​រក​អ្វី​ក្នុងអំឡុងពេល​នេះ ដូច្នេះ​គេ​នាំ​គ្នា​ចិញ្ចឹម​ត្រី និង​ដាំ​ដំណាំ​ផ្សេង​ក្នុង ចម្ការ​គេ​ទៅ អ្នកខ្លះ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ក៏​មាន​។ លោក កែន ហេង បាន​មាន​ប្រសាសន៍ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កាលពីមុន មួយ​ថ្ងៃ​ខ្ញុំ​លក់​បាន​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​អាច លក់​បាន​ពី​៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​»​។

លោក​បាន​បន្ត​ថា ទម្រាំ​លោក​ទទួល​បាន​ជោគជ័យ ដូច​ពេល​នេះ​គឺ​លោក​បាន​ដួល​ជា​ច្រើន​ដង​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​អំពី​ការ​បរាជ័យ​មុន​ៗ​ថា «​ខ្ញុំ​បាន​បរាជ័យ​ម្តង កាលពី​ឆ្នាំ​១៩៩៧ ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ ដោយ​ខ្ញុំ​ចិញ្ចឹម​ដាក់​បូកឡូក ចូល​ជាមួយ​ត្រី​ធំ​ៗ (​ត្រី​ផ្ទក់​) ដូចនេះ​ត្រី​ធំ​ៗ​ស៊ី​កូន​តូច​ៗ និង​ពងត្រី​ផ្សេង​ៗ​អស់​។ ពេល​នោះ​ខ្ញុំ​ខាតបង់ ១០០​ដុល្លារ​អា​មេ​រិ​ក ដែល​ជាដើម​ទុន​ដែល​ខ្ញុំ​បាន​ទិញ​កូន​ពូជ​ត្រី​យក​មក​ចិញ្ចឹម ដោយ​កូន​ត្រី​ទាំងនោះ មាន​ចំនួន ៤០០០​ក្បាល​»​។

បើ​ទោះបីជា​ខាតបង់​ក៏​ដោយ ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​មួយ​នេះ​មិន​បោះបង់​ទេ ដូចនេះ​លោក​បាន​ព្យាយាម​រក​មធ្យោបាយ​ថ្មី មិនយូរ​ប៉ុន្មាន លោក​បានការ​ណែនាំ និង​បង្ហាត់បង្រៀន​ពី ក្រុមការងារ​ជលផល និង​បាន​បន្ត​ទិញ​កូន​ត្រី ដើម្បី​ចិញ្ចឹម​ម្តងទៀត ក្នុង​ឆ្នាំ​១៩៩៨ ក្នុង​ចំនួន​កូន​ត្រី​ដដែល​។ ចាប់ពី​ពេល​នោះ​លោក​មានបទពិសោធន៍ ហើយ​ក៏​មិន​មាន​បញ្ហា​អ្វី​កើតឡើង បន្ត​ទៀត​ទេ​។ ហើយ​ក្នុង​ឆ្នាំ​២០០០ លោក​ត្រូវ​បាន​បន្ត​ណែនាំ​ឱ្យ​រៀន​បង្កាត់​ពូជ​ត្រី និង​ភ្ញាស់​ផង​ដែរ លោក​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យទៅ​រៀន​នៅ​ប្រទេស​ផ្សេង​ទៀត​។

ដូចនេះ​ក្នុង​ឆ្នាំ​២០០៤ លោក​បាន​ទៅ​រៀន នៅ​ក្នុង​ប្រទេស​ថៃ និង​បន្ត​ទៅ​រៀន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។ បច្ចុប្បន្ន លោក​លក់​តែ​កូន​ត្រី​ដែល លោក​បាន​បង្កាត់​នោះ​ទេ ពូជ​ត្រី​ខ្លះ​យក​មក​ពី​ក្រៅប្រទេស ហើយ​យក​មក​បង្កាត់​ជាមួយ​ពូជ​ក្នុងស្រុក​។ លោក​បាន​បន្ថែម​ថា កូន​ត្រី​ដែល​បង្កាត់​ហើយ​និង​ភ្ញាស់ ទម្រាំ​បាន​លក់​ទាល់តែ​មាន​អាយុ ពីរ​ខែ​ឡើង​ទៅ​ទើប​លោក​លក់​ឱ្យ​អតិថិជន និង​ត្រី​ដែល​វា​ធំ​អស់ និង​អាច​លក់​បាន​ត្រូវ​ចិញ្ចឹម យ៉ាងតិច​ណាស់​ក៏​៥​ខែ​ឡើង​ទៅ​ទើប​អាច​លក់​បាន​។ អតិថិជន​របស់​លោក ភាគច្រើន​មក​ពី​បណ្តា​ខេត្ត​ជិត​ៗ ដូច​ជាតា​កែវ កំពង់​ឆ្នាំ កំពង់ស្ពឺ និង​កំពត​ជាដើម​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ